អានតួអត្ថបទ
ខ្មែរក្រហម

បក្ស​ប្រឆាំង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើក​ទី​៣៥ ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥

ថ្ងៃ​១៧​មេសា ឆ្នាំ២០១០ ថ្ងៃ​នេះ គម្រប់​ខួប​លើក​ទី​៣៥ ឆ្នាំ នៃ​ការឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម នៅ​កម្ពុជា។ ក៏ប៉ុន្តែ ពិធី​ជួបជុំ​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី នៅ​វាល​ពិឃាត​ជើងឯក នៅ​ជាយក្រុង​ភ្នំពេញ​ថ្ងៃ​នេះ មិនមែន​ជា​ការសាទរ​ដល់​ក្រុម​ខ្មែរក្រហម​ទេ តែ​ជា​ការរម្លឹក​ពី​សោកនាដកម្ម ដែល​របប​ខ្មែរក្រហម​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់ ស្លាប់​បាត់បង់​ជីវិត ក្នុង​រយៈ​ពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ។

បក្ស​ប្រឆាំង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើក​ទី​៣៥ ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ នៅបឹងជើងឯក
បក្ស​ប្រឆាំង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើក​ទី​៣៥ ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ នៅបឹងជើងឯក ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​មុខ​ស្តូប​តម្កល់​លលាដ៍​ឆ្អឹង​ជនរងគ្រោះ​ជាង ២ ម៉ឺន​នាក់​ដែល​ត្រូវ​បាន​សម្លាប់ នៅ វាលពិឃាត​បឹង​ជើងឯក ក្នុង​សម័យ​ខ្មែរក្រហម គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​រៀបចំ​ពិធី​ជួបជុំ បង្សុកូល និង​រាប់បាត្រ ឧទ្ធិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ។

នៅ ​ព្រឹក​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ ២០១០ ថ្នាក់​ដឹកនាំ​គណបក្ស​សម រង្ស៊ី និង​សកម្មជន​គាំទ្រ គណបក្ស​ប្រឆាំង​មួយនេះ​ប្រមាណ ៥០០​នាក់ ដោយ​មាន​ព្រះសង្ឃ ប្រហែល ៥០ អង្គ បាន​ចូលរួម​សូត្រ​ធម៌​ឧទ្ទិស​កុសល​ជូន​ដល់​អ្នកស្លាប់ ក្នុង​របប​វាល​ពិឃាត​ខ្មែរក្រហម។

នេះ​ជា​ការរម្លឹក​ដល់​ព្រឹត្តិការណ៍ ​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ថ្ងៃ​ខ្មែរ​ក្រហម បាន​ទទួល​ជ័យជម្នះ​លើ​របប​សាធារណរដ្ឋ លន់ នុល ហើយ​ឡើង​កាន់​អំណាច។ ក៏​ប៉ុន្តែ ថ្ងៃ​ដែល​ខ្មែរក្រហម ឡើង​កាន់​អំណាច ថ្ងៃ ១៧​មេសា ឆ្នាំ​១៩៧៥​នោះ ក៏​នាំ​ឲ្យ​មាន​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​ជីវិត​ពលរដ្ឋ​ខ្មែរ​យ៉ាង​រង្គាល អស់​ជិត ២ លាន​នាក់ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩។

ក្រៅ​ពី​ឡើង​ថ្លែង​សារទុក្ខ​ពី​ ការនិរាស​ព្រាត់ប្រាស់​សាច់ញាតិ បាត់បង់​កូន និង​ប្តី ដោយសារ​តែ​ខ្មែរក្រហម យក​ទៅ​សម្លាប់ ក្រុម​អ្នកចូលរួម​ពិធី​បាន​ជម្រុញ​ឲ្យ​សាលាក្តី​ខ្មែរក្រហម បង្កើន​ល្បឿន ក្នុង​ដំណើរការ​ជំនុំជម្រះ​ក្តី​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម។

ចំណែក ​លោក​គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី បាន​លើក​ឡើង​ថា តុលាការ​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ពេក​ទេ ព្រោះ​មេដឹកនាំ​ខ្មែរក្រហម​កាន់​តែ​ចាស់​ជរា​ណាស់​ទៅ​ហើយ​សព្វថ្ងៃ។ ម្យ៉ាងទៀត តុលាការ​ចម្រុះ​ដែល​មាន​ភាគី​អង្គការ​សហប្រជាជាតិ និង​កម្ពុជា​ត្រូវ​តែ​ពង្រឹង​ជំហរ ដោយ​យក​កាតព្វកិច្ច​ដើម្បី​រួម​គ្នា រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ខ្មែរ និង​ដើម្បី​បញ្ចប់​នូវ​វប្បធម៌​និទណ្ឌភាព ( ការសម្លាប់​ដែល​មិន​ត្រូវ​បាន​គេ​គ្មាន​ទោស) នៅ​កម្ពុជា។

ក្នុង​ ពិធី​ជួប​ជុំ​នៅ​ព្រឹកមិញ លោកសម រង្ស៊ី ដែល​កំពុង​ជាប់​ទោស​ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ប្រ៊ុយហ្ស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ដោយ​ឆ្លៀត​វាយ​ប្រហារ​រដ្ឋាភិបាល​ថា របប​ខ្មែរ​ក្រហម​បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ខ្លាច ឃ្លាន និង​ខ្លៅ។ សារធាតុ​នៃ​រដ្ឋាភិបាល​សព្វថ្ងៃ ក៏​មាន​លក្ខណៈ​ខ្លាច ឃ្លាន និង​ខ្លៅ ដូច​របប​ខ្មែរក្រហម ដោយសារ​តែ​មេដឹកនំា​ខ្មែរ​ខ្លះ គឺ​ជា​អតីត​ខ្មែរក្រហម និង​ចេញ​មក​ពី​ប្រភព​ខ្មែរក្រហម។ លោក​សម រង្ស៊ី នៅ​ព្រឹកមិញ​ក៏​បាន​សម្តែង​នូវ​ការនឹក​រលឹក​ស្រុក​កំណើត​ផង​ដែរ។

ចំពោះ ​ការអំពាវនាវ​ខាង​លើ​នេះ សាលាក្តី​ខ្មែរក្រហម​អះអាង​ថា ខ្លួន​កំពុង​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​នាំ​យក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ហើយ។ មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ បាន​ឲ្យ​ដឹង​ថា សហចៅក្រម​ស៊ើបអង្កេត​នឹង​បញ្ជូន​ដីកា​ឲ្យ​ជំនុំជម្រះក្តី​លើ​សំណុំ​រឿង​០០២ ទៅ​កាន់​សាលា​ដំបូង នៅ​ក្នុង​ខែកញ្ញា​ខាងមុខ។ ចំណែក សំណុំ​រឿង​កាត់ទោស​អតីត​មេគុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច គ្រោង​នឹងប្រកាស នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១០​នេះ។

ជាមួយ​គ្នា​នោះ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចាត់ទុក ការអត្ថាធិប្បាយ​របស់​មេបក្ស​ប្រឆាំង​ថា អត់​ន័យ និង​មិន​ត្រឹមត្រូវ។ លោក​ថា មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​បាន​តុលាការ​កំពុង​តែ​កាត់ទោស។ ចំណែក​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល គឺជា អ្នក​រំដោះ​ប្រជាជន​កម្ពុជា ចេញ​ពី​ការកាប់​សម្លាប់​របស់​ខ្មែរក្រហម។ ម្យ៉ាង​ទៀត បើ​ប្រៀបធៀប​នឹង​របប​ខ្មែរក្រហម ជាមួយ​សម័យ​បច្ចុប្បន្ន គឺ​ខុសគ្នា​ច្រើន​ណាស់។ បច្ចុប្បន្ន កម្ពុជា​មាន​សិទ្ធិ​សេរីភាព​សព្វ​បែប​យ៉ាង និង​មាន​ការអភិវឌ្ឍន៍​គ្រប់​វិស័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ