អានតួអត្ថបទ
កម្ពុជា

អ្នក​មាន​​ជម្លោះ​ដីធ្លី​​សុំ​​អន្តរាគមន៍​​ពី​​​លោកស្រី​​ទី១​អាមេរិក​​នៅ​​ភ្នំពេញ​ ខណៈ​​លោកស្រី​​​​នៅ​​សៀមរាប​

ក្រុម​អ្នកមាន​ជម្លោះដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង៥០នាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី​នៅ​ពីមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​លោកស្រី​ទី១អាមេរិក Michelle Obamaជួយ​អន្តរាគមន៍​ដោះលែង​ស្ត្រី​បឹងកក់ និង​បញ្ចប់​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគេ។ ស្រប​ពេលដែល​លោកស្រី​ទី១អាមេរិក​កំពុងមាន​វត្តមាន​នៅឯ​ខេត្តសៀមរាប តំណាង​អ្នក​តវ៉ា​បាន​បញ្ជាក់ថា ដោយសារ​ពួកគេ​មិនមាន​លទ្ធភាព​ទៅ​ស្វែងរក​ការអន្តរាគមន៍​ដោយផ្ទាល់​ពី​លោកស្រី ទើប​សម្រេច​ប្រមូល​ផ្តុំគ្នា​នៅ​ពីមុខ​ស្ថានទូត​បែបនេះ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​ស្ថានទូត​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មីនា​ ឆ្នាំ​​២០១៥
ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​ស្ថានទូត​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មីនា​ ឆ្នាំ​​២០១៥ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​មកពី​សហគមន៍​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ បានមក​ប្រមូល​ផ្តុំគ្នា​ជាថ្មី​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ក៏​មិន​ខុសពី​លើក​មុន​ដែរ ការជួបជុំ​របស់​ពួកគេ​នៅពេលនេះ គឺ​ក្នុង​គោលបំណង​ស្នើសុំ​លោកស្រី Michelle Obamaឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ដោះលែង​ស្ត្រី​បឹងកក់ ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ចេញពី​ពន្ធនាគារ។ ម្យ៉ាងទៀត គឺ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគេ​ឲ្យ​បាន​ឆាប់​ផងដែរ។  

លោកស្រី​ទី១ អាមេរិក Michelle Obamaបានធ្វើ​ដំណើរ​មកដល់​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃ​សុក្រ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២២ មីនា​ចុង​សប្តាហ៍​នេះ។ ឯកអគ្គរដ្ឋទូត និង​មន្ត្រី​ទូត​ជាន់ខ្ពស់​ផ្សេងទៀត​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ដំណើរ​ចេញទៅ​ទទួល​លោកស្រី​Michelle Obamaដោយផ្ទាល់​នៅឯ​ខេត្តសៀមរាប ដែល​នេះ​ធ្វើ​ឲ្យ​ការប្រមូលផ្តុំ​របស់​ក្រុម​អ្នកមាន​ជម្លោះដីធ្លី​នៅថ្ងៃនេះ មិនបាន​ជួប​មន្ត្រី​ទូត​ណាមួយ​នោះទេ ក្រៅតែពី​សន្តិសុខ​យាម​ស្ថានទូត​ប៉ុណ្ណោះ។

ទោះជា​បែបនេះ​ក្តី លោក​ចាន់ ពុទ្ធិ​ស័ក តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅក្នុង​តំបន់​បឹងកក់ បាន​បញ្ជាក់ថា លោក​ក៏បាន​ដឹងថា លោកស្រី​Michelle Obamaកំពុងមាន​វត្តមាន​នៅ​ឯ​ខេត្តសៀមរាប​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនមាន​លទ្ធភាព​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ជួប​លោកស្រី​ដោយផ្ទាល់​នោះទេ។ ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ​សម្រេច​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​នេះ។ បើតាម​លោក​ចាន់ ពុទ្ធិ​ស័ក ទោះបី​លោកស្រី​Michelle Obamaនិង​មន្ត្រី​ស្ថានទូត​អាមេរិក​ដទៃទៀត កំពុង​នៅឯ​សៀមរាប​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ការប្រមូលផ្តុំ​នៅពេលនេះ លោក​ជឿជាក់​លោកស្រី​ទី១ អាមេរិក​នឹង​បានដឹង​ពី​ការតវ៉ា​របស់​ពលរដ្ឋ​ទាំងនេះ។

សូម​ជំរាបជូន​ថា លោកស្រី Michelle Obamaគឺជា​លោកស្រី​ទី១អាមេរិក និង​ដំបូង​គេ​បង្អស់​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ស្វាមី​របស់លោក​ស្រី គឺ​លោក​បា​រាក់ អូ​បា​ម៉ា កំពុងកាន់​ដំណែង​ជា​ប្រធានាធិបតី​អាមេរិក​ប​ច្ចប្ប​ន្ន។ កាលពី​អតីតកាល ភរិយា​លោក John F. kenady និង​ភរិយា​លោក​Bill Clinton ដែលជា​អតីត​ប្រធានាធិបតី​អាមេរិក ក៏បាន​ធ្វើដំណើរ​ទស្សន​កិច្ច​មកកាន់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ផងដែរ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ពេលនោះ គឺធ្វើឡើង​ក្រោយពី​ស្វាមី​របស់​ពួកគេ​ធ្វើជា​ប្រធានាធិបតី។ ក្រោម​ហេតុផល​បែបនេះហើយ ទើប​ប្រជាពលរដ្ឋ​ជម្លោះដីធ្លី សង្ឃឹមថា លោកស្រី Michelle Obamaនឹងមាន​ឥទ្ធិពល​ក្នុង​ការជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ