អានតួអត្ថបទ
កម្ពុជា

ACU ស្វែងរក​ការបំភ្លឺ ចំពេល​លោក​រៀល ខេ​ម​រិ​ន្ទ្រ នៅក្រៅ​ប្រទេស

លោក​រៀល ខេ​ម​រិ​ន្ទ្រ តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចោទ​ពីបទ​កេងប្រវ័ញ្ច​យកប្រាក់​ចំនួន ៥ម៉ឺន៥ពាន់​ដុល្លារ ពី​ការរៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន។ ការលើកឡើង​នេះ ត្រូវបាន​បង្ហាញ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅក្នុង​លិខិត​ចំហរ​មួយ ផ្ញើរ​សុំ​ការបំភ្លឺ ពី​លោក​រៀល ខេ​ម​រិ​ន្ទ្រ ចុះ​ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០១៥ តែ​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ១១សីហា​នេះ។ លោក​រៀល ខេ​ម​រិ​ន្ទ្រ នៅ​មិនទាន់ បាន​ឆ្លើយតប ពី​បញ្ហា​នេះ​នៅឡើយ​ទេ ដោយសារ​លោក​មាន​បេសកកម្ម​នៅក្រៅ​ប្រទេស។ ប៉ុន្តែ​លោក​អ៊ូ ចន្ទ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​ចំពោះ​លិខិត​នេះ។

លោករៀល ខេមរិន្រ្ទ​ រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋកម្ពុជា​ និង​វៀតណាម​នៅ​ចំណុច​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​
លោករៀល ខេមរិន្រ្ទ​ រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋកម្ពុជា​ និង​វៀតណាម​នៅ​ចំណុច​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​ @Real Camerin
ផ្សាយពាណិជ្ជកម្ម

ចំពេល​ដែល​កម្តៅ​នយោបាយ និង​បញ្ហា​ព្រំដែន រវាង​កម្ពុជា-វៀតណាម កំពុងតែ​ពុះ​ក​ញ្ច្រោ​ល ស្រាប់តែ​នៅពេលនេះ លោក​រៀល ខេ​ម​រិ​ន្ទ្រ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ចេញ​មុខ​ចេញ​មាត់ ក្នុង​ការនាំ​មនុស្ស​ទៅពិនិត្យ​មើល​បង្គោល​ព្រំដែន ​រង​ការចោទ​ប្រកាន់​ថា​បាន​កេងប្រវ័ញ្ច ប្រាក់​ចំនួន ៥ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក ពី​ការរៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​​ព្រំដែន​កាលពីពេលថ្មីៗនេះ។

សេចក្តី​សង្ស័យ​នេះ បាន​កើតឡើង​តាមរយៈ​ការសុំ​ការបំភ្លឺ​របស់លោក​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ទៅកាន់​លោក​រៀល ខេ​ម​រិ​ន្ទ្រ បន្ទាប់ពី​លោក​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន ៣ដោយ​សំងាត់​ថា តំណាង រាស្ត្រ​បក្សប្រឆាំង​រូបនេះ បាន​កេង​ប្រវ័ញ្ច​យកប្រាក់​របស់​ពួកគេ ដែល​គ្រោង​យកទៅ​ចំណាយ​លើ​ការរៀបចំ ដំណើរ​ទៅពិនិត្យ​បង្គោល​​ព្រំដែន។

ដោយសារ​លោក​រៀល ខេ​ម​រិ​ន្ទ្រ ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស មកដល់ពេលនេះ នៅ​មិនទាន់មាន​ការបំភ្លឺ​ជាក់លាក់ ចំពោះ​ការចោទប្រកាន់​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​អ៊ូ ចន្ទ​រិ​ទ្ធ អ្នកនាំពាក្យ​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង។ ភ្ញាក់ផ្អើល ព្រោះ​លោក​យល់ថា នេះ​មិនមែនជា​សមត្ថកិច្ច​រប​ស់ ACU ដែល​គួរ​ចាត់ការ​រឿងនេះ ដោយសារ​នេះ​វា​មិនមែនជា​រឿង​ពុករលួយ តែ​ជា​រឿង​កេងប្រវ័ញ្ច។ តាម​លោក​អ៊ូ ចន្ទ​រិ​ទ្ធ មកដល់ពេលនេះ ខាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នៅ​មិនទាន់​ទទួលបាន​លិខិត​នេះ ជា​ផ្លូវការ​នៅឡើយ​ទេ គ្រាន់តែ​ឃើញ​តាម​ការផ្សព្វផ្សាយ​តែប៉ុណ្ណោះ។ 

ចំពោះ​លោកស្រី​យោ​ម បុ​ប្ឋា ដែលជាគូដណ្តឹងរបស់​លោក​រៀល ខេ​ម​រិ​ន្ទ្រ បាន​ប្រាប់​វិទ្យុ​បារាំង​ថា នេះ​គ្រាន់តែ​ជាការ​ប​ង្ខួ​ច​កិត្តិយស​ដល់​លោក​រៀល ខេ​ម​រិ​ន្ទ្រ​តែប៉ុណ្ណោះ ដោយសារ​លោក​មាន​សក​ម្ម​ភាព​ច្រើន ក្នុង​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ហើយ​បញ្ហា​នេះ កំពុងតែ​ឡើងក​ម្តៅ​ខ្លាំង​។ លោកស្រី បាន​បញ្ជាក់ថា លិខិត​ចោទប្រកាន់ មិនមាន​ឈ្មោះ​អ្នកចោទ ដូច្នេះ​រាល់​ការ​ក្លែងបន្លំ គឺ​នរណា​ក៏​អាចធ្វើ​បានដែរ។

សូមបញ្ជាក់ថា នេះ​មិនមែនជា​ការចោទប្រកាន់​របស់ ACU នោះទេ។ ការចេញលិខិត​នៅ​ពេល​នេះ គឺ​គ្រាន់តែ​ជា​ការសុំ​ការបំភ្លឺ​ពី​លោក​រៀល ខេ​ម​រិ​ន្ទ្រ តែប៉ុណ្ណោះ។ ក្នុង​លិខិត​របស់ ACU បានស្នើ​ឲ្យ​លោក​រៀល ខេ​ម​រិ​ន្ទ្រ ធ្វើការ​បំភ្លឺ​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​នានា សម្រាប់​​បញ្ជាក់ ដើម្បី ACU ធ្វើការ​វាយតម្លៃ មុននឹង​សម្រេច​បន្ត​នីតិវិធី​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ