អានតួអត្ថបទ
កម្ពុជា

សង្ឃ​ប្រកាស ដាក់​កំហិត​ចំពោះ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​របស់​ព្រះ​សង្ឃ

អនុសំវច្ឆរ​មហា​សន្និបាត ដែល​ជា​ការ​ប្រជុំ​មន្ដ្រី​សង្ឃ​ទូ​ទាំង​ប្រទេស​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ម្សិល​មិញ​ តាម​រយៈ​ការ​ចេញ​សង្ឃ​ប្រកាស​ដ៏​សំខាន់​មួយ​ ផ្ដោត​លើ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​ព្រះ​សង្ឃ​។ ​ ដោយ​សារ​តែ​មាន​ការ​មើល​ឃើញ​ថា ព្រះ​សង្ឃ​មួយ​ចំនួន បាន​ទទួល​ឥទ្ធិពល​អវិជ្ជមាន​ពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា ដូច​ជា​បណ្តាញ​សង្គម​ Facebook ជា​ដើម ទើប​សង្ឃ​ប្រកាស​ចុះ​ថ្ងៃ​ទី ១៤​ធ្នូ បាន​តម្រូវ​ឲ្យ​មាន​ការ​អប់​រំ​ណែ​នាំ និង​ដាក់​កំហិត​ដល់​ព្រះ​សង្ឃ​ ឲ្យ​ងាក​មក​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ ក្នុង​ផ្លូវ​ត្រឹម​ត្រូវ​វិញ។ តាម​សង្ឃ​ប្រកាស ប្រសិន​បើ​បព្វជិត​ពុទ្ធ​សាសនា អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​បាន​ត្រឹម​ត្រូវ នោះ​នឹង​ផ្តល់​តម្លៃ​ធំ​ធេង​ដល់​ព្រះ​ពុទ្ធ​សាសនា ព្រម​ទាំង​សង្គម​ជាតិ​ទាំង​មូល​បាន​ច្រើន​។

អនុសំវច្ឆរ​មហា​សន្និបាត
អនុសំវច្ឆរ​មហា​សន្និបាត @FB/លេខាធិការដ្ឋានគណៈសង្ឃ
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ ជា​ពិសេស​គឺ​ចៅ​អធិការ​វត្ត ត្រូវ​អប់​រំ​ណែនាំ និង​ដាក់​កំហិត​ដល់​ព្រះ​សង្ឃ ឲ្យ​ចេះ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​វិន័យ​សីលធម៌ ប្រាស​ចាក​ភាព​ខុស​ឆ្គង និង​ភាព​ឥត​សណ្តាប់​ធ្នាប់ ហើយ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​ជា​កុសល ដែល​នាំ​ប្រយោជន៍​ដល់​ព្រះ​ពុទ្ធ​សាសនា និង​សង្គម​តែ​ម្យ៉ាង​ប៉ុណ្ណោះ។ នេះ​គឺ​ជា​ចំនុច​សំខាន់​មួយ​ ក្នុង​ចំណោម​ចំនុច​ផ្សេង​ទៀត នៅ​ក្នុង​សង្ឃ​ប្រកាស​បន្ទាប់​ពី​មាន​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​ ២៦ ដែល​បាន​ធ្វើ​ឡើង​នៅ​សាល​មហាស្រព​ចតុម្មុខ រាជធានី​ភ្នំពេញ រយៈ​ពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​ ១៣ ដល់​១៤​ធ្នូ​ថ្មីៗ​នេះ។

បើ​តាម​សង្ឃ​ប្រកាស ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា ដែល​មន្ត្រី​​សង្ឃ​ជាន់​ខ្ពស់​ បាន​យក​ចិត្ត​ទុក​ដាក់ ​ពី​ព្រោះ​វា​មាន​ឥទ្ធិពល​ ២​យ៉ាង គឺ​វិជ្ជមាន និង​អវិជ្ជមាន។ វិជ្ជមាន ដោយ​សារ​​ព្រះ​សង្ឃ អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​នេះ ក្នុង​ការ​ការងារ​របស់​ខ្លួន និង​អភិវឌ្ឍ​វិស័យ​ព្រះ​ពុទ្ធ​សាសនា។ ប៉ុន្តែ​មាន​ព្រះ​សង្ឃ​មួយ​ចំនួន​តូច បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​ព្រះ​សង្ឃ និង​ពុទ្ធសាសនា។ តាម​ការ​សង្កេត​ជាក់​ស្តែង ព្រះ​សង្ឃ​នា​ពេល​បច្ចុប្បន្ន មួយ​ចំនួន​ធំ បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សាសនា ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​តូច បាន​ប្រើ​ប្រាស់​ដើម្បី​ភាព​កម្សាន្ត​រីករាយ​ហួស​ប្រមាណ ដែល​បណ្តាល​ឲ្យ​ខុស​វិន័យ រហូត​មាន​ព័ត៌មាន​ពី​ការ​ចាប់​ផ្សិក​ជា​បន្ត​បន្ទាប់។

ក្រៅ​ពី​ប្រការ​នេះ នៅ​ក្នុង​សង្ឃ​ប្រកាស​ដែល​មាន​ព្រះ​សង្ឃ​ចូល​រួម​ប្រមាណ ៧០០​អង្គ​នោះ ក៏​មាន​លើក​ឡើង​ពី​ ការ​បន្ត​ជម្រុញ​សម្រាប់​ការ​អប់រំ​សាសនា គឺ​សាលាពុទ្ធិក​បឋម​សិក្សា នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស ដើម្បី​ពង្រឹង​គុណភាព​អប់រំ​ដល់​សមណសិស្ស និស្សិត ឲ្យ​យល់​ពី​តម្លៃ​នៃ​ភាសា​បាលី សំស្រ្កឹត​ និង​ពុទ្ធ​សាសន​វិជ្ជា​ផង​ដែរ។ លើស​ពី​នេះ ក៏​មាន​ការ​តម្រូវ​ឲ្យ​គ្រប់​វត្ត​អារាម ពង្រឹង​ការ​បដិបត្តិ​ធម៌​វិន័យ ឲ្យ​បាន​ខ្ជាប់​ខ្ជួន សម្តៅ​អប់រំ​កាយ វាចា ចិត្ត​ឲ្យ​ព្រះ​សង្ឃ​សម​ជា​សមណភេទ។ ហើយ​ព្រះ​សង្ឃ​គ្រប់​អង្គ ក៏​ត្រូវ​តែ​ចូល​រួម​អប់​រំ​សីលធម៌ ដល់​ទំពាំង​ស្នង​ឬស្សី​ជំនាន់​ក្រោយ​ ឲ្យ​បាន​ស៊ី​ជម្រៅ នៅ​គ្រប់​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ប្រកាន់​នូវ​ព្រះពុទ្ធ​សាសនា ដែល​ក្នុង​មួយ​ឆ្នាំៗ មាន​ពិធី​សាសនា​ជា​ច្រើន​ហូរ​ហែ។ ការ​ប្រតិបត្តិ​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា ត្រូវ​បាន​ឲ្យ​តម្លៃ​ថា​ដើម្បី​លើក​តម្កើង​សីលធម៌​ក្នុង​សង្គម។ ប៉ុន្តែ​ទោះ​មិន​មាន​ការ​វាយ​តំលៃ​ណា​មួយ​ជាក់​លាក់ ​គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​សីលធម៌​ក្នុង​សង្គម ហាក់​ដូច​ជា​បាន​ធ្លាក់​ចុះ តាម​រយៈ​ការ​មិន​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ការ​រំលោភ​បំពាន និង​ការ​ប្រព្រឹត្ត​ប្រាស់​ចាក​សីលធម៌​មនុស្ស​ធ្ងន់ធ្ងរ​ជា​ដើម។ ទាំង​នេះ ជា​កង្វល់​របស់​មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ ពី​ព្រោះ​គេ​យល់​ឃើញ​ថា ​ព្រះ​សង្ឃ​គ្រប់​អង្គ គួរ​តែ​ជា​គម្រូ ជា​អ្នក​ផ្សាយ​ធម៌​​ ដើម្បី​កែប្រែ​ស្ថានភាព​ឲ្យ​ប្រសើរ ជា​ជាង​ការ​បន្ត​ធ្វើ​ឲ្យ​ដុន​ដាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ