អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ត្រូវ​បាន​ក្រុម​ហ៊ុន​យន្ត​ហោះ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ឡើង​យន្ត​ហោះ នៅ​វិនាទី​ចុង​ក្រោយ​

ដូច​ការ​គ្រោង​ទុក លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​វ៉ាលី​ឡើង​យន្ត​ហោះ​ពី​ប្រទេស​បារាំង​មក​កាន់​ប្រទេស​ថៃ​នៅថ្ងៃទី ០៧ វិច្ឆិកានេះ ក៏​ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ Thai Airways មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ឡើង​ជិះ​យន្ត​ហោះ​ឡើយ​។ 

លោក សម រង្ស៊ី ត្រូវបានមិនអនុញ្ញាតឲ្យធ្វើដំណើរទៅប្រទេសថៃ ដើម្បីត្រៀមចូលមកកម្ពុជានាថ្ងៃ៩វិច្ឆិកា
លោក សម រង្ស៊ី ត្រូវបានមិនអនុញ្ញាតឲ្យធ្វើដំណើរទៅប្រទេសថៃ ដើម្បីត្រៀមចូលមកកម្ពុជានាថ្ងៃ៩វិច្ឆិកា @FB
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​រាយ​ការណ៍ លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រលាន​យន្ត​ហោះ Charles De Gaulle ប្រទេស​បារាំង​នា​ល្ងាច​ថ្ងៃទី ០៧ វិច្ឆិកានេះ ដោយ​មាន​អ្នក​ហែរ​ហម​រាប់​សិប​នាក់​។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ជូន​ពរ​ពី​អ្នក​គាំទ្រ ក្នុង​នោះ​រួម​មាន​ទាំង​ព្រះ​សង្ឃ​ផង លោក សម រង្ស៊ី ដែល​ហៀប​នឹង​ឡើង​យន្ត​ហោះ​ទៅ​ហើយ​នោះ ត្រូវ​បាន​ភាគី​ខាង​ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ Thai Airways ប្រាប់​ថា មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ឡើង​ជិះ​យន្ត​ហោះ​ឡើយ​។ នៅ​ក្នុង​សន្និ​សីទ​កាសែត​នៅ​ឯព្រលាន​យន្ត​ហោះ​ក្នុង​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ថ្លែង​ថា ក្រុម​ហ៊ុន​យន្ត​ហោះ​ថៃ មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​យន្ត​ហោះ​នោះ​ឡើយ ដោយ​សារ​មាន​គំនាប​។ យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នៅ​តែ​ប្តេជ្ញា​ចិត្ត​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ពេល​ខាង​មុខ ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​។

គួរ​ជំរាប​ជូន​ថា បើ​តាម​គម្រោង លោក សម រង្ស៊ី ត្រូវ​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៧ វិច្ឆិកានេះ ហើយ​ត្រូវ​ទៅ​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​សុក្រ ទី០៨ វិច្ឆិកា ដើម្បី​ត្រៀម​ចូល​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃសៅរ៍ ទី០៩ វិច្ឆិកា ចុង​សប្តាហ៍​នេះ​។ យ៉ាង​ណា​ក៏​ដោយ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា លោក សម រង្ស៊ី បាន​ប្តូរ​ជើង​ហោះ​ហើរ​របស់​ខ្លួន ពីថ្ងៃទី ០៧ ទៅថ្ងៃទី ០៩ វិច្ឆិកា វិញ ដោយ​ហោះ​ចេញ​ពី​ទីក្រុង​ប៉ារីស ទៅ​កាន់​ប្រទេស​ថៃ​។ ទាក់​ទង​នឹង​ព័ត៌មាន​នេះ លោក សម រង្ស៊ី បាន​ច្រាន​ចោល​ទាំង​ស្រុង ប៉ុន្តែ​គេហ​ទំព័រ​ក្រុម​ហ៊ុន Thai Airways បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក សម រង្ស៊ី ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​មែន​។

ពី​ខាង​រដ្ឋា​ភិបាល​កម្ពុជា​វិញ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ព្រមាន​ក្រុម​ហ៊ុន​អាកាសចរណ៍ ឬ​អ្នក​បើក​យន្តហោះ​ណា​ម្នាក់ ​ដែល​ហ៊ាន​ដឹក​លោក សម រង្ស៊ី ចូល​មក​ប្រទេស​កម្ពុជា នឹង​ត្រូវ​ចោទ​ប្រកាន់​ពីបទ​សម​គំនិត​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ