អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​សង្គមថា​អ្នក​នយោបាយ​កំពុង​តែ​ខ្លាច​ស្រមោល​ខ្លួន​ឯង​!

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​និង​គំរាម​មេ​អង្គការ​សង្គម​ស៊ីល​វិល​មួយ​ ថា​កុំ​ឲ្យ​លូក​មាត់​ក្នុង​រឿង​នយោបាយ​​រួច​មក, អ្នក​វិភាគ​សង្គម​នយោបាយ​ ក៏​បាន​ស្ងាត់​មាត់​ឈឹង​ដែរ។ តាំង​ពី​ម្សិល​មិញ​រហូត​ដល់​ព្រឹក​នេះ លើ​ទំព័រ​កាសែត និង​តាម​វិទ្យុ​អន្តរជាតិ​ធំៗ​ គឺ​គ្មាន​ឡើយ ​យោបល់​របស់​អ្នក​វិភាគ​ដែល​គេ​ធ្លាប់​បាន​អាន និង​បាន​ស្តាប់​ឮ ដូច​រាល់​ដង។ ក៏​ប៉ុន្តែ​ ពួក​គេ​ទាំង​នេះ គឺ​នៅ​តែ​បន្ត​វិភាគ​និង​ចេញ​មតិ​យោបល់​ នៅ​លើ​បណ្តាញ​សង្គម​Facebook ផ្ទាល់​ខ្លួន​ដដែល​។

អ្នក​វិភាគ​សង្គម​ថា​អ្នក​នយោបាយ​កំពុង​តែ​ខ្លាច​ស្រមោល​ខ្លួន​ឯង!
អ្នក​វិភាគ​សង្គម​ថា​អ្នក​នយោបាយ​កំពុង​តែ​ខ្លាច​ស្រមោល​ខ្លួន​ឯង! @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ការ​គំរាម​ចំៗ​របស់​ប្រមុខ​រដ្ឋាភិបាល​ចំពោះ​អ្នក​វិភាគ និង​រួម​ទាំង​ការ​ព្រមាន​ម្តងទៀត​នៅ​ថ្ងៃ​ទី​ ៦​មីនា​ទៅ​លើ​ប្រធាន​អង្គការ​សង្គម​ស៊ីវិល បាន​ធ្វើ​ឲ្យ​បណ្ឌិត​ មាស​ នី អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម​ ហាក់​លំបាក​នៅ​ក្នុង​ការ​ទាក់​ទង​សុំ​ការ​បញ្ចេញ​យោបល់​ ដូច​រាល់​ដង។

ក៏​ប៉ុន្តែ​បណ្ឌិត​រូប​នេះ គឺ​នៅ​តែ​បន្ត​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្លួន ដោយ​បាន​បញ្ចេញ​សំណេរ​តាម ​Facebook។ លោក មាស​ នី សរសេរ​ថា «​មនុស្ស​ម្នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ខ្លាច​ស្រមោល​ខ្លួន​ឯង រមែង​តែ​សម្តែង​ចេញ​នូវ​ភាព​ព្រួយ​បារម្ភ​ និង​ប្រុង​ប្រយ័ត្ន​ជានិច្ច!​ ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​មិន​សម​ភ្នែក​ជា​ច្រើន ដែល​អាច​ឲ្យ​សាធារណជន​យល់​ថា គាត់​កំពុង​មាន​ការ​ភ័យ​ខ្លាច​រហូត​ដល់​ពេល​ខ្លះ គាត់​ត្រូវ​បាត់​បង់​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ផង​ក៏​មាន»។

ជាមួយ​គ្នា​នេះ លោក មឿន តុលា នាយក​មជ្ឈមណ្ឌល​សម្ពន្ធ័ភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) សរសេរ​បែប​ប្រយោល​ដូច្នេះ​ថា «មិន​ដឹង​ថា​អ្នក​ណា​ចាញ់​បោក​អ្នក​ណា​ទេ តែ​មើល​ទៅ​ដូច​ជា​ចាញ់​បោក​គេ​ច្រើន​ជាង ហើយ​ប្រហែល​ជា​ដឹង​ខ្លួន​ថា​ចាញ់​បោក​គេ​មែន​មើល​ទៅ បាន​ជា​ច្រឡោ ច្រង៉េង​ច្រង៉ាង ជំទាស់​មិន​រើស​ទី​កន្លែង​អញ្ចឹង!»

ចំណែក​អ្នក​វិភាគ​ផ្សេង​ទៀត ផ្តើម​ប្រតិកម្ម​ចំពោះ​អ្នក​នយោបាយ​ដែល​មិន​ឲ្យ​អ្នក​ផ្សេង​លូក​លាត់​ក្នុង​រឿង​នយោបាយ។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ចាន់ វិបុល សរសេរ​ក្នុង ​Facebook ផ្ទាល់​ខ្លួន​យ៉ាង​ខ្លី​ថា​ «មនុស្ស​គ្រប់​រូប មិន​អាច​មិន​ខ្វល់​ខ្វាយ អំពី​នយោបាយ​បាន​ទេ! ព្រោះ​នយោបាយ​ គឺ​ជា​ការ​ដឹក​នាំ​ ធ្វើ​ឲ្យ​រីក​ចម្រើន​ និង​សុខសាន្ត។ វា​ជា​ជីវិត»​។

ទន្ទឹម​នេះ សារ​មួយ​ទៀត​របស់​លោក មឿន​ តុលា បាន​បង្ហោះ​រូប​ភ្ជាប់​ជាមួយ​ភាសា​អង់គ្លេស​យ៉ាង​ខ្លី​ថា Shame ប្រែ​ថា អាម៉ាស់ ឬ​ការ​អៀន​ខ្មាស់ និង​ដោយ​សរសេរ​ថា «ជាទូទៅ អ្នក​នយោបាយ​ដែល​មាន​ចរិត​អាក្រក់ តែង​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្វាយ​ខ្វល់​រឿង​នយោបាយ​ទេ គឺ​ងាយ​ពួក​គេ​បោក​ប្រាស់ និង​កេង​ប្រវ័ញ្ច​ថវិកា​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ​ ។ល​។ ដើម្បី​បម្រើ​មហិច្ចតា​បក្ស​ពួក និង​ក្រុម​គ្រួសារ​ខ្លួន។ ហេតុ​នេះ​បើ​ប្រជាពលរដ្ឋ​យល់​ស្រប​ឈប់​ខ្វាយ​ខ្វល់​ពី​រឿង​នយោបាយ គឺ​ពួក​គាត់​នឹង​រង​គ្រោះ​ដោយ​សារ​ការ​ដឹក​នាំ​របស់​អ្នក​នយោបាយ​ទុច្ចរិត​ទាំង​នោះ​មិន​ខាន»​។

រីឯ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សរសេរ​បែប​ចំអក​ថា «មិន​ចង់​ឲ្យ​និយាយ​រឿង​នយោបាយ ហ្នឹង​បែប​ចង់​ឲ្យ​និយាយ​រឿង​ក្នុង​ខោ ហើយ​មើល​ទៅ!» «គិត​ថា​ចង់​ផ្អាក​ផឹក មួយ​រយៈ ហើយ​អង្គុយ​សើច​ម្តង ដោយ​សារ​តែ​អ្នក​ផឹក​ជាមួយ​គ្នា មាន​អ្នក​ខ្លះ​ស្រវឹង រាគ​នោម រាគ​អាចម៍​ដាក់​ខោ ហើយ​ម្នាក់​ទៀត ស្រវឹង​ហើយ​ដើរ​ជាន់​អាចម៍​ឆ្កែ​អ្នក​ភូមិ ហើយ​គំរាម​ប្តឹង​ម្ចាស់​ឆ្កែ​យក​លុយ​ទៀត​ផង»​។

ជាមួយ​គ្នា​នេះ នាយក​មជ្ឈមណ្ឌល​សម្ពន្ធ័ភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក​ មឿន តុលា ក៏​បាន​ចាប់​អារម្មណ៍​ពី​ការ​ទម្លាយ​សារ​សម្ងាត់​ជា​សំឡេង​ ថា​ ឱកាស​នេះ គឺ​ជា​អាណិត្ត​ការ​បែក​ធ្លាយ!

ជា​ការ​កត់​សម្គាល់ លោក​សាស្ត្រាចារ្យ​ សូរ ចន្ថា និង​លោក អ៊ូ វីរៈ អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​ដែល​ធ្លាប់​បញ្ចេញ​សារ​តាម​ Facebook និង​តាម​វិទ្យុ​នានា ក្នុង​Facebook ផ្ទាល់​ខ្លួន ២​ថ្ងៃ​មក​នេះ គ្មាន​បញ្ចេញ​យោបល់​ចំពោះ​រឿង​នយោបាយ ដែល​គួរ​ឲ្យ​កត់​សម្គាល់​អ្វី​នោះទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ