មុនខួប១៥ឆ្នាំ៖ ការអំពាវនាវឲ្យផ្តល់យុត្តិធម៌ដល់ លោក ជា វិជ្ជា បានលាន់ឮជាថ្មីទៀត
លោក រ៉ុង ឈុន ជាអតីតមិត្តភ័ក្តជិតស្និទរបស់ លោក ជា វិជ្ជា បានអំពាវនាវជាថ្មីម្តងទៀតឲ្យស្វែងរកឃាតករពិត និងអ្នកពាក់ព័ន្ធមកកាត់ទោស ដើម្បីផ្តល់យុត្តិធម៌ដល់អតីតប្រធានសហជីពសេរីកម្មកររូបនេះ។ ការអំពាវនាវនេះ ធ្វើឡើងមុនពេលដែលសហជីពសេរី និងសកម្មជនសហជីពជិត២០០នាក់ គ្រោងជួបជុំគ្នារំឭកខួប១៥ឆ្នាំ នៃការបាញ់សម្លាប់ លោក ជា វិជ្ជា នៅក្បែរវត្តល័ង្កា កាលពីឆ្នាំ២០០៤។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៩
បើទោះបីជា១៥ឆ្នាំកន្លងផុតទៅ ឃាតករពិតនៅមិនទាន់ត្រូវបាននាំមកកាត់ទោសក៏ដោយ ក៏លោក រ៉ុង ឈុន មិនអស់សង្ឃឹមឡើយ។ អតីតមិត្តភ័ក្តជិតស្និទរបស់ លោក ជា វិជ្ជារូបនេះ បានអំពាវនាវជាថ្មីម្តងទៀត ឲ្យស្វែងរកឃាតករពិត និងអ្នកពាក់ព័ន្ធមកកាត់ទោស ដើម្បីផ្តល់យុត្តិធម៌ដល់ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់ទាំងព្រឹក នៅគ្រាដែលលោកកំពុងអង្គុយអានកាសែតនៅក្បែររបងវត្តល័ង្កា កណ្តាលទីក្រុងភ្នំពេញ កាលពីឆ្នាំ២០០៤។
មកទល់ពេលនេះ នៅមិនទាន់រកឃើញជនដៃដល់ និងអ្នកពាក់ព័ន្ធត្រូវនាំមកកាត់ទោសនៅឡើយ ខណៈបុរសពីរនាក់ ប៊ន សំណាង និង សុខ សំអឿន ត្រូវបានដោះលែងវិញក្រោយរកមិនឃើញកំហុស បន្ទាប់ពីជាប់ពន្ធនាគារជិត១០ឆ្នាំ។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សំណុំរឿងឃាតករកម្មដ៍រសើប និងល្បីរន្ទឺមួយនេះនៅមិនទាន់បិទបញ្ចប់ទេ។ ជាមួយគ្នានោះ រដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មការពិសេសមួយកាលពីខែមិថុនាឆ្នាំ២០១៥ ដើម្បីបន្តស៊ើបអង្កេត ករណី លោកជា វិជ្ជា និងមេដឹកនាំសហជីពពីររូបផ្សេងទៀត គឺ លោក ហ៊ី វុទ្ធី និងលោករស់ សុវណ្ណារ៉េត។ សមាសភាពគណៈកម្មការពិសេសនេះ មានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌។តែមកទល់ពេលនេះនៅមិនទាន់មានតម្រុយអ្វីថ្មីដែលត្រូវបានរកឃើញនៅឡើយ។
សម្រាប់ខួបលើកទី១៥ឆ្នាំនៅឆ្នាំ២០១៩នេះ សហជីពសេរីកម្មករ បានដាក់លិខិតជូនដំណឹងរួចហើយទៅសាលាក្រុងភ្នំពេញ ដោយគ្រោងជួបជុំសកម្មជនសហជីព និងសាច់ញាត្តិជនរងគ្រោះជិត២០០នាក់។ ជាការជួបជុំនៅមុខរូបសំណាករបស់ លោក ជា វិជ្ជា នៅលើសួនច្បារខាងលិចវិមានឯករាជ្យក្បែរទីតាំងដែលកើតហេតុ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ