អានតួអត្ថបទ
កម្ពុជា

ក្រសួង​ដែនដី បដិសេធ​ព័ត៌មាន​ដែល​ថា​អាល្លឺម៉ង់​នឹង​ផ្តាច់​ជំនួយ​ផ្នែក​ដី​ធ្លី

ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិល​មិញ ដោយ​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា“រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្តល់​ជំនួយ​ផ្នែក​កិច្ចការ​ដី​ធ្លី​ដល់​កម្ពុជា”​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពីការ​ពិត និង មិន​បាន​បង្ហាញ​ពី​សមិទ្ធិ​ផល​ដែល​សម្រេច​បាន ពី​កិច្ច​សហប្រតបត្តិការ​កម្ពុជា-អាល្លឺម៉ង់​។

អ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះកំពុងស្នាក់អាស្រ័យក្នុងវត្តសាមគ្គីរង្ស៊ី
អ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះកំពុងស្នាក់អាស្រ័យក្នុងវត្តសាមគ្គីរង្ស៊ី Im navin@
ផ្សាយពាណិជ្ជកម្ម

ការ​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​តប​នឹង​ការ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ទី​ ០៥ ខែកុម្ភៈ របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​។

ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយ​កម្ម និង​សំណង់ បាន​លើក​ឡើង​ថា ភាគី​អាល្លឺម៉ង់​បាន​ទទួល​ស្គាល់​នូវ​វឌ្ឍន​ភាព និង ភាព​ជោគជ័យ នៃ​កិច្ចសហ​ប្រតិបត្តិការ ដែល​សម្រេច​បាន​នៅ​លើ​វិស័យ​ដី​ធ្លី ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក។ ក្រសួង​បន្ត​ថា ជំនួយ​របស់​ភាគី​អាល្លឺម៉ង់ បាន​ផ្តល់​នូវ​ចំណេះដឹង ​និង ជំនាញ​ដល់​ភាគី​កម្ពុជា ព្រម​ទាំង​បាន​រួម​ចំណែក​ក្នុង​កម្មវិធី​កំណែ​ទម្រង់​វិស័យ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

ដោយ​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា“រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្តល់​ជំនួយ​ផ្នែក​កិច្ចការ​ដី​ធ្លី​ដល់​កម្ពុជា”​ ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ ពន្យល់​ថា ជំនួយ​បច្ចេកទេស​របស់​អាល្លឺម៉ង់ លើ​កម្មវិធី​ដីធ្លី នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែ​មិថុនា ឆ្នាំ ២០១៦​ខាង​មុខ តាម​កិច្ច​ព្រម​ព្រាង​សហប្រតិបត្តិការ​ទ្វេរ​ភាគី មិន​មែន​ដោយ​មូល​ហេតុ​បរាជ័យ​នោះ​ទេ។

ក្រសួង​បន្ត​ទៀត​ថា ក្រសួង​នៅ​បន្ត​ទទួល​ជំនួយ​បច្ចេក​ទេស​របស់​អាល្លឺម៉ង់ លើ​គម្រោង​លើក​កម្ពស់​ជីវភាព រស់​នៅ និង សន្តិសុខ​ស្បៀង ជា​បន្ត​ទៀត​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៧ ឯណោះ។ ហើយ​គម្រោង​នេះ នឹង​ត្រូវ​អនុវត្ត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល នៅ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃុំ និង ខេត្ត​កំពង់​ធំ។

វិទ្យុ​បារាំង​អន្តរជាតិ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​នេះ។

ប៉ុន្តែ លោក គិត ទូច មន្ត្រី​ជាន់​ខ្ពស់​កម្មវិធី​អភិបាល​កិច្ច​ល្អ និង​ជា​អ្នក​តាម​ដាន​បញ្ហា​ដី​ធ្លី របស់​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ ម្ចាស់​ជំនួយ​ភាគ​ច្រើន​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​ដី​ធ្លី ដូច​ជា ហ្វាំង​ឡង់ អាល្លឺម៉ង់ និង សុយ​អ៊ែត ជា​ដើម មាន​និន្នការ​ចាក​ចេញ​ពី​កម្ពុជា។ ការ​ចាក​ចេញ​នេះ មក​ពី​កម្ពុជា មាន​ធន​ធាន​មនុស្ស​ដែល​អាច​ម្ចាស់​ការ​បាន​ដោយ​ខ្លួន​ឯង​ ក្នុង​ការ​គ្រប់​គ្រង​វិស័យ​ដី​ធ្លី ព្រម​ទាំង​មាន​គោល​នយោបាយ​ដី​ធ្លី រួច​ស្រេច​បាច់​អស់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ