អានតួអត្ថបទ
កម្ពុជា

កម្ពុជា​មាន​ភស្តុតាង​បន្ថែម​ទៀត ដើម្បី​ប្តឹង​ទាមទារ​វត្ថុ​បុរាណ​មក​វិញ

នៅ​ថ្ងៃ​ចន្ទ​នេះ អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា បាន​ប្រគល់​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា «វត្ថុ​បុរាណ​ដែល​បាត់​បង់ ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល និង​សារមន្ទីរ​ខេត្ត​បាត់​ដំបង» ​​ឲ្យ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។ អ្នក​តំណាង​អង្គការ​យូណេស្តូ​ បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា​ តាមរយៈ​សៀវភៅ​មួយ​នេះ កម្ពុជា​អាច​នឹង​មាន​ភស្តុតាង​ច្រើន​បន្ថែម​ទៀត ដើម្បី​ប្តឹង​ទាមទារ​វត្ថុ​បុរាណ​មក​វិញ។

អង្គការ យូណេស្កូ ​ប្រចាំ​នៅ​កម្ពុជា ​បាន​ប្រគល់សៀ​វភៅ​មួយ​មាន​ចំណង​ជើង​ថា ​«វត្ថុ​បុរាណ​ដែល​បាត់បង់​ ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល ​និង​សារមន្ទីរ​ខេត្ត​បាត់ដំ​បង​» ឲ្យ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និ​ងវិចិត្រ​សិល្បៈ​ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦
អង្គការ យូណេស្កូ ​ប្រចាំ​នៅ​កម្ពុជា ​បាន​ប្រគល់សៀ​វភៅ​មួយ​មាន​ចំណង​ជើង​ថា ​«វត្ថុ​បុរាណ​ដែល​បាត់បង់​ ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល ​និង​សារមន្ទីរ​ខេត្ត​បាត់ដំ​បង​» ឲ្យ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និ​ងវិចិត្រ​សិល្បៈ​ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

នៅ​ទីស្តីការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ លោក​ស្រី Anne LEMAITRE តំណាង​អង្គការ​យូណេស្តូ​ប្រចាំ​នៅ​កម្ពុជា បាន​ប្រគល់​ជូន លោក​ស្រី ភឿង សកុណា នូវ​សៀវភៅ​ថ្មី​ដែល​ទើប​នឹង​បោះពុម្ព​ មាន​ចំណង​ជើង​ថា​ «វត្ថុ​បុរាណ​ដែល​បាត់​បង់ ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល និង​សារមន្ទីរ​ខេត្ត​បាត់​ដំបង» Missing Objects from the WAT PO VEAL and Battambang Provincial Museums។

លោក​ស្រី Anne LEMAITRE ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា​ លោក​ស្រី​នឹង​ផ្ញើ​សៀវភៅ​មួយ​ក្បាល​នេះ​ទៅ​ស្ថាប័ន​អង្គការ​វប្បធម៌ និង​សារមន្ទីរ​សំខាន់ៗ​នៅ​ទូទាំង​ពិភព​លោក​ ដើម្បី​ឲ្យ​គេ​បាន​ដឹង​ពី​វត្ថុ​បុរាណ​ ដែល​បាត់​បង់​ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល និង​សារមន្ទីរ​ខេត្ត​បាត់​ដំបង។ ហើយ​តាម​រយៈ​សៀវភៅ​ដ៏​មាន​សារសំខាន់​មួយ​នេះ ប្រទេស​កម្ពុជា​អាច​នឹង​មាន​ភស្តុតាង​ច្រើន​បន្ថែម​ទៀត ដើម្បី​ប្តឹង​ទាមទារ​វត្ថុ​បុរាណ​ ដែល​បាត់​បង់​ទាំង​នោះ​ មក​មាតុភូមិ​វិញ។

សូម​ជម្រាប​ជូន​ថា សៀវភៅ​«វត្ថុ​បុរាណ​ដែល​បាត់​បង់ ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល និង​សារមន្ទីរ​ខេត្ត​បាត់​ដំបង» មាន​កម្រាស់​ជាង​១២០​ទំព័រ​ ​រៀប​រាប់​អំ​ពី​ភិន​ភាគ រូប​រាង និង​ព័ត៌មាន​លម្អិត​ពីរូប​បដិមា​ចំនួន​៦៧​ ដែល​បាន​បាត់​បង់​ទៅ​​។ ជា​ការ​កត់​សម្គាល់​ សៀវភៅ​នេះ ពិសេស​ត្រង់​ថា​ អ្នក​ជំនាញ​ជន​ជាតិ​ខ្មែរ​ ជា​អ្នក​សរសេរ​និង​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ ហើយ​អ្នក​ជំនាញ​បរទេស​គ្រាន់តែ​ជាទី​​ប្រឹក្សា​ គឺ​ខុស​ពី​សៀវភៅ​មុនៗ ដែល​ជន​បរទេស​ជាអ្នក​រៀប​ចំស្ទើរ​ទាំង​ស្រុង​។ ចំពោះ​ការ​បោះ​ពុម្ព​លើក​ទី​១នេះ​ មាន​ចំនួន​៦០០​ច្បាប់ ដែល​មិន​មាន​អនុញ្ញាត​ឲ្យ​ដាក់​លក់​តាម​ទីផ្សារ​ទេ គឺស​ម្រាប់​​ផ្សព្វ​ផ្សាយ​ដោយ​ឥត​គិត​ថ្លៃ​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​នេះ អ្នក​ជំនាញ​របស់​អង្គការ​យូណេស្កូ​កំពុង​រៀប​ចំ​ដាក់​ក្នុង​អ៊ិនធឺណិត​ ដើម្បី​ឲ្យ​សារធារណជន​អាច​ទាញ​យក​ដោយ​សេរី ជា​ទម្រង់ PDF។

គួរ​រម្លឹក​ជូន​ដែរ​ថា កាល​ពី​ឆ្នាំ​១៩៩៣ អង្គការ​យូណេស្កូ បាន​ផ្សាយ​សៀវភៅ​មួយ​ចំណង​ជើង​ថា «បុរាណ​វត្ថុ​ចំនួន​១០០​ដែល​បាត់​បង់»​ ពី​ប្រទេស​កម្ពុជា ហើយ​បោះ​ពុម្ព​លើក​ទី​២​នៅ​ឆ្នាំ​១៩៩៧។ ជា​លទ្ធផល មាន​វត្ថុ​បុរាណ​ចំនួន​១០ បាន​វិល​ត្រឡប់​មក​មាតុភូមិ​វិញ ពី​សារមន្ទីរ​នៅ​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក ស្វីស និង​អាល្លឺម៉ង់​ ជា​ដើម។ ដូច្នេះ ការ​សៀវភៅ​បោះ​ពុម្ព​ថ្មី​នេះទៀត គឺ​ជា​ការ​អំពាវវនាវ​ឲ្យ​ប្រគល់​វត្តុ​បុរាណ​មក​ប្រទេស​ម្ចាស់​ដើម​វិញ ហើយ​សៀវភៅ​នេះក៏​អាច​នឹង​ក្លាយ​ជា​អំណះ​អំណាង​ជាក់​លាក់​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក​ខ្មែរ ​យក​ជា​ភស្តុតាង​ផ្លូវ​ច្បាប់​ សម្រាប់​ទាម​ទារ​វត្ថុ​បុរាណ​របស់​ខ្លួន​​មក​វិញ​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ