អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​ការ​បរទេស​កម្ពុជា​ប្រាប់​អង្គការ​អន្តរជាតិ​កុំ​ឲ្យ​ប្រព្រឹត្តិ​ខុស​ច្បាប់​នៅ​កម្ពុជា​

ក្នុង​ជំនួប​លើកទី១​ជាមួយ​អង្គការ​អន្តរ​ជាតិ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ បាន​អំពាវ​នាវ​ឲ្យ​អង្គ​ការ​អន្តរ​ជាតិ ដែល​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​កម្ពុជា ហើយ​មិន​ត្រូវ​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​នោះ​ទេ។ ការ​អំពាវនាវ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​។ 

លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​អង្គការ​អន្តរជាតិ​ទាំង​អស់​ត្រូវ​អនុវត្ត​តាម​ក្រប​ខ័ណ្ឌ​ច្បាប់ និង​អនុ​លោម​តាម​បទ​បញ្ញត្តិ ដែល​មាន​ជាធរ​មាន​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ជំនួប​ជាមួយ​អង្គការ​អន្តរជាតិ​នា​ថ្ងៃ​ទី២៩ ខែ​មករា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រូប​នេះ ក៏​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​អន្តរ​ជាតិ​ទាំង​នោះ ជៀស​វាង​ជា​ដាច់​ខាត​នូវ​សកម្មភាព ដែល​អាច​ភ្ជាប់ ឬ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ, ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម និង​ការ​ផលិត​អាវុធ​ជា​ដើម​។

លោក​ប្រាក់ សុខុន បន្តថា ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អនុម័ត ដើម្បី​រឹត​បន្តឹង​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ តែ​ច្បាប់​នេះ​តម្រូវ​ឱ្យ​អង្គការ​ទាំង​អស់​ធ្វើ​ប្រតិបត្តិ​ការ ដោយ​តម្លា​ភាព, គណនេយ្យ​ភាព, និង​សុចរិតភាព​។

សូម​ជម្រាប​ជូន​ថា​នៅ​មុន​ពេល​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ ឆ្នាំ២​០១៨ អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធាន​ការ​បិទ​សកម្មភាព​របស់​ពួក​គេ ដែល​អង្គការ​អន្តរ​ជាតិ​ទាំង​នោះ​មាន​ដូច​ជា​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ(IRI)និង វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ(NDI)ជា​ដើម ក្រោម​ហេតុ​ផល​ថា មិន​បាន​បង់​ពន្ធ និង បំពេញ​ការងារ​ខុស​ច្បាប់​នៅ​កម្ពុជា​ជា​ដើម​។

លោក Roberto Panetto ជា​តំណាង​មក​ពី​មូល​និធិ​ដុន​បូស្កូ​កម្ពុជា ដែល​បាន​ចូល​រួម​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រសួង​ការ​បរទេស​នា​ថ្ងៃ​ទី២៩ ខែ​មករានេះ ​បាន​លើក​ឡើង​ថា លោក​មាន​ការ​ពេញ​ចិត្ត​នូវ​ការ​គាំទ្រ​ពីរដ្ឋាភិបាល ដែល​មិន​បាន​យក​ពន្ធ​លើ​សម្ភារៈ​នាំ​ចូល​របស់​មូលនិធិ​ដុន​បូស្កូ​កម្ពុជា ហើយ​បាន​ផ្តល់​សេរីភាព​និង​ការ​ទុក​ចិត្ត​ដល់​មូលនិធិ​ដុន​បូស្កូ​កម្ពុជា​។

ជា​ការ​កត់​សម្គាល់​ជំនួប​លើក​ទី១​រវាង​ក្រសួង​ការ​បរទេស និង​អង្គការ​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា​កន្លង​ទៅ​។ បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​២០១៨ មាន​អង្គការ​អន្តរជាតិ​ចំនួន​៣៨៦​ស្ថាប័ន​ ត្រូវ​បាន​ក្រសួង​ការ​បរទេស​ទទួល​ស្គាល់ ឬ​បាន​ចុះ​អនុសារណៈ​យោគ​យល់​គ្នា​(MOU)​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ