អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីត​បក្ស​ប្រឆាំង សាទរ​នឹង​សារ​ដាក់​សម្ពាធ​ពី​អន្តរជាតិ ខណៈ​រដ្ឋាភិបាល​ក្នុង​ស្រុក​មិន​ឲ្យ​តំលៃ​

បន្ទាប់​ពី​ប្រទេស​ចំនួន ៤៥ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ បង្ហាញ​ក្នុង​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៣៧​ ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​លើ​ស្ថានភាព​នយោបាយ និង​សិទ្ធិ​មនុស្ស​ក្នុង​​ស្រុក​ អតីត​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សាទរ​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២៣​មីនា​នេះ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​និយាយ​ថា ដោយសារ​កម្ពុជា​ជា​រដ្ឋអធិប្បតេយ្យ ដូច្នេះ​សេចក្តី​ថ្លែងការណ៍​ទាំងអស់ រដ្ឋាភិបាល​មិន​បាន​ឲ្យ​តំលៃ​នោះ​ទេ​។

លោកផៃ ស៊ីផាន (ឆ្វេង) និងលោកសម រង្ស៊ី (ស្តាំ)។
លោកផៃ ស៊ីផាន (ឆ្វេង) និងលោកសម រង្ស៊ី (ស្តាំ)។ @CVV
ផ្សាយពាណិជ្ជកម្ម

អតីតគណបក្ស​ប្រឆាំងដ៏ធំនៅកម្ពុជា បាន​ប្រើស្លាកសញ្ញា និង​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ ចេញ​សេចក្តីថ្លែងការណ៍មួយ​ នៅថ្ងៃទី ២៣មីនា សាទរ​ទៅនឹង​សេចក្តីថ្លែងការណ៍របស់​ប្រទេសទាំង ៤៥ ដែល​បញ្ជាក់​ជំហរ​ថា ការ​បោះឆ្នោតជាតិ​នៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ ២០១៨​ខាងមុខនេះ នឹង​មិនមាន​ភាព​​ត្រឹមត្រូវ​ និង​មិន​ស្រប​តាម​ច្បាប់​ឡើយ បើ​ពុំ​មាន​វត្ត​មាន​របស់​គណបក្ស​ប្រឆាំង។

ដោយ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អន្តរជាតិនេះ អតី​តគណបក្ស​សង្គ្រោះជាតិ បាន​លើក​ឡើង​ថា បើ​លោក​ហ៊ុន សែន មិន​ងាក​មក​រក​ផ្លូវប្រជាធិបតេយ្យ​ និងការ​គោរព​សិទ្ធិ​មនុស្ស​វិញទេនោះ មានន័យ​ថា​លោក​ហ៊ុន សែន សម្រេច​ចិត្ត​យក​សុខុមាលភាព និង​វិបុល​សុខរបស់​ពលរដ្ឋ​ខ្មែរ មក​ប្រថុយ​នឹងគ្រោះថ្នាក់។

អតីត​គណបក្ស​សង្គ្រោះជាតិ អំពាវនាវ​ដល់​រដ្ឋាភិបាលកម្ពុជា ទទួល​យក​ការអំពាវនាវ​របស់​បណ្តា​ប្រទេស​ទាំងនេះ ហើយ​វិល​ទៅរក​ការសន្ទនា​នយោបាយ​ដោយ​ផ្ទាល់ និង​បើក​ចំហ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ស្តារឡើងវិញ​នូវប្រជាធិបតេយ្យ​ ដើម្បី​ជៀស​វាង​ពី​វិធានការ​ជាក់​ស្តែង និងការ​ដាក់ទណ្ឌកម្ម​នានា ពី​សហគមន៍អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ លោក​ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុបារាំងថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ខ្វល់ ព្រមទាំងមិន​បាន​ឲ្យ​តំលៃទាំងទៅលើ​សេចក្តីថ្លែងការណ៍​របស់អតីតគណបក្ស​សង្គ្រោះជាតិ ដែល​លោក​ហៅ​ថា​ជា​ក្រុមក្រៅ​ច្បាប់ និង​សេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិនោះឡើយ។ មិន​ឲ្យ​តម្លៃ ព្រោះ​បើ​តាម​លោក ផៃ ស៊ីផាន សេចក្តីថ្លែងការណ៍​របស់​សហគមន៍អន្តរជាតិនេះ​មាន​លក្ខណៈនយោបាយ ហើយ​អយុត្តិធម៌សម្រាប់កម្ពុជា។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដដែល​បន្ត​ថា ពេលនេះកម្ពុជា​បាន​ដើរតាម​រដ្ឋធម្មនុញ្ញរួចហើយ គឺការបោះឆ្នោត​ខាងមុខ នឹង​មាន​គ្រប់​គណបក្ស​នយោបាយ​ចូលរួម។ លើស​ពីនេះ លោក​ផៃ ស៊ីផាន ក៏​បាន​ផ្តាំទៅកាន់​អតីត​បក្ស​ប្រឆាំងថា សូម​កុំ​មាន​សង្ឃឹម​រឿង​ការចូលតុចរចាអី ព្រោះ​ប្រមុខ​រដ្ឋាភិបាល​ បាន​ប្តេជ្ញា​ពង្រឹង​ឆន្ទៈរបស់​ខ្លួន​រួចរាល់​ហើយ ថា​មិន​អនុគ្រោះ និង​មិន​អាច​កែប្រែ​ការអនុវត្ត​ច្បាប់​ណាមួយនោះឡើយ។ និង​ថា អ្វីដែល​បាន​កន្លងទៅហើយ មិន​អាចត្រលប់​ក្រោយ​ឲ្យ​ដូច​ស្ថានការណ៍​ពីមុននោះទេ។​

គួរ​ជម្រាប​ជូន​ថា ក្នុង​សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៣៧ ដែលធ្វើឡើងនៅទីក្រុង ហ្សឺណែវ កាល​ពី​ថ្ងៃទី ២១មីនា ប្រទេសនូវែលហ្សេឡង់ បាន​ដាក់​ចេញ​នូវ​សេចក្តីថ្លែងការណ៍រួមមួយ តំណាង​ឲ្យ​ ៤៥​ប្រទេស ដោយ​ជម្រុញ​ឲ្យ​កម្ពុជាត្រលប់​រកស្ថានការណ៍នយោបាយ​ដដែល ដើម្បី​ឲ្យ​ដំណើរការបោះឆ្នោត​ជាតិ នាពេល​ខាងមុខ​ស្រប​តាម​ច្បាប់​ និង​បាន​​ស្នើ ឲ្យរដ្ឋាភិបាល​លុប​ចោលវិសោធកម្មច្បាប់គណបក្សនយោបាយ ដែលពួកគេចាត់ទុកថាជាដើមចមនៃការរំលាយគណបក្សសង្គ្រោះជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ