អានតួអត្ថបទ
កម្ពុជា-នយោបាយ

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដែល​គាំទ្រ​បក្ស​ប្រ​ឆាំង​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​

ដូចការ​គ្រោង​ទុក​ក្រុម​ពលរដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​គឺ​ជា​យុវជន​ដែល​គាំទ្រ​គណ​បក្ស​ប្រឆាំង​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅថ្ងៃ​អាទិត្យ​នេះ​នៅ​កូរ៉េ​ខាង​ត្បូង​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​២០០​នាក់​។​ ជា​បាតុកម្ម​ដែល​ត្រូវ​បាន​អ្នក​រៀប​ចំ​អះអាង​ថា ដើម្បី​បង្ហាញ​ទៅ​​សហគមន៍​អន្តរ​ជាតិ​ពី​បញ្ហា​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា និង​ទាម​ទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​។

ទិដ្ឋភាពក្បួនបាតុកម្មរបស់​ពលរដ្ឋ​ខ្មែរ​​នៅកូរ៉េ​ខាង​ត្បូង
ទិដ្ឋភាពក្បួនបាតុកម្មរបស់​ពលរដ្ឋ​ខ្មែរ​​នៅកូរ៉េ​ខាង​ត្បូង @Yim Sinorn
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​ក្រុង​ភូសាន់ ប្រទសកូរ៉េ​ខាង​ត្បូង​ដែល​មាន​គ្នា​ប្រមាណ​ជាង​២០០​នាក់​(បើ​តាម​អ្នក​រៀបចំ)​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ស្រប​ពេល​ប្រទេស​កូរ៉េ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កូរ៉េ​នៅថ្ងៃ​ចន្ទ​ស្អែក​នេះ។

លោក យឹម ស៊ីណន ជាអ្នករៀប​ចំបាតុកម្ម​នេះ​បានថ្លែងថា ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ចង់​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ពីបញ្ហា​កំពុង​កើត​ឡើង​នៅប្រទេស​កម្ពុជា ដែល​មានការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​លោក សម រង្ស៊ី ត្រូវ​និរទេសខ្លួន​។ ​បើ​តាម​ លោក យឹម ស៊ីណន បាតុកម្ម​នេះ​ក៏​ទាម​ទារ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅពេល​ខាង​មុខ​ផង​ដែរ​។

សូមបញ្ជាក់ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានលុប​ចោល​គម្រោង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​កូរ៉េ​​ នៅពេលនេះ​ដោយ​សារ​​តែ​​ម្ដាយ​ក្មេក​របស់​លោក​កំពុង​ស្ថិត​នៅ​សង្គ្រោះ​បន្ទាន់ និង​ពិនិត្យ​ឃើញ​ថា ពិបាក​នឹង​សង្គ្រោះ​បាន។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​អះអាង​ថា ចំនួន​បាតុករ​ដែល​ធ្វើ​បាតុកម្ម​​គឺ​តិច​ជាង​ចំនួន​ពលរដ្ឋ​ដែល​គាំទ្រ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថ្លែងថា​អ្នក​ដែល​ធ្វើ​បាតុកម្មគឺ​ជាអ្នក​ដែល​មិន​យល់​ពី​លទ្ធិ​ប្រជា​ធិប​តេយ្យ។ លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ដែល​លោក សុខ ឥសាន អះអាង​ថា បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​ទាំង​នោះ​បាន​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​ដូច​ពេល​នេះ​។

យ៉ាងណាក៏​ដោយ លោក យឹម ស៊ីណន ជា​អ្នក​រៀប​ចំបាតុ​កម្ម​បាន​ថ្លែង​ថា ចំនួន​មនុស្ស​ចូល​រួម​តិច​ឬ​ច្រើន​មិន​សំខាន់​នោះទេ​។ ​អ្វី​ដែល​សំខាន់​គឺ​ខ្លឹម​សារ​នៃ​បាតុកម្ម​ ដែល​ទាមទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឲ្យ​រស់​ឡើង​វិញ​នៅ​កម្ពុជា។

ទោះជា​យ៉ាង​ណា ការ​ដែល​ចំនួន​បាតុករ​ចូល​រួម​តិច​នៅ​ពេល​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅកូរ៉េ​លើក​នេះ ត្រូវ​បាន​គេមើល​ឃើញ​ថា ទំនង​មក​ពី​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅប្រទេស​នេះ​មាន​ការ​បែង​ចែក​គ្នា​ពីរ​ក្រុម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ