អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សំណុំ​រឿង​ក្លិប​លុច្សសារី​៖ តំណាង​អយ្យការ​ចោទ​ប្រកាន់​មនុស្ស​១៧​នាក់ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​

នៅ​ទីបំផុត​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​មនុស្ស​១៧​នាក់ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ដោយ​ខុស​ច្បាប់​នៅ​ក្លិប​កំសាន្ត​លុច្សសារី​។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​មនុស្ស​១៧នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី១២​មិថុនា​នេះ​។ 

ក្លិបលុច្សសារី
ក្លិបលុច្សសារី @FB
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​បទ​ចោទ​ជួញ​ដូរ​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់ ជន​ល្មើស​ចំនួន​១៧​នាក់​នេះ រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​តាម​រយៈ ការ​សម្រួល​និង​ចាត់​ចែង​ឲ្យ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀ​ន​រួមនឹងការ​រក្សា​ទុក​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​។ បទ​ចោទ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​មាត្រា​៤០ មាត្រា​៤២ និង​មាត្រា​៤៤ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​គ្រឿង​ញៀន និង​មាត្រា​២៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ លោក លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេឡេ​ក្រាម នៅ​ថ្ងៃ​ទី១៣​មិថុនា​នេះ​ថា តំណាង​អយ្យការ​បាន​បញ្ជូន ជន​ល្មើស​១៧​នាក់ និង​សំណុំ​រឿង​របស់​ពួក​គេ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​។

ក្នុង​ចំណោម​ជន​ល្មើស​១៧​នាក់ ដែល​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​គឺ​៥នាក់​ជា​ជនជាតិ​វៀត​ណាម​។ ជន​ជាតិ​រៀត​ណាម​៥​នាក់​នេះ ស្ថិត​ក្នុង​ចំណោម​មនុស្ស​៤០៨​នាក់​ដែល​មាន​ជន​ជាតិ​ខ្មែរ ចិន ម៉ាឡេស៊ី និងសិង្ហបុរី ដែល​កង​កម្លាំង​នគរបាល​ស្នង​ការ​ដ្ឋា​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ចុះ​ទៅ​ឃាត់​ខ្លួន​នៅ​ក្លិប​លុច្សសារី កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៨​ខែមិថុនា​។

គួរ​ជម្រាប​ជូន​ថា ក្លិប​លុច្សសារី​គឺ​ជា​ក្លិប​កំសាន្ត​ធំទី៣ ដែល​សមត្ថកិច្ច​ឆែក​ឆេរ​រក​ឃើញ​មាន​ការ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ បន្ទាប់​ពី​ក្លិប​រ៉ក់​និង​ក្លិប​មៃអាមី​។ កន្លង​មក​ប្រតិបត្តិ​ការ​របស់​សមត្ថកិច្ច​តែង​ទទួល​បាន​ការ​សាទរ​ពី​មហាជន​ក៏​ដូច​ជា​សង្គម​ស៊ីវិល​។ ប៉ុន្តែ​យ៉ាង​ណា​សង្គម​ស៊ីវិល​ចង់​ឃើញ​មាន​ការ​ឃាត់​ខ្លួន​មេក្លោង​ធំ​ដែល​នៅ​ពីក្រោយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​មក​ផ្ដន្ទា​ទោស ខណៈ​មេក្លោង​ធំៗ​មិន​ត្រូវ​បាន​វែក​មុខ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​នោះ​ឡើយ​។

​គួរ​រំឭក​ថា ក្នុង​ឆ្នាំ២០១៨ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង​៨ពាន់​ករណី ឃាត់​ខ្លួន​មនុស្ស​ជាង​១.៦​ម៉ឺននាក់ ដក​ហូត​ថ្នាំ​ញៀន​ជាង​កន្លះ​តោន​។ ម្សិល​មិញ​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង បាន​ប្រកាស​ជា​ថ្មី​ថា នៅ​ឆ្នាំ​២០១៩​នេះ តែ​បញ្ចប់​ការ​ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​តាម​ខារ៉ា​អូខេ និង​ក្លឹប​កំសាន្ត ពី​ព្រោះ​ជា​ការ​ទទួល​ខុស​ត្រូវ​ធំធេង​នៅ​ចំពោះ​មុខ​ប្រវត្តិ​សាស្រ្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ