អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ​មាជ សុវណ្ណរ៉ា ​កំពុង​​មា​ន​​ជំងឺ​

លោក ជួង ជូងី មេធាវីការពារក្ដី​ឲ្យ​លោក មាជ សុវណ្ណរ៉ា ឲ្យដឹងថាលោក មាជ សុវណ្ណរ៉ា កំពុង​មាន​ជំងឺ​ឈឺ​ក្បាល​ខ្លាំង​ហើយ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា លោក​កំពុង​លើស​ជាតិ​ស្ករ។ ប្រឈម​បញ្ហា​នេះ លោក ជួង ជូងី និងមេធាវីដទៃទៀត​នឹង​ពិភាក្សា​ជាមួយ​គ្នា​ដើម្បី​រក​វិធីសាស្ត្រ​ជួយ លោក មាជ សុវណ្ណរ៉ា។

លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​
លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក ជួង ជូងី អះអាងថា លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ស្ថានភាព​របស់​លោក មាជ សុវណ្ណរ៉ា បន្ទាប់​ពី​លោក​បាន​ឃើញ​ស្ថានភាព​ជាក់​ស្ដែង​និង​បាន​ស្ដាប់​ការ​លើកឡើង​របស់ លោក មាជ សុវណ្ណ កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា។ លោក មាជ សុវណ្ណរ៉ា បាន​លើកឡើង​ថា លោក​មាន​អាការៈ​ឈឺ​ក្បាល​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​គិត​ច្រើន។ ម្យ៉ាងទៀត​រូប​លោក​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បាន​ប៉ះ​ទង្គិច​ត្រង់​ក្បាល។ ហើយតាម​ការ​ត្រួត​ពិនិត្យ​របស់​គ្រូពេទ្យ លោក មាជ សុវណ្ណរ៉ា កំពុង​លើស​ជាតិ​ស្ករ។

លោក​មេធាវី ជួង ជូងី និង ក្រុម​មេធាវី​ដទៃ​ទៀត​នឹង​ពិភាក្សា​គ្នា​រក​វិធី​សាស្ត្រ​ផ្នែក​ច្បាប់ដើម្បី​ជួយ​សម្រួល​ដល់​សុខភាព​លោក មាជ សុវណ្ណរ៉ា។ បច្ចុប្បន្ន​សំណុំ​រឿង​លោក មាជ សុវណ្ណរ៉ា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ឧទ្ទរណ៍​ហើយ​ត្រូវបាន​ប្ដឹង​សារទុក​ទៅ​តុលាការកំពូល។ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា​នៅ​ឡើយទេ។

កាលពី​ពាក់​កណ្តាល​ខែ​មិនា​ឆ្នាំ២០១៦​កន្លងទៅតុលាការ​សាលា​ឧទ្ធរណ៏បាន​លើក​យក​ករណី​របស់​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​ប្រឆំាង​ចំនួន​១១​រូប​ផ្សេង​ទៀត មក​បើក​សវនាការ​ជា​ថ្មី ។ ជា​សវនាការ​លើ​បណ្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ​ពាក់​ព័ន្ធ​នឹងសំណុំ​រឿង​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤។ 

គួរ​ជម្រាប​ជូន​ថា លោក មាជ សុវណ្ណារ៉ា មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ រួម​ទាំង​សកម្ម​ជន​​គណបក្សប្រឆាំង​១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចាប់​ពី​៧​ទៅ​២០​ឆ្នាំ​ ពី​បទ​ចូល​រួម និង​ដឹក​នាំ​កុប្បកម្ម​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ១៥ កក្កដា ឆ្នាំ២០១៤។

គិត​ត្រឹម​ខែកញ្ញាឆ្នាំ២០១៦ គឺ​មាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ដែល​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១រូបរួមនិងលោក មាជ សុវណ្ណរ៉ា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃសរ។

គួរ​បញ្ជាក់​ដែរ​ថា លោក មាជ សុវណ្ណារ៉ា ដែល​គេ​ដឹង​ថា មាន​សញ្ជាតិ​អាមេរិកកាំង​ផងនោះ ត្រូវ​បាន​កូន​ស្រី​ច្បង​របស់​ខ្លួន ផ្ញើ​លិខិត​សុំ​អន្តរាគមន៍​ដោះ​លែង ជា​បន្ត​បន្ទាប់​ទៅ​កាន់​ប្រធានា​​ធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​ប្រមុខ​ការ​ទូត​អាមេរិក លោក ចន ឃែរី កាលពី​អំឡុង​ខែ​មករា​កន្លង​ទៅ។ ក៏​ប៉ុន្តែ គេ​មិន​ឃើញ​មាន​ការ​ប្រែ​ប្រួល ឬ​សញ្ញា​វិជ្ជមាន​ណា​មួយនោះ​ទេ ខណៈ​ដែល​ប្រមុខ​ការ​ទូត​អាមេរិក​លោក ចន ឃែរី បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ