អានតួអត្ថបទ
កម្ពុជា

តម្លៃ​ស្រូវ​នឹង​ធ្លាក់​ថ្លៃ​នៅ​រដូវ​ច្រូត​កាត់​ឆ្នាំ​នេះ

អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការ​លើ​វិស័យ​កសិកម្ម​បាន​បង្ហើប​ថា​តម្លៃ​ស្រូវ ដែល​ត្រូវ​ប្រមូល​ផល​ក្នុង​រដូវ​ច្រូត​កាត់​នេះ អាច​នឹង​ត្រូវ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយសារ​តែ​ទិន្នផល​ស្រូវ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​ ២០១៥។ ការ​ទស្សទាយ​ពី​តម្លៃ​ស្រូវ​នេះ ធ្វើ​ឡើង​ចំ​ពេល​ការ​ប្រមូល​ស្រូវ​វស្សា​កំពុង​តែ​ប្រព្រឹត្តិ​ទៅ។

ការ​បង្ក​បង្កើន​ផល​ស្រូវ​តាម​ទម្លាប់​របស់ក​សិករ​ខ្មែរ​នៅ​ទីជ​នបទ​
ការ​បង្ក​បង្កើន​ផល​ស្រូវ​តាម​ទម្លាប់​របស់ក​សិករ​ខ្មែរ​នៅ​ទីជ​នបទ​ @internet
ផ្សាយពាណិជ្ជកម្ម

លោក​សម វិទូ ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា CEDAC បាន​បញ្ជាក់​ថា តម្លៃ​ស្រូវ​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​វិញ ពោល​គឺ​វា​មិន​អាច​ឡើង​លើស​ពី​ ១០០​រៀល​ទេ សម្រាប់​ប្រភេទ​ស្រូវ​ក្រអូប ដូច​ជា​ស្រូវ​ផ្កាម្លិះ និង​ផ្កា​រំដួល​ជា​ដើម។

លោក​បន្ថែម​ថា​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​សំខាន់ ទាក់​ទង​នឹង​ការ​បញ្ចេញ​ទុន​ទប់​ស្កាត់​ការ​ធ្លាក់​ថ្លៃ​ស្រូវ និង​ត្រូវ​ទិញ​ស្រូវ​ទុក ចំណែក​កសិករ មិន​ត្រូវ​បង្ខំ​លក់​នៅ​រដូវ​នេះ​ទេ គាត់​អាច​ស្តុប​ទុក​រហូត​ដល់​ខែ​ឧសភា ​ឬ​ខែ​មិថុនា ដើម្បី​លក់​ចេញ​។

ចំណែក​លោក​ហ៊ឹម ខទៀត អ្នក​នាំ​ពាក្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ទន្និផល​ស្រូវ​ឆ្នាំ​នេះ​នឹង​លើស​ពី​ឆ្នាំ​មុន ដោយសារ​តែ​ភ្លៀង​ល្អ ហើយ​ស្រូវ​ធ្វើ​បាន​គ្រប់​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា តម្លៃ​ស្រូវ​អាច​នឹង​ធ្លាក់​ចុះ​តិច​តួច​តាម​ទ្រឹស្តី​សេដ្ឋកិច្ច តែ​បើ​តម្រូវ​ការ ឬ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើន​នោះ​គេ​អាច​ទប់​តម្លៃ​ស្រូវ​មិន​ឲ្យ​ធ្លាក់​ចុះ​បាន។ ចំពោះ​ស្រូវ​ស្ងួត​បច្ចុប្បន្ន គឺ​មាន​តម្លៃ​ប្រមាណ​ ៩០០​រៀល សម្រាប់​ផ្ការំដួល និង​ផ្កា​ម្លិះ ដែល​អាច​មាន​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​ ១០០​រៀល។ នេះ​បើ​តាម​អ្នក​នាំពាក្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។​

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក​ឡោ រស្មី​បាន​បញ្ជាក់​ថា​ការ​ប្រមូល​ផល​ស្រូវ​ដើម​រដូវ​វស្សា បាន​ប្រមាណ​ ៦៦២​ពាន់​ហិកតា លើ​ផ្ទៃ​ដី​ប្រមាណ​ ២​លាន​៥៩៧​ពាន់​ហិកតា ហើយ​បរិមាណ​ទិន្នផល​កើន​ឡើង​លើស​ពី​ឆ្នាំមុន។ លោក​បន្ថែម​ថា​បញ្ហា​ធ្លាក់​ថ្លៃ​ស្រូវ​នេះ គឺ​តែង​តែ​កើត​ឡើង​ជា​រៀង​រាល់​ពេល​ប្រមូល​ផល​ស្រូវ ហើយ​ក្រសួង​នឹង​ប្រជុំ​ចាត់​វិធានការ​នៅ​ក្នុង​សប្តាហ៍នេះ​។ ប៉ុន្តែ​ក្រសួង​កសិកម្ម​ក៏​ដូចជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​កសិករ​ហាល​ស្រូវ​ឲ្យ​ស្ងួត ហើយ​ទុក​ដាក់​សម្រាប់​លក់​នៅ​ពេល​ដែល​តម្លៃ​ស្រូវ​កើន​ឡើង​វិញ។

សូម​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ចុង​ខែ​កញ្ញា បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​ ២៧​លាន​​ដុល្លារ​អាមេរិក ដើម្បី​សង្រ្គោះ​តម្លៃ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ធ្លាក់​ថ្លៃ។ ក្រោយ​ពី​ពេល​ទម្លាក់​កញ្ចប់​ថវិកា​នេះ​រដ្ឋាភិបាល ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទិញ​អង្ករ ដើម្បី​ឲ្យ​រោង​ម៉ាស៊ីន​អាច​មាន​លទ្ធភាព​ទិញ​ស្រូវ​បាន​ច្រើន​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ