អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បំពេញ​បែប​បទ​ឡើង​វិញ

សំណើ​សុំ​ចុះ​បញ្ជី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នៅ​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​បដិសេធ​ភ្លាម​ៗ​ក្រោយ​ពិនិត្យ​ឃើញ​ថា​ខុស​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ជា​ធរមាន។ ប៉ុន្តែ លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​បាន​ដំណឹង​នេះ​នៅ​ឡើយ​ទេ។

សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត នា​ពេល​កន្លង​មក​។
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត នា​ពេល​កន្លង​មក​។ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​ក្រសួង​តម្រូវ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​បំពេញ​បែបបទ​ឡើង​វិញ​ជា​ថ្មី​ក្រោយ​ពិនិត្យ​ឃើញ​ថា​ខុស​នីតីវិធី ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​ទី​០៣​សីហា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ចំណុច​ដែល​ខ្វះ​ចន្លោះ​គឺ​ប្រវត្តិ​រូប​នៃ​អ្នក​បង្កើត​គណបក្ស​មិន​មាន​បិទ​រូប​ថត។ ហើយ​ក្នុង​ប្រវត្តិរូប​នេះ​ទៀត​សោត​ចំនួន​នៃ​អ្នក​បង្កើត​គណបក្ស​មិន​គ្រប់​តាម​ចំនួន​ដែល​ច្បាប់​កំណត់​៧នាក់ ប៉ុន្តែ​មាន​តែ​៥​នាក់។ បើ​តាម​លោក ខៀវ សុភ័គ ក្រោយ​កែ​សម្រួល​ហើយ ក្រសួង​នៅ​រង់ចាំ​ទទួល​ការ​ចុះ​បញ្ជី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ថ្មី។​

លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​ចំនួន​បី​នាក់​បាន​យក​លិខិត​សុំ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ តែ​រហូត​មក​ដល់​ពេល​នេះ​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ក្រសួង​លោក​នៅ​មិន​ទាន់​ដំណឹង​ពី​ក្រុម​ការងារ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា ​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​មន្ដ្រី​សង្គម​ស៊ីវិល និង​បញ្ញវ័ន្ត​មួយ​ចំនួន។ រចនាសម្ពន្ធ​ថ្មី របស់​បក្ស​នេះ​រួម​មាន​ លោក ​យ៉េង វិរៈ ជាប់​ឆ្នោត​ជា​ប្រធាន ​លោក ​សាម ​ស៊ុន​ឌឿន​ ជាប់​ឆ្នោត​ជា​អនុ​ប្រធាន ​លោក​សាម​ អ៊ីន ​ជា​អគ្គ​លេខាធិការ ​និង​លោក​ ប៉ោ ​សេដ្ឋា ​ជា​ហេរញ្ញិក។ ការ​បោះ​ឆ្នោត​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០២​ខែ​សីហា​ ដោយ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​៦​រូប ​និង​មាន​អ្នក​ចូល​រួម​បោះ​ឆ្នោត​ប្រមាណ​១០៤​នាក់។ ​ក្នុង​ថ្ងៃ​ជា​មួយគ្នា​នេះ​ គណបក្ស​ក៏​បាន​បោះ​ឆ្នោតជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ឃុំ​គំរូ​ទាំង​១០​ផង​ដែរ​។

ជា​ការ​កត់​សម្គាល់​ថ្មី​ៗ​នេះ​ នៅ​កម្ពុជា​មាន​គណបក្ស​ថ្មី​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​ដែល​ក្នុង​នោះ​រួម​មាន​គណ​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​ដែល​មាន​លោក​សួន​ សេរីរដ្ឋា ​ជា​ប្រធាន។ ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ ដែល​មាន​លោក ម៉ម សុណង់ដូ​ជា​ប្រធាន ​និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដែល​មាន​លោក យ៉េង​ វិរៈ​ជា​ប្រធាន​គណបក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ