អានតួអត្ថបទ
កម្ពុជា

ក្រសួង​កិច្ច​ការ​នារី កំពុង​ដឹក​នាំ​ច្បាប់ គ្រប់​គ្រង​ការ​ព​ពោះ​ជំនួស

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាល​ពី​ព្រឹក​មិញ បាន​ថ្លែង​ប្រាប់ លោក​ស្រី គ្រីសស្ទាន ស៊ិន(Lene Kroll Christiansen) តំណាង​ថ្មី អង្គការ​មូលនិធិ​ប្រជាជន​អង្គការ​សហប្រជាជាតិ (UNFPA) ប្រចាំ​កម្ពុជា​ថា លោក​នឹង​ជំរុញ​ឲ្យ ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​កម្ពុជា ខិត​ខំ​ប្រឹង​ប្រែង រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ពាក់​ព័ន្ធ​បញ្ហា​ពពោះ​ជំនួស ឲ្យ​ក្លាយ​ទៅ​ជា បញ្ហា​ស្រប​ច្បាប់​នៅ​កម្ពុជា ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​កុមារ​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​ពពោះ​ជំនួស​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ។ ខណៈ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ចេញ​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួល​ស្រី្ត​ព​ពោះ ដើម្បី​កើត​កូន​ជំនួស បណ្តាញ​ជំនួញ​ព​ពោះ​ជំនួស​នេះ បាន​ហូរ​ចូល​កម្ពុជា ទើប​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ការ​ច្បាប់​ទប់​ស្កាត់​ការ​ព​ពោះ​ជំនួស ដើម្បី​ការពារ​កុមារ ដែល​កើត​នៅ​ក្នុង​ផ្ទៃ​ស្ត្រី ដែល​គេ​ចង់​បាន។

រូបភាពតំណាង៖ កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​​
រូបភាពតំណាង៖ កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ អន្តរជាតិ លោក ជុំ សុន្ទរី បាន​លើក​ឡើង​ថា ការ​រៀប​ចំ​តាក់​តែង​ច្បាប់​ស្ដី​ពី​ការ​ព​ពោះ​ជំនួស​នេះ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​បញ្ហា​ព​ពោះ​ជំនួស ក្លាយ​ជា​បញ្ហា​ស្រប​ច្បាប់ ខណៈ​បញ្ហា​ព​ពោះ​ជំនួស កំពុង​កើត​មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​មាន​ភាព​ស្រប​ច្បាប់។ ក្នុង​ន័យ​នេះ ប្រសិន​បើ​គ្មាន​ច្បាប់ ហើយ​មាន​ករណី​ព​ពោះ​ជំនួស​ណា​មួយ ដែល​មិន​ប្រក្រតី គាប់​ជួន​ម្តាយ-ឪពុក ដែល​ចង់​បាន​នោះ មិន​ទទួល​ស្គាល់ នឹង​នាំ​ឲ្យ​ពិបាក​ដល់​កូន​ដែល​កើត​មក នឹង​គ្មាន អត្តសញ្ញាណ​ច្បាស់​លាស់ ហើយ​ផ្លូវ​ច្បាប់​ក៏​ពិបាក​រក​ឪពុក-ម្តាយ​ពិត​ប្រាកដ​ដែរ។​

អ្នក​នាំ​ពាក្យ ក្រសួង​កិច្ចការ​នារី លោក ផុន ពុធបុរី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រសួង​កិច្ចការ​នារី កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​មួយ ស្តី​ពី «ការ​គ្រប់​គ្រង​ការ​ព​ពោះ​ជំនួស» ដែល​គ្រោង​នឹង​បញ្ចប់​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​បឋម ​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ។ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ច្បាប់​នេះ​មាន​ការ​ចាំ​បាច់​ណាស់ ទើប​សម្រេច​ឲ្យ​បង្កើត​ភ្លាមៗ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​កុមារ​កម្ពុជា ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ជួញ​ដូរ និង​ការពារ​ផល​ប្រយោជន៍​ស្ត្រី ព្រម​ទាំង​កុមារ។

គួរ​ជម្រាប​ថា ក្រុម​អ្នក​ជំនាញ​អន្ដរជាតិ កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ បាន​ប្រកាស​អាសន្ន​អំពី​តម្រូវ​ការ​នៃ​ការ​បង្កើត​ច្បាប់​សម្រាប់​សេវា​ស៊ី​ឈ្នួល​ព​ពោះ​ជំនួស​នៅ​កម្ពុជា ខណៈ​ ទារក​នៅ​កម្ពុជា យ៉ាង​ហោច​ណាស់ ​២៣​នាក់ បាន​កើត​ពី​ស្ដ្រី​ខ្មែរ​ដែល​ស៊ី​ឈ្នួល​ព​ពោះ​ជំនួស ហើយ​មាន ​គ្លីនិក​យ៉ាង​តិច ​២ ​ដែល​ផ្ដល់​សេវា​កម្ម​ព​ពោះ​ជំនួស ដោយ​ក្នុង​នោះ​មាន​ឈ្មួញ​កណ្ដាល ​និង​ភ្នាក់​ងារ​យ៉ាង​ហោច​ណាស់​ ៥០ រក​ចំណេញ​ពី​សេវា​នេះ​។ ពាក់​ព័ន្ធ​ការ​ស៊ី​ឈ្នួល​ព​ពោះ​ជំនួស ខណៈ​កម្ពុជា​គ្មាន​ច្បាប់ កាល​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០១៦​ ព្រះ​រាជអាជ្ញា អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់ គិលានុបដ្ឋាយិកា​ជន​ជាតិ​អូស្ត្រាលី​ម្នាក់ (Tammy Davis-Charles) ជា​ស្ថាបនិក ទី​ភ្នាក់ងារ​ផ្តល់​សេវា​ព​ពោះ​ជំនួស (Fertility Solution PGD) និង​ស្រ្តី​ខ្មែរ​ពីរ​នាក់ ស៊ី​ឈ្នួល​ព​ពោះ​ឲ្យ​គេ ​ពី​ បទ​អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្រ្តី​ព​ពោះ​  និង​បទ​សុំ​ឲ្យ​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត តាម​មាត្រា ៣៣២ និង​មាត្រា ៦៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ជន​ទាំង​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ​ផង​ដែរ។ ស្រ្តី​អូស្រ្តាលី និង​ជន​ផ្សំ​គំនិត​ជា​ជន​ជាតិ​កម្ពុជា​ទាំង​ពីរ​នាក់ ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ ឆ្នាំ ប្រសិន​ជា​ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ