អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ នឹង​ប្រកាស​សមាសភាព​គ.ជ.ប​ថ្មី​នៅ​ថ្ងៃទី១៣​ មេសា​មុន​ចូលឆ្នាំ​ខ្មែរ

រដ្ឋសភាជាតិ នឹង​បើក​កិច្ច​ប្រជុំ​អនុម័ត​ និង​ប្រកាស​ជា​ផ្លូវ​ការ​នូវ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​នៅ​ថ្ងៃ​ទី​១៣ ​មេសា​ខាង​មុខនេះ ​ពោល​គឺ ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឈានចូល​មក​ដល់។ ​នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់លោក​ឈាង វុន​ អ្នកនាំពាក្យ​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​ទី១៨មីនា​នេះ។ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នឹង​ដំណើរ​ការ​នីតិវិធី​ប្រកាស​និង​ជ្រើសរើស​បេក្ខភាព​សមាសភាព​គ.ជ.ប ​បន្ទាប់​ពី​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​គ.ជ.ប​ត្រូវ​រដ្ឋសភា​ប្រជុំ​អនុម័ត​នៅ​ថ្ងៃ​ទី​១៩ មីនា​ ស្អែក​នេះ។

ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយនាពេលកន្លងមក។
ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយនាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នឹង​លេច​ចេញ​រូបរាង​ជា​ផ្លូវការ​នៅ​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់​នៅ​ពេល​ខាង​មុខ​នេះ។ ​លោក​ឈាង វុន​ ប្រធាន​គណៈកម្មការ​ទី៥​ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨​មីនា​ថា ​រដ្ឋសភា​​នឹង​កោះ​ប្រជុំ​អនុម័ត​ និង​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី១៣ ​ខែ​ក្រោយ​នេះ ​គឺ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មួយ​ថ្ងៃ។

ការ​ប្រកាស​របស់​អ្នកនាំពាក្យ​រដ្ឋសភា​នៅ​ពេល​នេះ​ គឺ​បាន​ធ្វើឡើង​មួយ​ថ្ងៃមុន​សេចក្តី​ស្នើ​ច្បាប់​​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​សេចក្តី​ស្នើច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នឹង​ត្រូវ​រដ្ឋសភា​បើក​ការ​ប្រជុំ​វិសាមញ្ញ ​ដើម្បី​ពិភាក្សា ​និង​អនុម័ត​នៅ​ថ្ងៃ​១៩​ មីនា។ ​បើ​តាម​លោក​ឈាង វុន​ បន្ទាប់​ពី​សេចក្តី​ស្នើច្បាប់​ដ៏​ចម្រូងចម្រាស​ទាំងពីរ​នេះ​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ និង​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រហស្ថលេខា​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ពោល​គឺ​អាច​នៅ​ថ្ងៃ​ទី​២៧ ​មីនា​ខាងមុខ​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​រៀបចំ​ដំណើរការ​នីតិវិធី​ប្រកាស​ជ្រើសរើស​បេក្ខភាព​សមាសភាព​គ.ជ.ប។ ​លោក​ឈាង វុន ​បញ្ជាក់​ថា ​ចំពោះ​ដំណើរ​ការ​នីតិវិធី​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មាន​រយៈពេល​១០ថ្ងៃ​សម្រាប់​ធ្វើ​កិច្ចការ​នេះ​ មុន​ដាក់​ទៅ​កាន់​រដ្ឋសភា​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ និង​អនុម័ត។

សូម​បញ្ជាក់​ថា​ ចំពោះ​ការ​ជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នេះ ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​សម្រេច​យក​រូបមន្ត ​៤ ៤ ១ គឺ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ការ​ជ្រើសរើស​បេក្ខភាព​៤នាក់ ​និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ជ្រើសរើស​ចំនួន​៤នាក់​ដូចគ្នា។ ​ចំណែក​បេក្ខភាព​ម្នាក់​ទៀត​​ដែល​ត្រូវ​បាន​ចាត់ទុកថា ​ជា​បុគ្គល​ឯករាជ្យ​នោះ​គឺ​គណបក្ស​ទាំងពីរ​នឹង​ធ្វើ​ការ​ជ្រើសរើស​រួមគ្នា។ ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤ ​ក្រោយ​ពី​បិទ​បញ្ចប់​ទាំង​ស្រុង​នូវ​វិបត្តិ​នយោបាយ​ គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត​ដាច់​ដោយឡែក​ទៅ​កាន់​លោក​ស្រី​ពុង ឈីវកេក ​នាយិកា​អង្គការ​លីកាដូ ​ដើម្បី​ស្នើសុំ​លោកស្រី​ធ្វើ​ជា​សមាជិក​ទី៩​នៃ​សមាសភាព​គ.ជ.ប។ ​ភា្លមៗ​ លោកស្រី ​ពុង ឈីវកេក​ ព្រម​ទទួល​តំណែង​ជា​សមាជិក​គ.ជ.ប​ថ្មី​ ប៉ុន្តែ​មាន​លក្ខខណ្ឌ​។ ​​ក៏ប៉ុន្តែ ​មក​ដល់​ពេល​នេះ ​លោក​ស្រី​ពុង ​ឈីវកេក​ មិន​ទាន់​ច្បាស់លាស់​ចំពោះ​មុខ​តំណែង​នេះ​នោះ​ទេ​ បន្ទាប់​គណបក្ស​ទាំងពីរ​បាន​តាក់តែង​ច្បាប់​ដោយ​កំណត់​ឲ្យ​សមាជិក​គ.ជ.ប​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​តែ​នោះ។

យ៉ាងណា​ក៏​ដោយ​ ខាង​គណបក្សសង្គ្រោះជាតិ​ បាន​សម្រេច​ជ្រើសរើស​បេក្ខភាព​មួយ​រូប​រួច​ហើយ​ក្នុងចំណោម​បេក្ខភាព​ទាំង​បួនរូប ​នោះ ​គឺ​លោក​គួយ ប៊ុនរឿន។ ​ចំណែក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ​មិនទាន់​បាន​បង្ហាញ​ពី​បេក្ខភាព​ដែល​ខ្លួន​សម្រេច​ជ្រើសរើស​នៅឡើយ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ