អានតួអត្ថបទ
កម្ពុជា

សាលាឧទ្ធរណ៍​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក និង​គ.ជ.ប

បន្ទាប់​ពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សាលាឧទ្ធរណ៍​បាន​សម្រេច​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន​៤ នាក់ និង​មន្រ្តី​គ.ជ.ប​ម្នាក់​ទៀត។ ការ​ទាត់​ចោល​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួក​គេ​នេះ​ម្តង​រួច​មក​ហើយ​កាល​ពី​ខែ​មុន។

សាលាឧទ្ធរណ៍បានសម្រេចទាត់ចោលសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មន្ត្រីសិទ្ធិមនុស្សចំនួន៤ នាក់ និងមន្រ្តីគ.ជ.បម្នាក់ទៀត។
សាលាឧទ្ធរណ៍បានសម្រេចទាត់ចោលសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មន្ត្រីសិទ្ធិមនុស្សចំនួន៤ នាក់ និងមន្រ្តីគ.ជ.បម្នាក់ទៀត។
ផ្សាយពាណិជ្ជកម្ម

ហេតុ​ផល​ដែល​សាលាឧទ្ធរណ៍​សម្រេច​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ ការ​បង្ក​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​ស៊ើប​សួរ​អង្កេត​លើ​ជនជាប់​ចោទ និង​ការ​ធានា​រក្សា​ជន​ជាប់​ចោទ​ទុក​ឲ្យ​តុលាការ​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។ ម្យ៉ាង​វិញ​ទៀត បទ​ល្មើស​ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នេះ គឺ​ជា​បទល្មើស​ឧក្រិត​ ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​បាន។

លោកសំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នី ចរិយា​ បាន​លើក​ឡើង​ថា លោក​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ចំពោះ​ការ​សម្រេច​បែប​នេះ ព្រោះ​ថា ទាំង​លោក និង​ទាំង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ សុទ្ធ​តែ​បាន​លើក​ហេតុផល ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​អាច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ ចំពោះ​មុខ​ចៅ​ក្រម។ ប៉ុន្តែ​ត្រូវ​ចៅក្រម បដិសេធ​ចោល​ទៅ​វិញ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​គ.ជ.ប និង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក នឹង​បន្ត​ប្តឹងសារ​ទុក្ខ​ចំពោះ​សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ​ទៅ​កាន់​តុលាការ​កំពូល​បន្ត​ទៀត​នៅ​សហ្តហ៍​ក្រោយ។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​មុន​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​បាន​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​អ្នក​ទាំង​អស់​នេះ​ផង​ដែរ។ កាល​ណោះ តុលាការ​បាន​លើក​ហេតុផល​សំខាន់​ថា គឺ​ដើម្បី​រក្សា​ទុក​ជនជាប់​ចោទ​យក​មក​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ។

លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ក្រុង​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ​ប្រកាន់​«​សម​គំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»។ ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​៤​រូប គឺ​ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់​ដា និង​លោ​ស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​សម្រេច​នាំខ្លួន​ទៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ«​សូកប៉ាន់​សាក្សី​»។ ពួកគេ​ទាំង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​សំណុំ​រឿង​កញ្ញា​ខុម ចាន់តារ៉ាទី​ហៅ​ស្រីមុំ ដែល​កំពុង​មាន​រឿង​អាស្រូវ​សេ្នហា​ជាមួយ​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ