អានតួអត្ថបទ
កម្ពុជា-គ្រឿងញៀន

៩ ខែ ដើម​ឆ្នាំ ២០១៦៖ ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​តែ​បន្ត​កើន​ឡើង

យៈ​ពេល ៩ ខែ ដើម​ឆ្នាំ ២០១៦ អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ១៨ ៥៥៥ នាក់ កើន​ឡើង ២៩,៦៣ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៥។ ក្នុង​នោះ អ្នក​ដែល​មិន​ទាន់​បានទៅ​ទទួល​សេវា​ព្យាបាល​មាន​ប្រមាណ​ជាង ៤៩% ហើយ អ្នក​ដែល​បាន​នឹង​កំពុង​ទៅ​ទទួល​សេវា​ព្យាបាល​មាន​ប្រមាណ​ ៥០% អាយុ​ចន្លោះ ពី ១៨ ទៅ ៣៥ ឆ្នាំ ។ នេះ​បើ​តាម របាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​ ត្រួត​ពិនិត្យ​គ្រឿង​ញៀន រយៈ​ពេល ៩ ខែ ឆ្នាំ ២០១៦ និង ទិស​ដៅការងារ​ត្រួតពិនិត្យ​គ្រឿង​ញៀន ត្រី​មាស​ទី ៤ របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន។

ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា កាលពីពេលកន្លងទៅ។
ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា កាលពីពេលកន្លងទៅ។ @RFI
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ក្នុង​រយៈ​ពេល ៩ ខែ ដើមឆ្នាំ ២០១៦ មាន​ចំនួន ១៨ ៥៥៥ នាក់ ដែល​បាន​កើន​ឡើង​ចំនួន ៤២៤២ នាក់ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១៥។ បើ​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ភាគ​ច្រើន មាន​អាយុ​ចាប់​ពី ១៨ ដល់ ២៥ ឆ្នាំ មាន​ចំនួន ៤៣,៦ ភាគរយ។

ចំណែក​ឯ​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​វិញ ក៏​មាន​ការ​កើន​ឡើង​ដូច​គ្នា ពោល​គឺ​មាន​ចំនួន ៣៤០៦ ករណី​ រួម​ទាំង​បទ​ល្មើស​ប្រើ​ប្រាស់ ដោយ​កើន​ឡើង​ចំនួ​ន ១២១៦ ករណី ស្មើ​នឹង ៥៥,៥២% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៥។

លោក មាស វីរិទ្ធ អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ចំនូន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​តែ​បន្ត​កើន​ឡើង មាន​ដូច​ជា៖ ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពី​ទី​ក្រុង​ទៅ​ជន​បទ ខ្លឹម​សារ​នៃ​សារ​អប់​រំ​អាច​នៅ​មិន​ទាន់​មាន​ភាព​ទាក់​ទាញ ចំពោះ​មហាជន​ទូទៅ ឬ អាចទៅ​មិន​ដល់​ក្រុម​ជន​គោល​ដៅ​ងាយ​ប្រឈម​ខ្ពស់​នឹង​គ្រោះថ្នាក់ និង កម្មវិធី​និង​សកម្មភាព​ផ្សេងទៀត របស់​ក្រសួង​ស្ថាប័ន នៅ​ពុំ​ទាន់​អនុវត្ត​បានសកម្ម និង លទ្ធភាព​ដែល​ខ្លួន​មាន​។

ជា​ការ​កត់​សម្គាល់ កម្ពុជា​នៅ​តែ​បន្ត​រង​ឥទ្ធិពល​ពី​បញ្ហា​គ្រឿង​ញៀន ទាំង​ការ​ចរាចរ​ឆ្លង​កាត់ ទាំង​ការ​ផ្តត់​ផ្គង់​ពី​ក្រុមឈ្មួញ​សម្រាប់​ការ​ប្រើ​ប្រាស់ ដែល​ស្ថាន​ភាព​បែប​នេះ ធ្វើ​ឲ្យ​និន្នាការ​នៃការ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស បាន​រីក​រាល​ដាល​ពី​ទីក្រុង ទីប្រជុំជន រហូត​ដល់​ទីជនបទ​មួយ​ចំនួន។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ការ​ចរាចរ​គ្រឿង​ញៀន ឆ្លង​កាត់​ព្រំដែន​គោក​ចូល​មក​កម្ពុជា នៅ​តែ​ត្រូវ​បាន​កត់​សម្គាល់​ទៅ​លើ​ច្រក​ព្រំដែន​នៃ​បណ្តាខេត្ត​ភាគ​ខាង​ជើង និង ភាគ​ឥសាន​នៃ​ប្រទេស។ គ្រឿង​ញៀន ដែល​នាំ​ចូល​តាម​ច្រក​ព្រំដែន ភាគ​ខាង​ជើង ភាគ​ច្រើន​ជា​ប្រភេទ​មេតំហ្វេតាមីន​ គ្រាប់ មេតំហ្វេ​តា​មីន​ម្សៅ និង ហេរ៉ូអ៊ីន។ ចំណែក​គ្រឿង​ញៀន​ដែល​នាំ​ចូល តាម​ច្រក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជា​គ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីន និង កាកូអ៊ីន ដែល​បណ្តាញ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន​អន្តរជាតិ ​នាំ​មក​ពី​តំបន់​អាមេរិក​ខាង​ត្បូង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ