អានតួអត្ថបទ
កម្ពុជា

មាន​​ជន​ភៀសខ្លួន​​តែ​៤នាក់​​ប៉ុណ្ណោះ​​ដែល​​ស្ម័គ្រចិត្ត​​មក​​កម្ពុជា​​ជា​​ផ្លូវការ​

បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី២០ ឧសភា​កន្លងទៅ នៅ​ពេល​នេះ​​ក្រុមការងារ​ផ្នែក​ជនភៀសខ្លួន​របស់​ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​នីតិវិធី និង​កន្លែង​ស្នាក់នៅ​សម្រាប់​ភៀសខ្លួន៤នាក់​ដែល​ស្ម័គ្រចិត្ត​មក​តាំងទីលំ​​នៅ​ថ្មី​នៅ​កម្ពុជា។​ យ៉ាង​ណា​ក៏​ដោយ​ ក្រសួងមហាផ្ទៃ មិនទាន់​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ ថា​តើ​ជនភៀសខ្លួន​​ទាំង​នោះ​​នឹង​មកដល់​កម្ពុជា​នៅពេលណា។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាស មកពី​ភូមា នៅក្បែរឆ្នេរ ប្រទេស​ឥណ្ឌូណេស៊ី
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាស មកពី​ភូមា នៅក្បែរឆ្នេរ ប្រទេស​ឥណ្ឌូណេស៊ី REUTERS
ផ្សាយពាណិជ្ជកម្ម

ការព្រម​ទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នេះ គឺជា​ផ្លែផ្កា​នៃ​កិច្ចព្រមព្រៀង​មួយ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​អូស្ត្រាលី​ក្នុងការ​បញ្ជូន និង​ទទួលយក​ជនភៀសខ្លួន​ចំនួន១ពាន់​នាក់​ពី​កោះ​ណៅ​រុ មក​តាំង​ទីលំនៅ​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​ទី២៦ កញ្ញា ឆ្នាំ២០១៤​កន្លង​ទៅ។​ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​សង្គម​ស៊ីវិល មន្ត្រី​បក្សប្រឆាំង និង​ប្រជាពលរដ្ឋ​មួយចំនួន​តវ៉ា​ជំទាស់។ ក្រុមអ្នកតវ៉ា បាន​លើកឡើងថា កម្ពុជា​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​នៅឡើយ​ទេ ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​ទាំងនោះ ហើយ​បាន​ចោទ​រដ្ឋាភិបាល​ថា ការចុះ​កិច្ច​ព្រម​ព្រៀង​​នេះ គឺ​ដើម្បី​ជា​ថ្នូរ​ទៅនឹង​ទឹកប្រាក់៣៥លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​អូស្ត្រាលី។

ជាការ​ឆ្លើយតប រដ្ឋាភិបាល​កម្ពុជា បាន​ទាត់ចោល​នូវ​ការចោទប្រកាន់​នេះ ហើយ​ថា ការព្រម​ទទួលយក​ជនភៀសខ្លួន​អូស្ត្រាលី គឺធ្វើឡើង​តាម​អនុសញ្ញា​អន្តរជាតិ គោលការណ៍​មនុស្ស​ធម៌​ និង ធ្វើឡើង​តាម​ការស្ម័គ្រចិត្ត​របស់​ជនភៀសខ្លួន​តែប៉ុណ្ណោះ។ ទោះជា​មានការ​តវ៉ា ទាំង​រដ្ឋាភិបាល​កម្ពុជា និង អូស្ត្រាលី​នៅតែ​អះអាងថា នឹង​នៅតែ​កាន់​ដៃ​គ្នា អនុវត្តតាម​​កិច្ចព្រម​ព្រៀង​​នេះ​ដដែល។ ជាមួយនឹង​ការប្តេជ្ញា​នេះ កាល​ចុងខែ​មីនា ឆ្នាំ២០១៥ រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តោប្រវេសន៍​​មួយ​​បន្ថែម​ទៀត។

ក្រោយមក​ព័ត៌មាន​នេះ​បាន​ស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​មិនបាន​យូរ​នោះទេ ក៏ត្រូវ​បាន​គាស់​កកាយ​ឡើងវិញ​ដោយ​បណ្តាញ​ព័ត៌មាន​អូស្ត្រាលី។ គឺ​នៅ​អំឡុង​ពាក់កណ្តាល​ខែមេសា បណ្តាញ​ព័ត៌មាន​ទាំងនោះ បាន​ទម្លាយ​ព័ត៌មាន​នៃ​ការបញ្ជូន​ជនភៀសខ្លួន​មក​កម្ពុជា​ចំនួន១០នាក់​នៅ​ថ្ងៃទី២០ មេសា។ ភ្លាមៗ រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ហើយ​ថែមទាំង​បាន​បញ្ជូន​ក្រុម​ការ​ងារ​​​របស់ខ្លួន​ទៅកាន់​កោះ​ណៅ​រុ ដើម្បី​ស្វែងរក​អ្នកស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា​ទៀតផង។ ​កាពី​ព្រហស្បតិ៍​ទី២១ ឧសភា ព័ត៌មាន​ដ៏​រសើប​នេះ បាន​ក្លាយជា​បច្ចុប្បន្នភាព​ដែល​មហាជន​កំពុង​ចាប់អារម្មណ៍។ នោះ​គឺ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ បានបញ្ជាក់ និង​ព្រម​ទទួលយក​ជនភៀសខ្លួន​នោះ​ចំនួន៤នាក់ ជា​ផ្លូវការ។

បើតាម​ក្រសួងមហាផ្ទៃ ជនភៀសខ្លួន​ទាំង៤នាក់​នោះ ម្នាក់​ជា​ជនជាតិ​រូ​ហ៊ីង​យ៉ា មកពី​ប្រទេស​មី​យ៉ាន់​ម៉ា និង៣នាក់​ទៀត ជា​ជនជាតិ​អ៊ីរ៉ង់​ហើយ​ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី។ លោក​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិនបាន​បញ្ជាក់ថា ជនភៀសខ្លួន​ទាំង៤នាក់ នឹងមក​ដល់​កម្ពុជា​នៅពេលណា ហើយនឹង​ត្រូវ​ឲ្យ​រស់នៅ​នៅ​កន្លែង​ណា​នោះទេ។

ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​ ធ្លាប់បាន​គូសបញ្ជាក់ថា ក្រុម​ដំបូង​នៃ​ជនភៀសខ្លួន​អូស្ត្រាលី​នឹងត្រូវ​រៀបចំ​ឲ្យ​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ មុន​បញ្ជូនទៅ​ឲ្យ​រស់នៅ​នៅក្រៅ​ទីក្រុង។ ទោះបី​កម្ពុជា​មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការមកដល់​ជនភៀសខ្លួន​នោះ​មែន ប៉ុន្តែ​សារព័ត៌មាន​ABC របស់​អូស្ត្រាលី បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ជនភៀសខ្លួន​ទាំង៤នាក់​នេះ ត្រូវបាន​ដឹកបញ្ជូន​ចេញ ពី​កោះ​ណៅ​រុ ហើយ​នៅពេលនេះ​កំពុង​ត្រៀម​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ