អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌​ បង្កើត​ក្រុម​ការងារ​ពិសេស ​ដើម្បី​ពិនិត្យ​បែប​បទ និ​ង​នីតិវិធី​នៃ​ការ​ប្រឡង​សិស្ស​ចៅក្រម​

រឿងរ៉ាវ​ចម្រូង​ចម្រាស់​ជុំវិញ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ នៃ​រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​នៅ​តែ​បន្ត។ ​ក្រសួង​យុត្តិធម៌ ​កាល​ពី​ម្សិលមិញ ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​បែប​បទ​ ក៏​ដូចជា​នីតិវិធី​នៃ​ការ​ប្រឡង​សិស្ស​ចៅក្រម។​ ជា​ការ​ប្រឡង​ ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ខាង​មុខ​ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​ សម្រេច​លើក​ពេល​គ្មាន​កាល​កំណត់។ ​

ចៅក្រម​​តុលាការ​​សាលា​​ដំបូង​​ខេត្ត​កណ្តាល​​ពីរ​នាក់​​បានត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​​អំពើ​​ពុក​រលួយ​
ចៅក្រម​​តុលាការ​​សាលា​​ដំបូង​​ខេត្ត​កណ្តាល​​ពីរ​នាក់​​បានត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​​អំពើ​​ពុក​រលួយ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ​ក្រសួង​យុត្តិធម៌​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ។ ​ក្រុម​ពិសេស​នេះ​ នឹង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​បែប​បទ​ ក៏​ដូចជា​នីតិវិធី​នៃ​ការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​៧ ​នៃ​រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ​ដើម្បី​ធានា​តម្លាភាព​ ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ការ​ប្រឡង។​ ជា​ក្រុម​ការងារ​ ដែល​មាន​សមាសភាព​៨​រូប​ ដឹកនាំ​ដោយ​លោក​ ហ៊ី សោភា ​ជា​ប្រធាន ​អម​ដោយ​អនុប្រធាន​២​រូប ​និង​សមាជិក​៥​រូប​ផ្សេង​ទៀត។​ លោក​ ជីន ម៉ាលីន អ្នក​នាំពាក្យ​នៃ​ក្រសួង​យុត្តិធម៌​ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា​ ក្រុម​ការងារ​ពិសេស​នេះ​ នឹង​ចាប់​ផ្ដើម​ធ្វើការ​តាំង​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​ហើយ។​

ទន្ទឹម​នឹង​ការ​បង្កើត​ក្រុម​ការងារ​ពិសេស​នេះ​ លោក អង្គ វង្ស វឌ្ឍានា ​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​ ក៏​បាន​សម្រេច​លើក​ពេល​នេះ​ ការ​ប្រឡង​សិស្ស​ចៅ​ក្រម​ជំនាន់​ទី​៧ ​ដោយ​គ្មាន​កាល​កំណត់​ផង​ដែរ។​ នេះ​បើ​តាម​លិខិត​របស់​លោក​ អង្គ វង្ស វឌ្ឍានា ​ផ្ញើ​ទៅ​កាន់​ប្រធាន​រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ។​ លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ បញ្ជាក់​ថា​ ក្រសួង​បាន​សម្រេច​លើក​ពេល​នៃ​ការ​ប្រឡង​ និង​សម្រេច​បញ្ជូន​ក្រុម​ការងារ​របស់​ក្រសួង ​ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​បែប​បទ​ និង​នីតិវិធី​នៃ​ការ​ប្រឡង ​ក្នុង​គោល​បំណង​ធានា​ឲ្យ​កាន់​តែ​មាន​តម្លាភាព ​និង​ភាព​ត្រឹមត្រូវ​យុត្តិធម៌។​

គួរ​កត់​សម្គាល់​ថា ​ចំណាត់​ការ​របស់​ក្រសួង​យុត្តិធម៌​ពេល​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បដិសេធ​មិន​ចូលរួម​សង្កេតការណ៍​ដំណើរ​ការ​ប្រឡង​ប្រជែង​ជ្រើស​រើស​សិស្ស​ចៅ​ក្រម​ជំនាន់​ទី​៧។ ​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ វិច្ឆិកា​ លោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ឡើង​ថា​ រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ​គ្មាន​ឆន្ទៈ ​និង​មិន​មាន​ការ​សហការ​ល្អ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

​ការ​សម្រេច​មិន​ចូលរួម​សង្កេតការណ៍​របស់​អង្គភា​ពប្រឆាំង​អំពើ​ពុករលួយ ​ធ្វើ​ឲ្យ​លោក អំ​ សំអាត ​មន្ដ្រី​ស៊ើប​អង្កេត​ជាន់​ខ្ព​ស់នៃ​អង្គកា​រលីកាដូ ខកចិត្ត​ និង​សោកស្ដាយ​យ៉ាង​ខ្លាំង។ ​លោក​ អំ សំអាត សង្កត់​ធ្ងន់​ថា ការ​ចូលរួម​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​សារៈ​សំខាន់​ណាស់ ដើ​ម្បី​បញ្ចៀស ​និង​បញ្ចប់​ភាព​មិន​​ប្រក្រតី ​ក៏​ដូចជា​អំពើ​ពុក​រលួយ ​ដែល​អាច​កើត​មាន​ឡើង​​នៅ​ពេលប្រឡង​សិស្ស​ចៅ​ក្រម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ