អានតួអត្ថបទ
កម្ពុជា-ច្បាប់

ច្បាប់​ថ្មី៖ អ្នក​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ​នឹង​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ

នៅ​ព្រឹក​នេះ គណៈរដ្ឋមន្រ្តី​កម្ពុជា​ដែល​ដឹក​នាំ​ប្រជុំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នេះ គឺ​រដ្ឋាភិបាល​បាន​បញ្ចូល​មាត្រា​ថ្មី​មួយ​ទៀត​ដោយ​កំណត់​ដាក់​ទោស​ទណ្ឌ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​លើ​ជន​ណា​ដែល​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ។ សេចក្តី​ព្រាង​វិសោធនកម្ម​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​ឲ្យ​ប្រើ​ប្រាស់។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

មាត្រា​ថ្មី​ស្តី​ពី​ការ​ដាក់​ទោស​ទណ្ឌ​លើ​ជន​ណា​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ​នឹង​ត្រូវ​បញ្ចូល​បន្ថែម​ទៅ​ក្នុង​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គន្ថី​ទី​៤ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ដោយ​ប្រើ​ប្រាស់​មាត្រា​ស្ទួន ៤៣៧។ មាត្រា​ថ្មី​នេះ​ចែង​ថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល។ ចំពោះ​នីតី​បុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្តនា្ទ​ទោស​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រម​ទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ភាព​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ដែល​គណៈរដ្ឋមន្រ្តី​កម្ពុជា​ទើប​តែ​អនុម័ត​នៅ​ថ្ងៃ​សុក្រ​នេះ។

តាម​ពិត​ទៅ បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ច្បាប់​ដាក់​ទោស​ទណ្ឌ​ដើម្បី​ការពារ​ដល់​អង្គ​ព្រះមហាក្សត្រ​មាន​ចែង​ចេញ​ជា​មាត្រា​មួយ​ចំនួន​រួច​ទៅ​ហើយ ដូច​ជា​ការ​ធ្វើ​ឃាត​ព្រះ​មហាក្សត្រ​ត្រូវ​ជាប់​ពន្ធនាគារ​មួយ​ជិវិត ការ​ធ្វើ​ទារុណកម្ម​ឬ​អំពើ​ឃោរឃៅ​ចំពោះ​ព្រះ​មហាក្សត្រ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១០​ទៅ​២០​ឆ្នាំ និង ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​ព្រះ​មហាក្សត្រ​ត្រូវ​ជាប់​ទោស​ពី​៧ ទៅ​១៥​ឆ្នាំ​ជា​ដើម។ ប៉ុន្តែ​ត្រង់​បទ​ល្មើស​ជេរ​ប្រមាថ​កាត​ទាន​ចំពោះ​ព្រះ​មហាក្សត្រ​វិញ មិន​ទាន់​មាន​ចែង​នៅ​ក្នុង​ច្បាប់​នៅ​ឡើយ​ទេ។ ហេតុ​ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​មាត្រា​ថ្មី​បន្ថែម​ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដើម្បី​ដាក់​ទោស​ជន​ណា​ដែល​ប្រពឹ្រត្ត​បទ​ល្មើស​បែប​នេះ។

ជា​ការ​កត់​សម្គាល់ ការ​បង្កើត​មាត្រា​ច្បាប់​ថ្មី​ដើម្បី​ដាក់​ទោស​ទណ្ឌ​ដល់​អុ្នក​ប្រមាថ​ចំពោះ​ព្រះ​មហាក្សត្រ​នេះ គឺ​បាន​ផ្តួច​ផ្តើម​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​លោក​លឺ ឡាយស្រេង ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច និង​ដែល​ធ្លាប់​ធ្វើ​ជា​ឧបនាយក​រដ្ឋមន្រ្តី​ផង បាន​និយាយ​ប៉ះ​ពាល់​ដល់​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៧​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​នូវ​មាត្រា​ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​ធានា​លើក​ស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះ​កិត្តិនាម​របស់​អង្គ​ព្រះ​មហាក្សត្រ ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​របស់​កម្ពុជា និង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ​ស្រប​តាម​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែង​ថា អង្គ​ព្រះ​មហាក្សត្រ មិន​អាច​រំលោភ​បំពាន​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ