អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​មរតក​របស់​លោក​បណ្ឌិត កែម ឡី រៀប​ចំ​ខួប​មួយ​ឆ្នាំ​

ថ្ងៃ​នេះ ជា​ខួប​មួយ​ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន (គបម)។ គណបក្ស​ដែល​បង្កើត​ចេញ​ពី​ ក្រុម​ការងារ​បណ្តាញ​សង្គម ខ្មែរ​ដើម្បី​ខ្មែរមាន​អ្នក​គាំទ្រ​ជា ប្រជាកសិករ​នៅ​តាម​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​។ លោក​បណ្ឌិត ​កែម ឡី ក៏​ជា ស្ថាបនិក​ម្នាក់​ ដែល​ផ្តួច​ផ្តើម ជ្រោម​ជ្រែង និង​រៀបចំ​បង្កើត​គណបក្ស​នេះ​ឡើង​ បំណង​ជា​ បក្ស​គំរូ ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា។ ស្រី សុភ័ក្ត្រ រំលឹក​ពី​ប្រវត្តិ​ស្នាដៃ​មួយ​ឆ្នាំ និង​ទិស​ដៅ​បន្ត​របស់ គណបក្ស​នេះ​។

ខួបមួយឆ្នាំ នៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
ខួបមួយឆ្នាំ នៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ ឆ្នាំ​មុន សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចំនួន ​១០៨​នាក់ ដែល​ភាគ​ច្រើន​ជា​ប្រជាកសិករ បាន​សម្រេច​បោះឆ្នោត​ជ្រើស​រើស លោក យ៉េង វីរៈ ធ្វើ​ជា​ប្រធាន​គណបក្ស លោក សាម ស៊ុនឌឿន ជា​អនុប្រធាន លោក សាម អ៊ីន ជា​អគ្គលេខា​ធិកា និង​លោក ប៉ោ សេដ្ឋា ហេរញ្ញិកបក្ស។ មួយ​ថ្ងៃ​ក្រោយ​មក ហត្ថលេខា​របស់ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំង​នោះ​ ត្រូវ​បាន​ស្នើ​ទៅ​ ក្រសួង​មហា​ផ្ទៃ ដើម្បី​ចុះ​បញ្ជី​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មួយ​នេះ​ជា​ផ្លូវ​ការ។ ​

ដើម​ឡើយ ក្នុង​បុព្វហេតុ អប់រំ​ពលរដ្ឋ​ ឲ្យ​យល់​ដឹង​ច្បាស់​អំពី គោល​គំនិត និង​គោលការណ៍​ប្រជាធិបតេយ្យ ក្រុម​ការងារ​បណ្តាញ​សង្គម ខ្មែរ​ដើម្បី​ខ្មែរ ដែល​មាន​សមាសភាព មេដឹកនាំ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ សហដឹកនាំ​ដោយ លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ពិគ្រោះ​យោបល់​ជាមួយ តំណាង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក្នុង​ឃុំ​គំរូ​មួយ​ចំនួន ដើម្បី​ចង​ក្រង​ឯកសារ ផ្សព្វផ្សាយ​អំពី​គោល​គំនិត គោលការណ៍ និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ នៅ​ទី​បំផុត ក៏​ឈាន​ដល់ ការ​ផ្តួច​ផ្តើម​បង្កើត «គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន» មួយ ដែល​ទាំង​លក្ខន្តិកៈ និង​ឯកសារ​គោល​សំខាន់​ៗ របស់​បក្ស​នេះ សុទ្ធ​មាន ចំណែក​រួម នៃ​ពេល​វេលា និង​ទស្សនា​ទាន​ របស់​លោក កែម ឡី ស្ថាបនិក ដ៏​សំខាន់ ដែល​ ចូលរួម​សម្រប​សម្រួល ពិគ្រោះ​យោបល់ ទាំង​មុន​ និង​ក្រោយ​ពេល​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​នេះ​ឡើង។ គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ (គបម) ឬ Grassroots Democratic Party (GDP) បង្កើត​ឡើង ដោយ​សមាជដំបូង កាល​ពី​ថ្ងៃ​ទី​២ សីហា ២០១៥។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​បក្ស​នយោបាយ​តែមួយ​គត់​នៅ​កម្ពុជា ដែល​មាន​ចែង​ជា​លាយលក្ខណ៍​អក្សរ អំពី​គោលការណ៍​ក្នុង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ដឹកនាំ​បក្ស ដោយ​កំណត់​អាណត្តិ​នៃ​ថ្នាក់​ដឹកនាំ​គ្រប់​កម្រិត មាន​រយៈពេល​ ៣ឆ្នាំ​ ហើយ​អាច​ឈរ​បាន​តែពីរ​អណត្តិ។

មួយ​ឆ្នាំ​មក​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រមូល​បាន សមាជិក​ក្នុង​ប្រទេស​ប្រមាណ ២០០០​នាក់ ក្នុង​នោះ​ស្រ្តី មាន​រហូត​ដល់ ២៥% និង​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​មួយ​ចំនួន​ទៀត មក​ពី​ប្រទេស​បារាំង ស្វីស អាល្លឺម៉ង់ អាមេរិក ជាដើម​ ដែល​តែង​រួម​វិភាគ​ទាន​ទ្រទ្រង់​បក្ស​ជា​ប្រចាំ។ ស្រប​តាម បេសកកម្ម​របស់ គបម គឺបណ្តុះ​អ្នក​ដឹកនាំ​ល្អ និង​កសាង​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស បក្ស​ថ្មី​មួយ​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ១៥៥​លាន​រៀល ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ និង​ពេល​វេលា​យ៉ាង​ច្រើន ទៅ​លើ​ការ​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​ល្អ ប្រកប​ដោយ​សីលធម៌​ល្អ នៅ​ថ្នាក់​មូលដ្ឋាន។ យ៉ាងហោច​ណាស់ សមាជិក​បក្ស​ រស់​នៅ​ក្នុង ១៧០ឃុំ សង្កាត់​ (៧០ស្រុក ១៦ខេត្ត​ រាជធានី) ឬ​សរុប​ប្រមាណ ១១៥៥នាក់ ធ្លាប់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​នៅ​ថ្នាក់​មូលដ្ឋាន។

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កំពុង​ត្រៀម​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ ១០០ឃុំ ដើម្បី​ដណ្តើម​សន្លឹក​ឆ្នោត និង​ត្រៀម​ខ្លួន​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ខាង​មុខ ដោយ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ ២០​ឃុំ ដែល​ជា​ឃុំ​គម្រូ​ល្អ ហើយសង្ឃឹម​ឈ្នះ​យ៉ាង​ប្រាកដ​។ អគ្គលេខាធិការ​បក្ស បញ្ជាក់​ថា នេះ​ជា​យុទ្ធសាស្រ្ត​ ដ៏​មាន​ប្រសិទ្ធភាព​មួយ។ ទោះបី​មិន​រំពឹង​ថា អាច​ឈ្នះ​កៅអី រដ្ឋសភា ច្រើន​នៅ​ឆ្នាំ​២០១៨ តែ​បក្ស​នេះ មាន​គោល​នយោបាយ​ថ្នាក់​ជាតិ គឺ​បំបែក​សម្លេង ៥០% បូក​មួយ របស់​បក្ស​កាន់​អំណាច ដើម្បី​បង្ខំ​អោយ​បក្ស​កាន់​អំណាច ចេះ​រៀន​ពី​របៀប​ជជែក ពិគ្រោះ​យោបល់​ជាមួយ​បក្ស​ដទៃ​ទៀត ក្នុង​ការ​បង្កើត​រចនាសម្ព័ន្ធ​សភា និង​អនុម័ត​ច្បាប់​សំខាន់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ