អានតួអត្ថបទ
កម្ពុជា

តុលាការ​កម្ពុជា​ចេញ​ដីកា​នាំ​ខ្លួន​លោក​ជុន ច័ន្ទ​បុត្រ

នៅ​ថ្ងៃ​ទី​០២ ឧសភា​នេះ គឺជាថ្ងៃលោក​ជុន ច័ន្ទបុត្រ​នាយករង​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសារ​ខ្មែរ​ចូល​បំភ្លឺ​ក្នុងនាម​ជា​ជន​សង្ស័យ ខណៈ​ដែល​នាយករង​វិទ្យុអាស៊ី​សេរី​រូប​នេះ បាន​ចាក​ចេញ​ទៅ​សហរដ្ឋអាមេរិក​វិញ។ ក្រោយ​ការបំភ្លឺ​របស់​មេធាវី​ អយ្យការ​អមសាលា​ដំបូង បាន​ចេញ​ដីកា​ឱ្យលោក​ជុន ច័ន្ទបុត្រ​ចូល​ខ្លួន។

លោកជុន ច័ន្ទបុត្រ នាយករងវិទ្យុ​អាស៊ីសេរី​ប្រចាំ​នៅកម្ពុជា
លោកជុន ច័ន្ទបុត្រ នាយករងវិទ្យុ​អាស៊ីសេរី​ប្រចាំ​នៅកម្ពុជា facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ដោយ​ឱ្យ​អាជ្ញាធរ​ប្រើ​ប្រាស់​កម្លាំង​សាធារណៈ​បង្ខំ​ឱ្យ​លោក​ជុន ច័ន្ទ​បុត្រ បង្ហាញ​ខ្លួន​នៅតុលាការ​ភ្លាម ខណៈ​ដែល​អនុ​ប្រធានវិទ្យុ​អាស៊ី​សេរី​រូប​នេះ ទើប​តែ​ត្រឡប់​ទៅ​ដល់​សហរដ្ឋអាមេ​រិក​វិញ។ អយ្យការ​តុលាការ​បានសំអាង​ពីមូល​ហេតុថា ​ដោ​យសារ​តែការ​គេចវេស​របស់​លោក​ហួត ឃីន​វុទ្ធី​ចំពោះ​សវនាការ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​០២ ឧសភា​នេះ​ដែល​ជាសវនាការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការ​ចោទ​ប្រកាន់​ថា បាន​ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហុក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៩ មេសា​ ទើប​តុលាការ​ត្រូវ​តែ​ចេញ​ដីកា​នេះ​ដើម្បី​ជាវិធានការ​ធានា​និង​ផ្តល់​ប្រយោជន៍​ចំពោះ​ការស៊ើប​អង្កេត។  

ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី​ បាន​លើក​ឡើង​ថា សកម្មភាព​របស់​លោក​ជុន ច័ន្ទ​បុត្រ​គឺ​មិនមែន​ជាបទ​ឧក្រិដ្ឋ​ដូចការ​លើក​ឡើង​របស់​តុលាកា​រ​កម្ពុជា​នោះ​ទេ។ អាស៊ី​សេរី បាន​ហៅ​វិធាន​ការ​នេះថា​ គឺជា​ការ​បំប្លែង​រឿង​ទៅ​ជារឿង​នយោបាយ​ខណៈ​ដែល​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​សល់​ប្រមាណ​ជាង​១ខែ​ទៀត​តែ​ប៉ុណ្ណោះ។

សូម​រំលឹក​ថា លោក​ជុន ច័ន្ទ​បុត្រ​បាន​ចាក​ចេញ​ទៅ​ប្រទេសថៃ​កាល​ពីថ្ងៃសុក្រ​សប្តាហ៍​មុន​បន្ត​ដំណើរ​ត្រឡប់​ទឹក​ដីសហរដ្ឋ​អាមេរិក​វិញ។ អង្គភាព​វិទ្យុអាស៊ី​សេរី បាន​ប្រកាស​ថា ការ​ហៅ​លោក​ជុន ច័ន្ទ​បុត្រ​ត្រឡប់​ទៅ​វិញ​នេះ គឺ​ដោយ​សារ​តែ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​របស់​កម្ពុជា លោក​គឹម សន្តិភាព​ដែល​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​ចេញ​ដីកា​នេះ បាន​ហៅវិទ្យុ​អាស៊ីសេរី​ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក​ជាវិទ្យុ​ដែល​មាន​វិជ្ជាជីវៈ​ទាប​ដោយ​បាន​ការពារ​ទាំង​កំរោល​​លើ​នីតិវិធី​របស់​តុលាកា​រ​ខ្មែរ បុន្តែ​លោកកឹម សន្តិភាព​បាន​បញ្ជាក់​ថា​តុលាការ​នៃ​រដ្ឋអធិបតេយ្យ​កម្ពុជា​នឹង​បន្ត​ចំណាត់​ការ​តាម​ច្បាប់។

បើ​តាមសេចក្តី​ប្រកាស​របស់​អាស៊ី​សេរី​ដដែល លោកជុ​ន ច័ន្ទ​បុត្រ ឬ​ហួត ឃីន​វុទ្ធី​នឹង​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​តទល់​ក្តី​វិញ​ឡើយ។​

នៅមុន​ចេញដីកា​បង្ខំ​នាំ​ខ្លួន​នេះ  មេធាវី​ការពារ​ក្តី​ឱ្យ​លោក ហួត ឃីន វុទ្ធី គឺ​លោក​ឌុន វិបុល បាន​ចូល​ខ្លួន​ទៅ​ផ្តល់​ឯកសារ​ដោះបន្ទុក​ដែល​ជាសេចក្តី​ថ្លែងការណ៍​ផ្ញើតាមអីម៉ែល​មក​ពី​អាមេរិក អត្តសញ្ញាណ​ប័ណ្ណ និង​លិខិត​ឆ្លង​ដែន។ បើទោះ​បី​ជា​បែប​ណា​ក៏​ដោយ អាស៊ីសេរី បាន​អះអាង​ថា វិធានការ​លើ​លោកជុន ច័ន្ទបុ​ត្រ ថា​ជាការ​បំភិត​បំភ័យ​ទៅ​លើអ្នក​យកព័ត៌​មាន​របស់ខ្លួន​ ប៉ុន្តែ​វិទ្យុ​ក៏​នៅ​តែ​បន្ត​ធ្វើការ​បម្រើ​ប្រជា​ជន​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ