អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការងារ​ណែនាំ​សហគ្រាស​ឲ្យ​ប្រើប្រាស់​ឡ​ចំហាយ ដោយ​ប្រុងប្រយ័ត្ន និង​សុវត្ថិភាព​ខ្ពស់

ក្រសួង​ការងារ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ បានធ្វើ​ការ​ណែ​នាំ​មួយ​ដល់​ម្ចាស់​គ្រឹះស្ថាន ជា​ពិសេស​សហគ្រាស​កាត់​ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​ទាំង​អស់​ឲ្យ​អនុវត្ត ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ប្រតិបត្តិ​ការ​ប្រព័ន្ធ​ឡ​ចំហាយ​ប្រកប​ដោយ​សុវត្ថិភាព។ ការ​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី មាន​ហេតុការណ៍​ផ្ទុះ​ឡ​ចំហាយ​សម្រាប់​អ៊ុត​ខោ​អាវ​មួយ​នៅ​រោងចក្រ​កាត់ដេរ ស៊ាន​តាយ កាល​ពី​ខែ​មីនា​កន្លង​ទៅ។

កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ជា​ថ្មី​ម្តង​ទៀត បាន​បញ្ជាក់​ដល់​សហគ្រាស គ្រឹះស្ថាន​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ប្រើ​ប្រាស់​ឡ​ចំហាយ ដែល​មាន​ប្រព័ន្ធ​ធានា​សុវត្ថិភាព ស្រប​តាម​បញ្ញត្តិ​ជា​ធរមាន ក្នុង​នោះ​ក៏​មាន​និយាយ​ពី​ការ​ត​ដំឡើង​ប្រព័ន្ធ​ឡ​ចំហាយ​តាម​លក្ខណៈ​បច្ចេកទេស​ពី​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ ដោយ​ត្រូវ​ចាក់​ភ្ជាប់​ជើង​ទម្រ​ឡ​ចំហាយ​ជាមួយ​បេតុង និង​រៀប​ចំ​វិធានការ​ការពារ​សុវត្ថិភាព មុន​ពេល​ប្រតិបត្តិការ​ប្រព័ន្ធ​ឡ​ចំហាយ។

នៅ​ក្នុង​លិខិត​បង្គាប់​បញ្ជា​របស់​ក្រសួង​ការងារ ដែល​រួម​មាន ៩​ចំណុច ក៏​បាន​លើក​ឡើង​ផងដែរ​ពី​ការ​រៀប​ចំ​ឲ្យ​មាន​បទ​បញ្ជា​ការងារ និង​ការ​ថែ​រក្សា​ឲ្យ​បាន​ស្អាត​ជានិច្ច​សម្រាប់​អ្នក​បញ្ជា​ប្រព័ន្ធ​ឡ​ចំហាយ។ ការ​មើល​ថែទាំ​និង​ត្រួត​ពិនិត្យ​ឡ​ចំហាយ​ជា​ប្រចាំ និង​វត្តមាន​ជាប់​ជានិច្ច​របស់​អ្នក​បញ្ជា​ឡ​ចំហាយ។ មាន​ការ​វាយ​តម្លៃ​ហានិភ័យ​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឡ​ចំហាយ ដោយ​អ្នក​ជំនាញ ដើម្បី​ការពារ​ហានិភ័យ​នៃ​ការ​ផ្ទុះ និង​ផ្តល់​ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព រួម​នឹង​ការ​ណែ​នាំ​មួយ​ចំនួន​ទៀត។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ២២ មីនា កន្លង​ទៅ​នេះ កម្មការិនី​នៃ​រោងចក្រ​ស៊ានតា​យ មួយ​រូប បាន​ស្លាប់ និង ៧​នាក់​ផ្សេង​ទៀត​រង​របួស​បណ្តាល​មក​ពី​ការ​ផ្ទុះ​ដ៏​កក្រើក នូវ​ឡ​ចំហាយ​សម្រាប់​អ៊ុត​ខោ​អាវ។ អ្នក​មើល​ការ​ខុស​ត្រូវ​ឡ​ចំហាយ​មួយ​រូប​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន។ ក៏​ប៉ុន្តែ​ហេតុការណ៍​នេះ ត្រូវ​គេ​បន្ទោស​ទៅ​លើ​ការ​ធ្វេស​ប្រហែស​របស់​ម្ចាស់​រោងចក្រ​កាត់ដេរ រួម​នឹង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ផង​ដែរ​ពី​ការ​ធ្វេស​ប្រហែស មិន​បាន​អនុវត្ត​នូវ​គោលការណ៍«ការពារ​ជាមុន ប្រសើរ​ជាង​ការ​ព្យាបាល»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ