អានតួអត្ថបទ
កម្ពុជា-សង្គម

​អ្នក​នាំ​ពាក្យ​៖ ជំនួប​ជាមួយ​លោក​ស្រី រ៉ូណា ស្មីត ប្រកប​ដោយ​ការ​យោគ​យល់​គ្នា​ច្រើន​ជាង​លើក​មុនៗ​

លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៣០ ខែមេសា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់ រដ្ឋា​ភិបាល​កម្ពុជា​។ ជា​ជំនួប ដែល​មាន​ការ​ពិភាក្សា​លើ​ទិដ្ឋ​ភាព​បច្ចេក​ទេស​ជុំវិញ​ការ​វិវត្តន៍​នៃ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​បាន​ជជែក​រឿង​នយោបាយ​ឡើយ​។ នេះ​បើ​តាម​គណៈ​កម្មាធិការ សិទ្ធិ​មនុស្ស​កម្ពុជា​។ 

ជំនួបជាមួយ លោកស្រី រ៉ូណា ស្មីត
ជំនួបជាមួយ លោកស្រី រ៉ូណា ស្មីត @សហការី
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​លោក​ស្រី រ៉ូណា ស្មីត លើក​ទី៧នេះ ភាគី​ទាំង​ពីរ​បាន​ ជជែក​គ្នា​ជុំវិញ​ប្រធាន​បទ​មួយ​ចំនួន ដូច​ជា​ការ​អនុវត្ត​អានុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ មនុស្ស​នៅ​ប្រទេស​កម្ពុជា ការ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​ត្រួត​ពិនិត្យ​របស់​អង្គការ​សហ​ប្រជាជាតិ និង​មាន​ការ​លើក​ឡើង​ច្រើន​ពី​បញ្ហា​ចង្អៀត​ណែន​នៃ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ​។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា​កម្ពុជា​បាន​អនុវត្ត​តាម អនុ​សាសន៍ ដែល​លោក​ស្រី រ៉ូណា ស្មីត បាន​ផ្តល់​ឲ្យ​កាល​ពី​ជំនួប​លើក​ទី៦​កន្លង​មក ដោយ​មិន​មាន​ការ យឺត​យ៉ាវ​ទេ​។

ពាក់​ព័ន្ធ​ទៅ​នឹង​របាយ​ការណ៍​ត្រួត​ពិនិត្យ​ជា​សកល​តាម​កំណត់​លើក​ទី៣ នៃ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃទី៣០​ខែមករា កន្លង​ទៅ ប្រទេស​កម្ពុជា​បាន​ទទួល​យក​អនុសាសន៍​ចំនួន​១៧៣ និង​ធ្វើ​ការ​កត់​សម្គាល់​ចំនួន​២៥ ក្នុង​ចំណោម​អនុសាសន៍​ចំនួន​១៩៨ ពី​ប្រទេស​ចំនួន​៧៣​។ អនុ​សាសន៍​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​អនុវត្ត ដោយ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋា​ភិបាល ដែល​ចំនុច​នេះ លោក​ស្រី រ៉ូណា ស្មីត បង្ហាញ​នូវ ការ​សរសើ ដោយ​សារ​កម្ពុជា​អនុវត្ត​កាត​ព្វកិច្ច​ជា​អន្តរជាតិ​បាន​ល្អ និង​ទាន់​ពេល​វេលា​។ នេះ​បើ​តាម​លោក ជិន ម៉ាលីន​។

លើស​ពីនេះ លោកស្រី រ៉ូណា ស្មីត ក៏​បាន​លើក​មក​ជជែក​ផង​ដែរ ដោយ​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជា​មាន ដំណោះ​ស្រាយ​ជុំវិញ​ការ​ចង្អៀត​ណែន​នៃ​ពន្ធនាគារ ពង្រីក​បន្ថែម​មណ្ឌល​អប់រំ កែប្រែ​និង​ស្តារ​នីតិ​សម្បទា អ្នក​ញៀន​គ្រឿង​ញៀន​។

ដោយ​មិន​មាន​បរិយាកាស​តឹង​សសៃ​ក​ដាក់​គ្នា លោក ជិន ម៉ាលីន បញ្ជាក់​ទៅ​កាន់​លោក​ស្រី រ៉ូណា ស្មីត ថា​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​យុត្តិធម៌ កំពុង​តែ​ធ្វើ​ការងារ ជុំវិញ​អនុសាសន៍​នៃ​ការ​ចង្អៀត​ណែន មណ្ឌល​អប់រំ​កែ​ប្រែ និង​ពន្ធនា​គារ ដោយ​មាន​ការ​បង្កើត​ក្រុម​ការងារ​មួយ។ គឺ​ជា​ក្រុម​ការងារ ដែល​ឆ្លើយ​តប ទៅ​នឹង​អនុសាសន៍ ប្រកប​ដោយ​ភាព​ប្រញាប់​ប្រញាល់​។

សូម​រំលឹក​ថា​អ្នក​រាយ​ការណ៍​ពិសេស អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត បាន​មក​បំពេញ​ទស្សន​កិច្ច នៅ​ប្រទេស​កម្ពុជា ចាប់​ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០១៩​។ ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ទស្សនៈ​កិច្ច​របស់ លោកស្រី​ស្មីតផ្តោត ទៅ​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស នា​ពេល​បច្ចុប្បន្ន និង​តាម​ដាន​ពី​ដំណើរ វិវត្តន៍​នានា​ចាប់​តាំង​ពី​បេសកកម្ម​របស់ លោក​ស្រី​កាល​ពី​ខែវិច្ឆិកា​កន្លង​មក​។ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ លោកស្រី រ៉ូណា ស្មីត បាន​ជួប​ជា​លើក​ដំបូង​នៃ​ទស្សន​កិច្ច​លើក​ទី៧​របស់​លោក​ស្រី
នៅ​កម្ពុជា ជាមួយ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា ដោយ​មាន​ការ​ត្អូញ​ត្អែ ពី​សិទ្ធិ​សេរីភាព​របស់​អង្គការ សមាគម ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ពួក​គេ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ