អានតួអត្ថបទ
កម្ពុជា

អង្គការ​សហប្រជាជាតិ ចាត់​ទុក ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥ នាក់ គឺ​មិន​ត្រឹម​ត្រូវ​ តែ​រដ្ឋាភិបាល ច្រាន​ចោល

អង្គការ​សហប្រជាជាតិ ស្តីពី​ការ​ឃុំ​ឃាំង​ដោយ​ឥត​ច្បាប់ (WGAD) បាន​ប្រកាស​ថា ការ​ឃុំ​ខ្លួន​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា និង សកម្មជន​ការពារ​សិទ្ធិមនុស្ស ចំនួន ៤ នាក់​ផ្សេងទៀត ថា គ្មាន​ភាព​ត្រឹមត្រូវ។ ចំណែក​ឯ​អង្គ​ការ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​វិញ បាន​ទទូច​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ដែល​កំពុង​ជាប់ឃុំ​ឲ្យ​បាន​ឆាប់​រហ័ស និង​ផ្តល់​សំណង​សមរម្យ​ដល់​អ្នក​ទាំងនោះ។ ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ចាត់​ទុក​ថា ការ​លើក​ឡើង​យ៉ាង​ដូច្នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​ដល់​ដំណើរ​ការ​នីតិវីធី​របស់​តុលាការ។

អង្គការសហប្រជាជាតិ ចាត់ទុក ការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង ៥ នាក់ គឺមិនត្រឹមត្រូវ តែរដ្ឋាភិបាល ច្រានចោល
អង្គការសហប្រជាជាតិ ចាត់ទុក ការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង ៥ នាក់ គឺមិនត្រឹមត្រូវ តែរដ្ឋាភិបាល ច្រានចោល @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក និង​អន្តរជាតិ កាល​ពី​ម្សិលមិញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ថ្កោលទោស​ចំពោះ​ការ​បន្ត​ឃុំខ្លួន លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់ គជប និង​មន្ត្រី​សិទ្ធិ​មនុស្ស ៤ នាក់ ផ្សេងទៀត។ អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ឃុំ​ឃាំង​ដោយ​ឥត​ច្បាប់​នេះ បាន​ទទួល​ស្គាល់​នូវ​ការ​រំលោភ​បំពាន លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥ នាក់ សិទ្ធិ​ក្នុង​ការ​ស្នើ​និង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ផ្អែក​តាម វិជ្ជាជីវៈ​ និង​ផ្តល់​ការ​ប្រឹក្សា​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​ទាំង​ការ​ជួយ​ក្នុង​ការ​ក្របខណ្ឌ​ការពារ​សិទ្ធិ​មនុស្ស។

ការ​ប្រកាស​ទទួល​ស្គាល់​នេះ គឺ​បន្ទាប់​ពី​អង្គការ ដែល​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ចំនួន ៥ រួម​មាន ដូចជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក អង្គការ​លីកាដូ និង​អង្គការ​ឃ្លាំ​មើល​ថែ​រក្សា​អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​អនុម័ត​នូវ​អនុសាសន៍ ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​បាន​រើសអើង​ដោយសារ​តែ​អ្នក​ទាំង​នោះ ធ្វើ​ការ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​សិទ្ធិ​ស្មើគ្នា ចំពោះ​មុខ​ច្បាប់​ និង​សិទ្ធិ​ការពារ​ពី​ច្បាប់​ស្មើ​គ្នា​របស់​អ្នក​ទាំងនោះ ក៏​ត្រូវ​បាន​រំលោភ​បំពាន យោង​តាម​មាត្រា ២៦ នៃ​កតិ​សញ្ញា​អន្តរជាតិ​ស្តីពី​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

អង្គការ​ខាងលើ​នេះ ក៏​បាន​សើ្ន​សុំ​ឲ្យ​មាន​ការ​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់ ចំពោះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។ ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ លោក មិន​ទាន់​បាន​មើល​របាយការណ៍​លម្អិត ថា​តើ​ការ​លើក​ឡើង​របស់ អង្គការ​សហប្រជាជាតិ ផ្អែក​តាម សាច់​រឿង អង្គហេតុ ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​យ៉ាងណា​ខ្លះ ដែល​ឈាន​ទៅ​ដល់​ការ​សន្និដ្ឋាន​បែប​នេះ។ អ្នកនាំពាក្យ​រូបនេះ បានស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ គួរតែ ប្រគល់​ភស្តុតាង និង​សាក្សី មក​ឲ្យ មេធាវី​របស់​ជន​ជាប់​ចោទ ដើម្បី​តវ៉ា​តាមផ្លូវ​តុលាការ ជា​ជាង ការ​អត្ថាធិប្បាយ​ណា​មួយ ដែល​អាចដាក់​សម្ពាធ​​ទៅ​លើ​តុលាការ​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់​ដា និង​អ្នកស្រី លឹម មុន្នី ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ដោយ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​នាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ។

ចំណែក​លោក នី ចរិយា អគ្គលេខាធិការរង គ.ជ. កំពុង​រុំ​ព័ទ្ធ​ដោយ​បណ្តឹង​ចំនួន​ពីរ។ កាលពី​ថ្ងៃទី២២ កញ្ញា កន្លងទៅ លោក ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការក្រុង​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦លាន​រៀល ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍ បរិហារ​បង្កាច់​កេរ្តិ៍ និង​ពីបទ​ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​តុលាការ​ខេត្តសៀមរាប។ ហើយ​បណ្តឹង​មួយទៀត​នោះ​គឺ លោក នី ចរិយា ក៏​កំពុង​ជាប់​បណ្ដឹង ទាក់ទង​នឹង​រឿងអាស្រូវ​ស្នេហា​របស់លោក កឹម សុខា និង​នាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដោយ​លោក​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទ​ពីបទ​សមគំនិត​សូកប៉ាន់​សាក្សី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ