អានតួអត្ថបទ
កម្ពុជា

ការ​រំលឹក​រឿង​អតីតកាល​គឺ​ជា​បញ្ឆេះ​បញ្ហា​ផ្ទៃ​ក្នុង​ហ្វ៊ុន​ស៊ិន​ប៉ិច​បច្ចុប្បន្ន

អគ្គលេខាធិការ​ប្រតិ​បត្តិ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច លោក សាយ ហាក់ នៅ​ព្រឹក​ថ្ងៃទី​១ កុម្ភៈ​ នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​បន្ទាប់​ពីការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​សម្តេច​ក្រុមព្រះ​ និង​លោក ញឹក ប៊ុនឆៃ កំពុង​តែ​ផ្ទុះ​ឥត​ឈប់។ អគ្គ​លេខាបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​បាន​បញ្ជាក់​ថា​គ្មាន​ការ​បែក​បាក់​ហ្វ៊ុនស៊ិនប៉ិច​សាជា​ថ្មី​នោះ​ទេ ប៉ុន្តែ​លោក​ញឹក ប៊ុនឆៃ​បាន​អះ​អាង​ថា ការ​រំលឹក​រឿង​អតីតកាល​ដែល​ហែក​ហួរ​គ្នា​គឺ​ជា​បញ្ឆេះ​ដែល​ធ្វើ​ឱ្យ​ហ្វ៊ុនស៊ិនប៉ិច​បន្ត​មាន​ជម្លោះ​ពាក្យ​សម្តី​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ដូច​បច្ចុប្បន្ន។​

លោក ញឹក ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​គណប​ក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ចុះ​ហត្ថាលេខា​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោត្តមរណឫ​ទ្ឋិ​
លោក ញឹក ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​គណប​ក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ចុះ​ហត្ថាលេខា​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោត្តមរណឫ​ទ្ឋិ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​រំលឹក​រឿង​អតីត​កាល​រវាង​ក្រុម​លោក ញឹក ប៊ុនឆៃ និង​ក្រុម​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ គឺជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​ជម្លោះ​ក្នុង​ជួរ​ក្បាល​ម៉ាស៊ីន​ហ្វ៊ុនស៊ិនប៉ិច​បន្ត​រហូត​មិន​ទាន់​ចប់។ នាពេល​ចុង​ក្រោយ​នេះ មេ​ដឹក​នាំ​គណបក្ស​លោក ញឹក ប៊ុន ឆៃ និង​សម្តេច​ក្រុម​ព្រះ បាន​ឆ្លើយ​ឆ្លង​សារ​ឱ្យ​ផ្លែគ្នា​ទៅវិញ​ទៅមក​ដោយ​ម្ខាង​ចោទ​ប្រកាន់ ម្ខាង​សុំ​សិទ្ធ​បក​ស្រាយ។ ការ​ចោទ និង​ការ​បក​ស្រាយនេះ បណ្តាល​ឱ្យ​មាន​មតិ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា​ហ៊្វុន​ស៊ិនប៉ិច នឹង​អាច​បែក​គ្នា​សារ​ជា​ថ្មី ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក ញឹក ប៊ុនឆៃ និង​សម្តេច​ក្រុម​ព្រះ​មើល​មុខ​គ្នា​មិន​ចំ ខណៈ​ដែល​មេដឹក​នាំទាំងពីរ​គឺជា​អតីត​អ្នក​ស្មោះត្រង់​នឹង​គ្នា?
 

អនុ​ប្រធានទី២​គណបក្ស លោក ញឹក ប៊ុន​ឆៃ បាន​លើកឡើង​ថា សម្តេច​ក្រុម​ព្រះ​តែង​តែ​យក​រឿង​អតីត​កាល​មក​រំលឹក និង​ចោទ​លោក​ថា គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​ការ​ទម្លាក់​ព្រះ​អង្គ​កាល​ពី​ឆ្នាំ២០០៦ ការ​លក់ និងការដោះ​ដូរ​​ស្នាក់ការ​គណបក្ស រួម​ទាំង​ការ​ចោទ​ថា​លោក ញឹក ប៊ុនឆៃ គឺ​ជា​អ្នក​ធ្វើ​ឱ្យ​សូន្យ​កៅ​អី​កាល​ពីការបោះឆ្នោត​អាណត្តិមុន​ជាដើម។ លោក ញឹក ប៊ុន​ឆៃ បាន​សង្កត់​ធ្ងន់​ថា ចំណុច​ទាំង​នេះ​រូប​លោក​មិន​អាច​ទទួល​យក​ទាំង​ស្រុង​បាន​ទេ ហើយ​ថា​សម្តេច​ក្រុម​ព្រះទ្រង់​គួរ​តែ​ទទួល​យក​ខុស​ផង​ដែរ ។

អនុ​ប្រធាន​គណបក្ស​ដែល​ជា​អ​តីត​អ្នកស្មោះ​ត្រង់​របស់​សម្តេច​ក្រុម​ព្រះ បាន​រំលឹក​​ថា មុន​ពេល​បង្រួប​បង្រួម​ហ៊្វុន​ស៊ិនប៉ិច​ឡើង​វិញ​កាល​ពី​ខែមករា ឆ្នាំ​២០១៥​នោះ ការចរចាត្រី​ភាគី​រវាង​សម្តេច​ក្រុម​ព្រះ ព្រះអង្គ​ម្ចាស់ក្សត្រី​អរុណ​រស្មី និង​លោកញឹក ប៊ុន​ឆៃ បាន​សម្រេច​ជា​ឯកច្ឆន្ទ័​ថា ក្រោយ​ការ​បង្រួប​បង្រួម​រឿង​អតីត​កាល​ទាំងអស់​ដែល​បាន​កើត​ឡើង​គឺ​បំភ្លេច​ចោល​ទាំង​ស្រុង ការចុះ​មូលដ្ឋាន​គឺ​ត្រូវ​តែមា​ន​លោកញឹក ប៊ុនឆៃ​ដង្ហែ​សម្តេច​ក្រុមព្រះ​ដើម្បី​បង្ហាញ​ពីការបង្រួបបង្រួម​ជាដើម។

ប៉ុន្តែចំណុចទាំងនេះ មិនត្រូវបានគោរពនោះទេ។ ក្រោយ​ការផ្ទុះ​ជម្លោះ​រវាង​ជួរ​ថ្នាក់​ដឹក​នាំ​បក្សរាជានិយម​ទាំងពីរ​កាន់​តែ​ស្រួច​ស្រាវ លោក​សាយ ហាក់ អគ្គលេខាធិការ​ហ៊្វុន ស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃទី​១ កុម្ភៈ​បាន​ធ្វើ​សន្និ​សីទ​សារព័ត៌​មាន​ហើយ​បញ្ជាក់​ថា គ្មាន​ការ​បែក​បាក់​គ្នា​រវាង​សម្តេច​ក្រុម​ព្រះ ប្រធានគណបក្ស និង​លោក ញឹក​ប៊ុនឆៃ​ អនុប្រធានទី២​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ។

ទន្ទឹម​នឹង​នេះ​លោក ញឹក ប៊ុនឆៃ​ បាន​អះអាង​ថា​ក៏​គ្មាន​គម្រោង​នៃ​ការ​បែក​បាក់​នោះ​ដែរ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា កាល​ពី​មុន​បង្រួប​បង្រួម​ក្រុម​ការងារ​ហ៊្វុនស៊ិនប៉ិច​ចាស់​របស់​លោក​ងាយស្រួល​ធ្វើការ​ជាង​នាពេល​បច្ចុប្បន្ន​ក្រោយ​បង្រួប​បង្រួម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ