អានតួអត្ថបទ
កម្ពុជា

ការិយាល័យ​បោះ​ឆ្នោត​​​ទូទាំង​ប្រទេស​ត្រៀម​ខ្លួនស្ទើរ​រួចរាល់​​ហើយ​ដើម្បី​បើក​ទ្វារ​​​នៅ​ថ្ងៃអាទិត្យ

គិត​ត្រឹម​ថ្ងៃ​ទី​៣​មិថុនា​នេះ ការិយាល័យ​បោះ​ឆ្នោត​ទាំងអស់​នៅ​ទូទាំង​ប្រទេស បាន​ត្រៀមខ្លួន​ស្ទើរ​រួច​រាល់​ហើយ ដើម្បី​បើក​ទ្វារ​ទទួល​ម្ចាស់​ឆ្នោត​នៅ​ថ្ងៃ​ស្អែក​។ បើ​ទោះ​បី​ជា​កន្លង​មក គជប បាន​ពើប​ប្រទះ​បញ្ហា​មួយ​ចំនួន​ក៏​ដោយ ក៏​អ្នក​នាំ​ពាក្យ គជប បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា បញ្ហា​ទាំង​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​​។

ពលរដ្ឋ​ខ្មែរ​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក។
ពលរដ្ឋ​ខ្មែរ​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក។
ផ្សាយពាណិជ្ជកម្ម

ដោយ​រួម ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តាមការិយាល័យ​បោះ​ឆ្នោត​ទាំង​ជាង​២​ម៉ឺន​២​ពាន់​ការិយាល័យ បាន​សម្រេច​ប្រមាណ​៩៩​ភាគ​រយ​ហើយ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គជប​ នៅ​ថ្ងៃ​ទី​៣​មិថុនា​។ ក្នុង​នោះ បើ​តាម​លោក ហង្ស ពុទ្ធា គជប បាន​បណ្ដុះ​បណ្ដាល​មន្ដ្រី​បោះ​ឆ្នោត​របស់​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ត្រៀមបើក​ទ្វារ​ទទួល​ប្រជាពលរដ្ឋ​នៅម៉ោង​៧​ព្រឹក​ថ្ងៃ​អាទិត្យ​។ ចំណែក​សម្ភារៈ​ដែល​បម្រើដល់​ការ​បោះ​ឆ្នោត ជា​អាថិ៍ សន្លឹក​ឆ្នោត បញ្ជីឈ្មោះ​បោះ​ឆ្នោត ទឹក​ថ្នាំខ្មៅ​ជ្រលក់​ម្រាម​ដៃ ត្រា​សម្ងាត់ និង​បន្ទប់​សម្ងាត់​ជា​ដើម ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់ដែរ ​និង​ត្រូវ​បាន​រក្សា​ទុក​យ៉ាង​ហ្មត់ចត់​ត្រឹម​ត្រូវ​។

សម្រាប់​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​ដែល​ជួប​បញ្ហា​​​កាល​ពី​ថ្ងៃ​សុក្រ ឥឡូវ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​។ ក្នុង​នោះ សម្រាប់​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ​កោះជាវាំង ខេត្ត​បាត់ដំបង ដែល​លិច​ទឹក ​សម្បូរ​កំប្លោក ហើយ​មិន​អាច​ដឹក​សម្ភារៈ​ចូល​បាន ពេល​នេះ​អាជ្ញាធរបាន​សហការ​ជាមួយ​ប្រជាពលរដ្ឋនិងអ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ជួយ​គ្នា​វែក​កំប្លោក​ចេញ ដើម្បី​អនុញ្ញាត​ឲ្យ​កាណូត​លឿន​ដឹក​ជញ្ជូន​សម្ភារៈ​បោះ​ឆ្នោតចូល​ទៅ​បាន​។ ដោយ​ឡែក ការិយាល័យ​បោះ​ឆ្នោត​នៅ​ខេត្ត​ប៉ៃលិន​ដែល​លិច​ទឹក គណៈកម្មការ​ខេត្តរៀបចំ​ការ​បោះ​ឆ្នោត​ បាន​សម្រេច​ប្ដូរ​ពី​កន្លែង​ដែល​បាន​គ្រោង​ទុក ទៅ​កន្លែង​មួយ​ទៀត​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ចាស់​។

តាម​រយៈការងារ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ លោក ហង្ស ពុទ្ធា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ទៀត​ថា គ្មាន​បញ្ហា​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទេ​។ គជប បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​អាយុ​និង​មាន​ឈ្មោះ​បោះ​ឆ្នោត ត្រៀម​ឯកសារ​ពាក់ព័ន្ធ​ដែល​បម្រើ​ដល់​ការ​បោះ​ឆ្នោត ព្រម​ទាំង​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ដែល​មាន​បិទ​ផ្សាយ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​​។ ឬ​បើ​ពុំ​ដូច្នោះទេ ពលរដ្ឋ​អាច​ស្វែង​រក​ឈ្មោះ​ខ្លួន​លើ​គេហទំព័រ ឬទាក់ទង​ទៅ​ក្រុម​ការងារ​បញ្ជី​បោះ​ឆ្នោត តាម​លេខ​ទូរសព្ទ ១៨០០២០១៧ ដោយ​ឥត​គិត​ថ្លៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ