អានតួអត្ថបទ
កម្ពុជា

សព​ទាហាន​មួក​ខៀវ​កម្ពុជា បី​រូប​ បាន​បូជា​រួច​រាល់ ខណៈ​សព​មួយ​ទៀត​ត្រៀម​បញ្ចុះ​នៅ​ថ្ងៃ​ពុធ

សព​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប ដែល​បាន​បាត់​បង់​ជីវិត ក្នុង​ការ​វាយ​ប្រហារ​មួយ នៅ​អាហ្វ្រិក​កណ្តាល ត្រូវ​បាន​ក្រុម​គ្រួសារ​សព ៣​រូប បូជា​រួច​រាល់​ហើយ ខណៈ​សព​មួយ​ទៀត នឹង​រៀប​ចំ​ពិធី​បញ្ចុះ​នៅ​ថ្ងៃ​ពុធ ស្អែក។ បើ​តាម មន្រ្តី​ជាន់​ខ្ពស់ នៃ​មជ្ឈមណ្ឌល​កង​កម្លាំង​រក្សា​សន្ដិភាព សព​ទាំង ៤ ត្រូវ​បាន​រៀប​ចំ​ពិធី​បូជា និង​បញ្ចុះ​យ៉ាង​សក្តិសម​កិត្តិយស ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​រាជរដ្ឋា​ភិបាល និង​អាជ្ញាធរ​ដែនដី​យ៉ាង​ច្រើន​កុះ​ករ។

សព​ទាហាន​មួក​ខៀវ​កម្ពុជា បី​រូប បាន​បូជា​រួច​រាល់ ខណៈ​សព​មួយ​ទៀត​ត្រៀម​បញ្ចុះ​នៅ​ថ្ងៃ​ពុធ
សព​ទាហាន​មួក​ខៀវ​កម្ពុជា បី​រូប បាន​បូជា​រួច​រាល់ ខណៈ​សព​មួយ​ទៀត​ត្រៀម​បញ្ចុះ​នៅ​ថ្ងៃ​ពុធ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក​ឧត្តមសេនីយ៍ តុន សាលី អគ្គនាយក​រង នៃ​មជ្ឈមណ្ឌល​កង​កម្លាំង​រក្សា​សន្ដិភាព បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​អង្គារ​នេះ​ថា សព​ទាហាន​មួក​ខៀវ​កម្ពុជា ៣​រូប ត្រូវ​បាន​បូជា ចប់​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ចន្ទ ទី​២២ ខែ​ឧសភា។ សព​ទាំង​បី នោះ រួម​មាន អនុសេនីយ៍ត្រី ស៊ាង នរិន្ទ បាន​បូជា​នៅ រាជធានី​ភ្នំពេញ ពលបាល​ឯក មុំ​ តុលា បូជា នៅ​ខេត្ត​ពោធិសាត់ និង អនុសេនីយ៍ត្រី ម៉ៅ អេង បូជា នៅ​ខេត្ត​ស្វាយរៀង។

លោក​ឧត្តមសេនីយ៍ តុន សាលី បាន​បន្ថែម​ថា សព​ពលបាល​ឯក អ៊ឹម សំ នឹង​ត្រូវ​រៀប​ចំ​ពិធី​បញ្ចុះ នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ពុធ ទី​២៤ ខែ​ឧសភា។ ពិធី​បុណ្យ​​សព​ទាហាន ទាំង​បួន​នេះ បាន​រៀប​ចំ​យ៉ាង​សក្តិសម នឹង​ការ​លះ​បង់​ដ៏​អង់​អាច​ក្លាហាន​របស់​ពួក​គេ ក្នុង​បុព្វហេតុ​ថែរក្សា​សន្តិភាព​ពិភព​លោក ដោយ​ក្នុង​ពិធី​បុណ្យ​សព​និមួយៗ មាន​ការ​អញ្ជើញ​ចូល​រួម​ពី ថ្នាក់​ដឹក​នាំ​ មន្ទីរ​ជុំវិញ​ខេត្ត​មិន​តិច​ជាង ១៥​អង្គភាព រួម​ទាំង​អាជ្ញាធរ​ដែនដី ដែល​ដឹក​នាំ​ដោយ អភិបាល​ខេត្ត​ ព្រម​ទាំង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ថវិកា​ដើម្បី​រៀប​ចំ​ពិធី​បុណ្យ ស្ទើរ​តែ​ទាំង​ស្រុង​ពី អាជ្ញាធរ​ដែនដី និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផង​ដែរ​។  
គួរ​ជម្រាប​ថា កាល​ពី​យប់​ថ្ងៃ​ទី​០៨ ខែ​ឧសភា កង​កម្លាំង​មួក​ខៀវ​របស់​កម្ពុជា   ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​ នៅ​ប្រទេស​អាហ្រ្វិក​កណ្តាល ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម ដែល​បណ្តាល​ឲ្យ​កង​កម្លាំង​កម្ពុជា ៤​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស។ ២​សប្តាហ៍​ក្រោយ​មក សព​កង​ទ័ព​មួក​ខៀវ​កម្ពុជា ​បួន​រូប ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា ​គឺ​នៅ​យប់​ថ្ងៃ​ទី ២១ ឧសភា ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ភា្លមៗ ​ទៅ​ដល់ ​លំនៅដ្ឋាន​ របស់​សព​រៀងៗ​ខ្លួន។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ប្រគល់​ថវិកា មួយ​ម៉ឺន​ដុល្លារ​ជូន​ភរិយា និង​ក្រុម​គ្រួសារ​សព បន្ថែម​ទៅ​លើ ថវិកា​សំណង​ពី អង្គការ​សហប្រជាជាតិ​ ប្រមាណ ៧​ម៉ឺន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ