អានតួអត្ថបទ
កម្ពុជា

តំណាង​សហគមន៍​៖ ខេត្ត​ទំាង ៤ នៅ​តែ​បន្ត​ដាក់​ញត្តិ​បើ​គ្មាន​ការ​ជួយ​អន្តរាគមន៍ ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដំណាំ​អំពៅ

តំណាង​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដំណាំ​អំពៅ មក​ពី​៤​ខេត្ត រួម​មាន ខេត្ត​កំពង់​ស្ពឺ ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្ត​ព្រះ​វិហារ និង​ខេត្ត​កោះកុង នៅ​ថ្ងៃ​នេះ​បាន​ឡើង​មក​ភ្នំពេញ ដាក់​ញត្តិ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ ពី​រដ្ឋសភា និង​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់ ចំពោះ​បញ្ហា​វិវាទ​ដី​ធ្លី ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ។ ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​នេះ​ត្រូវ​បាន​ តំណាង​សហគមន៍​ទាំង​៤​ខេត្ត រៀប​រាប់​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសិទ​កាសែត​មួយ នា​រសៀល​ថ្ងៃ​ទី​២១ មិថុនា​នេះ នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​អាល្លឺមង់ រឺ​Meta House។  អត្តបទ​ដោយ​ប៉ុន សោភ័ណ៖

រូបភាព​តំណាង​៖ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ ធ្វើបាតុកម្ម​នាពេល​កន្លង​មក។​
រូបភាព​តំណាង​៖ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ ធ្វើបាតុកម្ម​នាពេល​កន្លង​មក។​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​ការ​ដាក់​ញត្តិ​សុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ​លើក​ទី​១​នោះ​ទេ​ ស្តីពី​ការ​រំលោភ​ដីធ្លី​របស់​ក្រុម​ហ៊ុន​ចំការ​អំពៅ។ តំណាង​ប្រជាសហគមន៍ មក​ពី​ខេត្ត​កំពង់​ស្ពឺ ខេត្ត​ឧត្តរ​មានជ័យ ខេត្ត​ព្រះវិហារ និង​ខេត្ត​កោះកុង កន្លង​មក​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ ក៏​ប៉ុន្តែ​គ្មាន​លទ្ធផល។ យ៉ាងណា​ក៏​ដោយ​ពួកគេ នៅ​ជំនះ​ដាក់​ម្តង​ហើយ​ម្តង​ទៀត។​ ជាក់​ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា​នេះ ញត្តិ​ដែល​តំណាង​សហគមន៍​បាន​ដាក់​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ត្រូវ​បាន​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ ក្រសួង​បរិស្ថាន និង​រដ្ឋសភាជាតិ ទទួល​យក​ហើយ ក៏​ប៉ុន្តែ​ស្ថិត​ក្នុង​ការ​រង​ចាំ​សិន ដោយ​ថា​ត្រូវ​ធ្វើ​ទៅ​តាម​និតិវិធី​នៃ​ច្បាប់​ការងារ។

នៅ​ក្នុង​សន្និសិទ​កាសែត​នេះ តំណាង​សហគមន៍​ដែល​បាន​រង​ផល​ប៉ះពាល់​បាន​រៀប​រាប់​ថា ការ​ផ្តល់​ដី​សម្បទាន​ដល់​ក្រុម​ហ៊ុន​វិនិយោគ​ទាំង​នោះ​បង្ក​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ដូចជា ការ​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​អាស្រ័យ​ផល​ពី​មុន មាន​ការ​បណ្តេញ​ចេញ​ ដែល​នាំ​ឱ្យ​មាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​បញ្ហា​ទាំង​នោះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន ដែល​ជា​ហេតុធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​បង់​ផល​ប្រយោជន៍​ជា​ប្រាក់ និង​ពេល​វេលា​ជា​ច្រើន ជា​ពិសេស​បាត់បង់​នូវ​សិទ្ធិ​អាស្រ័យ​ផល​នានា​ពី​ដី​របស់​ពួកគេ។ ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដំណាំ​អំពៅ​នេះ​បាន​ក្លាយ ជា​កូន​បំណុល និង​ធ្លាក់​នៅ​ក្នុង​ភាព​ក្រីក្រ ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​កាន់​តែ​លំបាក​ខ្លាំង​ទៅ​ៗ។

គួរ​រំលឹក​ជូន​ថា កាល ថ្ងៃ​២៥ ខែ​មិនា ឆ្នាំ​២០១៦ កន្លង​ទៅ ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០ នាក់​មក​ពី​បណ្តា​ឃុំ​ចំនួន​បួន​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​នាំ​គ្នា​ដើរ​ក្បួន​ដាក់​ញត្តិ​ជូន​ដល់​អភិបាល​ស្រុក​ ដើម្បី​តវ៉ា​ទៅ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​ក្រុម​ហ៊ុន​ស្ករ​អំពៅ។ សហគមន៍​បាន​ដាក់​ញត្តិ​ជូន​អភិបាល​ស្រុក​ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដីធ្លី​ ដែល​កំពុង​បន្ត​កើត​ឡើង​ជា​មួយ​នឹង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ស្ករ​អំពៅ​របស់​ថៃ។ ជម្លោះ​ដីធ្លី​រវាង​សហគមន៍ ជាមួយ​ក្រុមហ៊ុន​ទាំង​នេះ កើត​មាន​លើ​ផ្ទៃដី​ជាង ៩០០ ហិកតា និង​បាត់បង់​មុខ​របរ​ចិញ្ចឹម​ជីវិត របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ទំហំ​សរុប ប្រហែល​ជា​ ២០.០០០ ហិកតា។

សូម​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​ឆ្នាំ ២០០៦​មក សហគមន៍​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​យ៉ាង​សកម្ម​ចំពោះ​បញ្ហា​ដី​ធ្លី​ដែល​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នេះ នៅ​ក្រោយ​ពេល​ដែល លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ដី​សម្បទាន​សម្រាប់​ក្រុម​ហ៊ុន ដាំ​ដុះ​ខេត្ត​កោះកុង⁣⁣ កាល​ពី​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ​២០០៦ ដែល​ពេល​នោះ​លោក មាន​ឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ