អានតួអត្ថបទ
កម្ពុជា-នយោបាយ

​បក្ស​កាន់​អំណាច​ប្រកាស​ថ្កោល​ទោស​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​ខ្លួន​

នៅ​ថ្ងៃ​សុក្រ​នេះ ទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា “អ្នក​ស្នេហា​ជាតិ គណ​បក្ស​ប្រជាជន” បាន​បង្ហោះ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​។ សេច​ក្តី​ថ្លែង​ការណ៍​នេះ​បង្ហោះ​ចេញ​ភ្លាម លោក​សម រង្ស៊ី ក៏​បាន​ចែក​ចាយ​ភ្លាម​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។ ប៉ុន្តែ​ភ្លាមៗ​នេះ បក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ចេញ​មុខ​ទាត់​ចោល ​និង​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​។ 

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា @Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មាន​ឈ្មោះ​ថា “អ្នក​ស្នេហា​ជាតិ គណ​បក្ស​ប្រជាជន”នេះ បាន​ប្រើ​ប្រាស់​ទម្រង់​បែប​បទ និង​រូប​សញ្ញា​ដូច​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។ ទំព័រ​ហ្វេស​ប៊ុក​នេះ​បាន​បង្ហោះ​ចេញ​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​​សុក្រ​​​នេះ ហើយ​ជាង​កន្លះ​ម៉ោង​ក្រោយ​មក​លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ក៏​បាន​ចែក​ចាយ​បន្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

សេចក្តី​ថ្លែង​ការណ៍​នេះ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ និង​ខក​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដោយ​ហៅ​ថា ជា​ទង្វើ​ផ្តាច់​ការ និង ក្បត់​ជាតិ​។ ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា “អ្នក​ស្នេហា​ជាតិ​ក្នុង​ជួរដឹកនាំ​គណបក្ស​ប្រជាជន”នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ បាន​អះអាង​ថា នឹង​ដឹក​នាំ​កម្លាំង​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​រួម​កម្លាំង​ជាមួយ​អ្នក​សេ្នហា​ជាតិ​ផ្សេង​ទៀត ព្រម​ទាំង​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ផង ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ប៉ុន្តែ​ភ្លាមៗ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​មក​ទាត់​ចោល​។ តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​​សុក្រ​នេះ គណបក្ស​កាន់​អំណាច បាន​ហៅ​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា ឯកសារ​ក្លែង​ក្លាយ​ក្នុង​គោល​បំណង​ញុះញង់​បំបែក​បំបាក់​គណបក្ស​ប្រជាជន​កម្ពុជា បង្ក​ភាព​វឹកវរ​ក្នុង​សង្គម និង​បំផ្លាញ​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ជាមួយ​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​បង្កើត​សេចក្តី​ថ្លែង​ការណ៍​នេះ ហើយ​បាន​ប្រកាស​ប្តឹង​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​វែក​មុខ​អ្នក​បង្កើត​សេចក្តី​ថ្លែង​ការណ៍​នេះ យក​មក​ផ្ទន្ទា​ទោស​តាម​ច្បាប់​។

ជា​ការ​កត់​សម្គាល់ សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច​នេះ បាន​លេច​ឡើង​ស្រប​ពេល​ដែល​លោក​សម រង្ស៊ី កំពុង​បំផុស​បំផុល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្រៅ​ប្រទេស និង ក្នុង​ប្រទេស​ឱ្យ​ងើប​ឈរ​ឡើង​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ដោយ​សន្តិវិធី​។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោកសុខ ឥសាន បាន​ចាត់​ទុក​ការ​បង្កើត​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា ជា​ឧបាយកល​ចាស់​គម្រិល​របស់​លោក​សម រង្ស៊ី ​ចង់​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ ​ ប៉ុន្តែ គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។ គា្មន​ប្រសិទ្ធ​ភាព ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​មូល​មាន​សាមគ្គី​ភាព ឯក​ភាព​ផ្ទៃ​ក្នុង​ខ្ពស់ និង​គោរព​នូវ​តួនាទី​ជា​ប្រវត្តិ​សាស្រ្ត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដែល​ជា​ស្នូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គ​មគ្គុទេ្ទស​ដ៏​ឆ្នើម​របស់​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ