អានតួអត្ថបទ
កម្ពុជា

​លោក ប៉ែន សមិទ្ធិ បូជា​ពេល​វេលា​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់ខ្លួន ជូន​ដល់​វិស័យ​សារព័ត៌មាន​ខ្មែរ

លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ទទួល​រមណៈភាព​ហើយ នៅ​វេលា​ម៉ោង​៦​និង​១០​នាទី ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ជន្មាយុ​​៥៤​ឆ្នាំ ដោយ​រោគាពាធ​។ បន្ទាប់​ពី​ក្លាយ​ជា​អ្នក​សារព័ត៌មាន​នៅ​​ទស្សវត្ស​ឆ្នាំ​៨០ លោក ប៉ែន សមិទ្ធិ ​បាន​បូជា​ពេល​វេលា​ស្ទើរ​តែទាំង​អស់ ជូន​ដល់​វិស័យ​សារព័ត៌មាន​ខ្មែរ​។ មរណៈភាព​របស់​លោក​ប៉ែន សមិទ្ធិ នា​ពេល​នេះ ត្រូវ​បាន​មិត្ត​រួម​អាជីព​ចាត់​ទុក​ថា ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ​​។   

លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា
លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

លោក ប៉ែន សមិទ្ធិ គឺ​ជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់ ដែល​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​តាំង​ពី​ដើម​ទស្សវត្ស​ឆ្នាំ​៨០​មក​។ ជាង​៣០​ឆ្នាំនៅ​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន លោក​បាន​ដឹក​នាំ ក៏​ដូច​ជា​ជួយ​ជ្រោម​ជ្រែង​ឲ្យ​កាសែត​រស្មី​កម្ពុជា​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​សុះសាយ​ទូទាំង​ប្រទេស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​មក លោក ប៉ែន សមិទ្ធិ បាន​ចំណាយ​ពេល​វេលា​របស់​ខ្លួន ដឹក​នាំ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ថែម​ទៀត​។ ជាង​១០​ឆ្នាំ​មក​នេះ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប៉ែន សមិទ្ធិ ក្លឹប​អ្នក​កាសែត​កម្ពុជា​បានដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​បណ្ដុះ​បណ្ដាល​អ្នក​កាសែត ព្រម​ទាំង​ការពារ​អ្នក​កាសែត​ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​នៅ​ក្នុង​ពេល​បំពេញ​ភារកិច្ច​​។

 

ក្រៅពី​ដឹក​នាំ​នៅ​កាសែត​រស្មី​កម្ពុជា និង​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ ក៏​បាន​បង្កើត​គេហទំព័រ cen.com.kh ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​ផ្នែក​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​។ គេហទំព័រ CEN សព្វ​ថ្ងៃ មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង នៅ​ក្នុង​ចំណោមគេហទំព័រ​ព័ត៌មាន​ល្បី​ៗ​នៅ​កម្ពុជា​។

នៅ​ក្នុង​ក្រសែ​ភ្នែក​មិត្ត​រួម​អាជីព ទាំង​អ្នក​កាសែត​ជើង​ចាស់ និង​អ្នក​កាសែត​ជំនាន់​ក្រោយ លោក ប៉ែន សមិទ្ធិ គឺ​ជា​អ្នក​កាសែត​ដ៏​មាន​បទ​ពិសោធ​ម្នាក់ ដែល​ស្គាល់​សង្គម ព្រម​ទាំង​ស្គាល់​បញ្ហា​ជា​ច្រើន​។ លោក ប៉ែន សមិទ្ធិ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​មាន​អធ្យាស្រ័យ​ល្អ​ជាមួយ​អ្នក​កាសែត​ទូទៅ ហើយ​លោក​ថែមទាំង​ចូល​ចិត្ត​ចែក​រំលែក​បទពិសោធ​ដែល​លោក​មាន​ទាំង​ប៉ុន្មាន ទៅ​កាន់​អ្នក​កាសែត​ផ្សេង​ទៀត ដោយ​ឥត​លាក់​បាំង​​។ លោក​មិន​ដែល​ចូល​ប្រឡូក​នៅ​ក្នុង​ឆាក​នយោបាយ ហើយ​ក៏​មិន​ធ្លាប់​បញ្ចេញ​ជំហ​នយោបាយ​ ​ក្នុង​ពេល​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន​ដែរ​។

លោក ប៉ែន សមិទ្ធិ ដែលបាន​​បូជា​ពេល​វេលា​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​ជូន​ដល់​វិស័យ​សារព័ត៌មាន​កម្ពុជា​រូប​នេះ បាន​ទទួល​មរណៈភាព​ហើយ​ នៅ​វេលា​ម៉ោង​៦​និង​១០​នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​មីនា ឆ្នាំ​២០១៥ ដោយរោគាពាធ ក្នុង​ជន្មាយុ​៥៤​ឆ្នាំ​។ មរណៈភាព​របស់​លោក ប៉ែន សមិទ្ធិ នា​ពេល​នេះ ត្រូវ​បាន​មិត្ត​រួម​អាជីព​ទាំង​អស់​សម្ដែងការ​សោក​ស្ដាយ និង​​ចាត់​ទុក​ថា ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ខ្មែរ​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ