អានតួអត្ថបទ
កម្ពុជា-សង្គម

​មេធាវី៖ ​អ្នក​ទោស​មនសិកា​នៅ​ព្រៃ​សរ ត្រូវ​បាន​ដាក់​ឃុំ​ឲ្យ​ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ទូទៅ​

មេធាវី​ការពារ​ក្តី​សកម្ម​ជន​អតីត​គណ​បក្ស​ប្រឆាំង​បាន​អះអាង​ថា អ្នក​ទោស​មន​សិកា​ចំនួន​១៧​នាក់ ត្រូវ​បាន​គេ​ដាក់​ឃុំ​នៅ​ក្នុង​បន្ទប់​មួយ ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ទូទៅ​។ បើ​តាម​លោក​មេធាវី នេះគឺ​ជា​ចំណុច​ល្អ​ប្រសើរ​មួយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​ព្រៃសរ វិញបាន​អះ​អាង​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​នោះ សាប​ព្រួស​មនោគមន៍​វិជ្ជា​នយោបាយ​ទៅ​ឲ្យ​អ្នក​ទោស​ផ្សេង​ទៀត​។ 

អ្នក​ជាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស (រូបភាពឯកសារ)
អ្នក​ជាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស (រូបភាពឯកសារ) PRI
ផ្សាយពាណិជ្ជកម្ម

វា​គឺ​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​ជន​ជាប់​ឃុំ​ជា​អ្នក​ទោស​មន​សិកា​ទាំង​អស់​នៅ​ក្នុង​ពន្ធ​នាគារ​ព្រៃ​សរ ត្រូវ​បាន​ដាក់​ឃុំ​ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ទូទៅ​។ វា​បាន​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​រោគ និង​ភាព​ធុញ​ថប់​នៅ​ក្នុង​អារម្មណ៍​នៃ​ជន​ជាប់​ចោទ​ជា​អ្នក​ទោស​មន​សិកា​នៅ​ក្នុង​ពន្ធនាគារ​ព្រៃសរ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សម សុខគង់ មេធាវី​ការពារ​ក្តី​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​។ បើ​តាម​លោក​មេធាវី ការ​ផ្លាស់​ប្តូរ​បន្ទប់​ឃុំ​ឃាំង​ពិសេស​នេះ បាន​កើត​ឡើង​មួយ​ខែ​មក​ហើយ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​អ្នក​ជាប់​ឃុំ​ឃាំង​ដែល​ជា​អ្នក​ទោស​មន​សិកា​ទាំង​នេះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃលោក នុត សវនា បានថ្លែង​ថា វា​មិន​មែន​ជា​វិធាន​ការ​ពិសេស​អ្វី​នោះ​ទេ​។ ប៉ុន្តែ​ការ​ដាក់​ឲ្យ​ជន​ជាប់​ឃុំ​មក​ពី​អតីត​គណ​បក្ស​ប្រឆាំង​ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ផ្សេង​ទៀត​នេះ គឺ​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​នោះ សាប​ព្រួស​មនោគមន៍​វិជ្ជា​នយោបាយ​ទៅ​ឲ្យ​អ្នក​ទោស​ផ្សេង​ទៀត​ប៉ុណ្ណោះ​។ ដ្បិត​ពួក​គេ គឺ​ជា​អ្នក​ទោស​មនោគមន៍​វិជ្ជា​។

ចំណែក​អ្នក​ស្រី សុខ ស្រនិច ភរិយា​របស់​លោក គង់ រ៉ៃយ៉ា ជា​ជន​ជាប់​ឃុំ​ម្នាក់​បាន​អះ​អាង​តាម​រយៈ​ទំព័រ​ហ្វេស​បុក​មួយ​កាល​ពី​ថ្ងៃទី ២២ តុលា ដោយ​បាន​កើត​សរសើ​ដល់​មន្ត្រី​ពន្ធ​នា​គារ​ព្រៃ​សរ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ទោស​មន​សិការ​ចំនួន​១៧​នាក់ នៅ​ជុំ​គ្នា​ក្នុង​បន្ទប់​តែ​មួយ​។ លោក​ស្រី​បាន​អះ​អាង​ក្រោយ​ពី​បាន​ជួប​សួរ​សុខ​ទុក្ខ​ស្វាមី​របស់​ខ្លួន​កាល​ពីថ្ងៃទី ២២ តុលាថា ពេល​នេះ​ស្វាមី​របស់​គាត់​មាន​អារម្មណ៍​ល្អ និង​មាន​សុខ​ភាព​ល្អ​ធម្មតា បន្ទប់​ទូលាយ​ជាង​មុន និង​បាត់​ផ្សែង​បារី​ថែម​ទៀត​។ ប៉ុន្តែ​ចំពោះ​សេរី​ភាព​ចេញ​ដើរ​ក្បែរៗ​បន្ទប់​វិញ ហាក់​រឹត​រឹង​ជាង​មុន​បន្តិច​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​អ្នក​ស្រី សុខ ស្រនិច​។

គួរ​ជំរាប​ជូន​ថា បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​កាល​បរិច្ឆេទ​នៃ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ចាប់​តាំង​ពី​ខែ​កញ្ញា​មក មាន​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​កើន​ឡើង​ជិត​៦០​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ជិត​២០០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ហើយ​កំពុង​រត់​ភៀស​ខ្លួន​។ បើ​តាម​សេចក្តី​រាយ​ការណ៍ មាន​ជន​ជាប់​ឃុំ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ ៣ទៅ៤​នាក់ ក្នុង​ចំណោម​១៧​នាក់ នៅ​មិន​ទាន់​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ