អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មន្រ្តី​អតីត​បក្ស​ប្រឆាំង​កើន​ដល់​២០​រូប កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​រឿង​ប្រឆាំង​សាល​ដីកា​របស់​តុលាការ​កំពូល​

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង បាន​ចេញ​ដីកា​កោះ​ហៅ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​កើន​ឡើង​ដែល​បាន​កើន​ឡើង​រហូត​២០​រូប ឱ្យ​ចូល​មក​កាន់​តុលាការ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខែ​ឧសភា​នេះ​។ នេះ​បើ​តាម​ដីកា​កោះ​ទាំង​២០​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤ និង ២៥ ខែ​មេសា​។ ការ​កោះ​ហៅ​នេះ គឺ​ដើម្បី​សាក​សួរ​ជុំវិញ​ការ​ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល​កម្ពុជា​។ 

មន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងវេទិកាសំណេះសំណាលកាលពីពេលកន្លងទៅ (រូបតំណាង)
មន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងវេទិកាសំណេះសំណាលកាលពីពេលកន្លងទៅ (រូបតំណាង) @Kem Sokha
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​អតីត​គណក្ស​សង្រ្គោះ​ជាតិ​ទាំង​២០​រូប​នេះ ខ្លះ​ជា​អតីត​តំណាង​រាស្រ្ត អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបង ហើយ​ក្រៅ​ពី​នេះ​ភាគ​ច្រើន​គឺ​ជា​អតីត​ចៅ​សង្កាត់​នានា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។ ពួក​គេ​ត្រូវ​បាន​លោក​គី ប៉ុណ្ណារ៉ា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​កោះ​ហៅ​ឱ្យ​ចូល​មក​បំភ្លឺ​នៅ​តុលាការ​ចាប់​ពី​ចន្លោះ​ថ្ងៃទី៨ ឧសភា រហូត​ដល់​ថ្ងៃ២១ ខែឧសភា​។ តុលាការ​កោះ​ហៅ​ពួក​គេ ដើម្បី​សាក​សួរ​ពី​រឿង​ប្រឆាំង និង​បំពាន​សាល​ដីការ​របស់​តុលាការ​កំពូល​ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​កន្លង​ទៅ​។ ជា​សាល​ដីកា​សម្រេច​រំលាយ​ចោល​គណបក្ស​សង្រ្គោះ​ជាតិ និង​ហាម​ឃាត់​មន្រ្តី​បក្ស​នេះ​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​។ រី​ឯ​អាសនៈ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ក៏​ត្រូវ​បាន​ដក​ហូត​ផង​ដែរ​។

ជា​ការ​កត់​សម្គាល់ ការ​កោះ​ហៅ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ចេញ​វិឌីអូ​មួយ​ប្រកាស​គាំទ្រ​សកម្មភាព​របស់​លោក​សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​។ ជុំវិញ​រឿង​នេះ តុលាការ​ខេត្ត​បាត់​ដំបង​មិន​អាច​ទាក់​ទង​សុំ​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ​។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​នៃ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង បាន​ថ្លែង​ប្រាប់ សារព័ត៌មាន​Fresh News ថា ក្រុម​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ទាំង​នេះ​ធ្លាប់​បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​ដោយ​ប្រាប់​អាជ្ញាធរ​ថា​មាន​ពិធី​បុណ្យ​ទាន តែ​បែរ​ជា​បង្កើត​វីដេអូ​មួយ​ធ្វើ​ការ​ជួប​ជុំ​គាំទ្រ​ដល់​សកម្មភាព​លោក សម រង្ស៉ី​ទៅ​វិញ​។

ចំណែក​លោក​សម រង្ស៊ី ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ​ពី​ក្រៅ​ប្រទេស​បាន​ចាត់​ទុក​ដីកា​កោះ​ហៅ​មន្រ្តី​របស់​ខ្លួន​នេះ​ថា ជា​ការ​បំភិត​បំភ័យ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត កុំ​ឲ្យ​មក​ចូល​រួម​ទទួល​ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​។ ក៏​ប៉ុន្តែ លោក​គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​គូស​បញ្ជាក់​ថា ការ​កោះ​ហៅ​នេះ គឺ​អនុវត្ត​ទៅ​តាម​វិធាន​ការ​​ច្បាប់​។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មន្រ្តី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ទាំង​២០​នាក់​នេះ ​គួរតែ​ចូល​ទៅ​បំភ្លឺ​ការពារ​ខ្លួន​តាម​ច្បាប់ ហើយ​កុំ​ប្រញាប់​វាយ​តម្លៃ​ថា​ដីកា​កោះ​ហៅ​នេះ ជា​ការ​បំភិត​បំភ័យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ