អានតួអត្ថបទ
នយោបាយ

គណបក្ស «រាជានិយម» ក្នុង​ដំណើរ​ដ៏​លំបាក​ចេញ​ពី​ភាពខ្ទេចខ្ទាំ

ក្រោយ​ការបែកបាក់​ដ៏​ខ្ទេចខ្ទាំ​ដែល​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម​ស្ទើរ​តែ​បាត់​ស្រមោល​ពី​ឆាក​នយោបាយ​ខ្មែរ​នោះ​មក ឥឡូវ​នេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណក្ស​ជាតិនិយម​ដែល​ជា​បំណែក​សេសសល់​ពី​ការបែកបាក់​កំពុង​បោះដៃ​រក​គ្នា​ដើម្បី​ស្រោចស្រង់​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ។ ក៏​ដូចជា​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែរ បទ​ពិសោធន៍​នៃ​ការបែកបាក់ គឺ​ទទួល​បាន​លទ្ធផល​ចាញ់។ ប៉ុន្តែ ការប៉ុនប៉ង​រួបរួម​គ្នា​ឡើង​វិញ មិនមែន​ជា​ការងាយ​ស្រួល​ឡើយ។

លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ
លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែល​ទឹក​កំពុង​ចូល​ច្រមុះ​រៀងៗ​ខ្លួនៗ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​ដែល​ជា​អតីត​បងប្អូ​​គូ​សត្រូវ​ដ៏​ជូរចត់​នឹង​គ្នា​នោះ កំពុង​បោះដៃ​ដង្ហើយ​រកគ្នា​ដើម្បី​ស្រោចស្រង់​ស្ថានការណ៍។

គណបក្ស​ទាំង​ពីរ​ដែល​មាន​មេដឹកនាំ​ចេញ​ពី​ប្រភព​តែ​មួយ ពិត​ជា​បាន​ទទួល​មេរៀន​គ្រប់គ្រាន់​ពី​ការបែកបាក់។ ការ​បែកបាក់​ដែល​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម​ខ្ទាត​ចេញ​ពី​ភាពនាំមុខ​គេ​មក ជា​គណបក្ស​តូចតាច​មួយ​ដែល​តោង​កន្ទុយ​គេ​ស្ទើរ​តែ​មិន​ជាប់។ បទ​ពិសោធន៍​ដ៏​ជូចត់​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ភ្ញាក់រលឹក ហើយ​ស្រែក​ថា មាន​តែ​ការរួមគ្នា​ទេ​ដែល​អាច​ស្តា​ស្ថានការណ៍​របស់​ខ្លួន​ឡើង​វិញ​បាន​ខ្លះ។

តាមពិត​ពាក្យ​ថា «រួបរួម​គ្នា»​ក្នុង​ចំណោម​បក្ស​នយោបាយ​តូច​ៗ​ដែល​មាន​សំលេង​តិចតួច​ក្នុង​រដ្ឋសភា​មិនមែន​ជា​រឿង​ថ្មីថ្មោង​នោះ​ឡើយ​តែ​ពាក្យ​នេះ​គេ​ធ្លាប់​បាន​លឺ​ស្ទើរ​តែ​ស៊ាំ​ត្រចៀក​អស់​ទៅ​ហើយ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ជា​ពិសេស នៅ​ក្រោយ​ពេល​បោះឆ្នោត​ម្តងៗ​ដែល​លទ្ធផល​បញ្ជាក់​ថា ការបែកបាក់ គឺ​មាន​ន័យ​ស្មើ​នឹង​ចាញ់។ ករណី​គណបក្ស​ហ៊ុនស៊ិនប៉ិច​​ដែល​ក្លាយ​ពី​គណបក្ស​ឈានមុខ​គេ (៥៨​កៅអី កាល​ពី​ឆ្នាំ១៩៩៣)​មក​ជា​គណបក្ស​ដែល​នៅ​សល់​តែ ២​កៅអី​ប៉ុណ្ណោះ នា​ពេល​បច្ចុប្បន្ន គឺជា​មេរៀន​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ឆាក​នយោបាយ​ប្រទេស​កម្ពុជា។

ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​ដែល​ចេញ​ពី​ប្រភព​តែ​មួយ​ភ្ញាក់ព្រើត​ពី​សុបិន្ត ហើយ​បាន​មើលឃើញ​ការរួបរួម​ជា​ផ្លូវ​ចុងក្រោយ​តែ​មួយ​គត់​សម្រាប់​ពួកគេ​ក្នុង​ការសាកល្បង​ស្តា​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ។ ប៉ុន្តែ ពាក្យ​ថា «រួបរួម»​អាច​ងាយ​នឹង​និយាយ ហើយ​ក៏​ជា​ពាក្យ​មាន​ខ្លឹមសារ​ដ៏​សំខាន់​មួយ តែ​វា​មិនមែន​ងាយ​ស្រួល​នឹង​ធ្វើ​នោះ​ឡើយ។

មិនមែន​តែ​គណបក្ស​រាជានិយម​ទាំងពីរ​នោះទេ​ដែល​ពិបាក ប៉ុន្តែ គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ក៏មាន​ស្ថានភាព​មិន​ខុស​គ្នា​ដែរ។ តើ​អ្នកណា​ត្រូវ​ចូល​ជាមួយ​អ្នកណា? តើ​អ្នកណា​ត្រូវ​ឱន​លំទោន​ទៅ​រក​អ្នកណា? បើ​ម្នាក់ៗ​សុទ្ធ​តែ​ខ្លាំង​រៀងៗ​ខ្លួន។ នេះ គឺជា​ចំណោទ​បញ្ហា​ដែល​កើត​ឡើង​ពី​អំនួត​គ្មាន​ព្រំដែន និង​ជា​អំនួត​ក្រោម​ឥទ្ធិពល​នៃ​«មោហ៍បាំង​ជញ្ជាំង​បិទ»​របស់​អ្នកនយោបាយ​ខ្មែរ។

ជាក់ស្តែង គណបក្ស​រាជានិយម​ទាំងពីរ​ដែល​ទោះ​បី​ជា​ម្នាក់ៗ នៅ​សល់​តែ​ពីរ​កៅអី ក៏ដោយ ក៏​គណបក្ស​នីមួយៗ​នៅ​តែ​ប្រកាន់​ជំហរ​ខ្លាំង​តែ​រៀងៗ​ខ្លួន ដោយ​ចង់​ឲ្យ​ភាគី​ម្ខាង​ទៀត​មក​ចុះ​ចូល​ជាមួយ​ខ្លួន។ ស្ថានភាព​ដូចគ្នា​នេះ​ឯង​ដែល​ធ្វើ​ឲ្យ​ការប៉ុនប៉ង​រួបរួម​​គ្នា​នៃ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ទទួល​បរាជ័យ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។

សរុប​មក​វិញ ការរួបរួម​គ្នា​រវាង​គណបក្ស​តូចៗ​ដែល​នៅ​ក្រៅ​រដ្ឋាភិបាល (និយាយ​ជារួម​) និង​ការរួបរួម​គ្នា​រវាង​គណបក្ស​ជាតិនិយម និង​ហ៊្វុនស៊ិនប៉ិច (និយាយ​ដោយឡែក) នៅ​តែ​មានគុណ​តម្លៃ​ដ៏​វិសេស​សម្រាប់​តុល្យភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ន័យនេះ វា​មិន​ទាន់​ហួស​ពេល​ឡើយ បើ​ទោះ​បី​ជា វា​យឺត​ពេល​បន្តិច​ក៏​ដោយ។ ជាការពិត បើ​ទោះបី​ជា គេ​ពិបាក​នឹង​សង្ឃឹម​ថា ប្រជាប្រិយភាព​របស់​គណបក្ស​រាជានិយម​អាច​ឡើង​ដល់​កម្រិត​ឆ្នាំ​១៩៩៣​វិញ​ក៏ដោយ ក៏យ៉ាង​ហោច​ណាស់ ការរួបរួម​គ្នា​រវាង​គណបក្ស​ទាំងពីរ​អាច​ប្រែក្លាយ​ប្រជាប្រិយភាព​ពី​សញ្ញា​លេខ​ដក​មក​ជា​សញ្ញា​លេខ​បូក​វិញ​បាន​ដែរ។

ម្យ៉ាងទៀត អ្នកដឹកនាំ​គណបក្ស​ទាំងពីរ​នេះ​គួរ​យល់​ថា ប្រទេស​កម្ពុជា​កំពុង​ប្រកាន់​យក​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ ដូច្នេះ​ការស្រុតចុះ​ដល់​បាដាល​នៃ​ប្រជាប្រិយភាព​របស់​គណបក្ស​«រាជានិយម» គឺពិត​ជា​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​នោះ​ឡើយ។ អ៊ិចឹងហើយ ការភ្ញាក់​រលឹក ហើយ​ខិតខំ​ដើរ​ចេញ​ពី​ភាពខ្ទេចខ្ទាំ តាមរយៈ​ការបង្រួប​បង្រួម គឺជា​ជម្រើស​តែ​មួយ​គត់​ដែល​អ្នក​តាំង​ខ្លួន​ថា «រាជានិយម»​ត្រូវ​តែ​ដើរ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្រ្ត​ក្នុង​ឋានៈ​ជា​អ្នក​សម្លាប់​គណបក្ស​រាជានិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ