អានតួអត្ថបទ
កម្ពុជា

អង្គការ​លីកាដូ​៖ រដ្ឋាភិបាល​ចង់​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​កាត់​បន្ថយ​ទស្សនៈ​រិះគន់​

នៅ​ក្នុង​របាយការណ៍​កម្រាស់​៣០​ទំព័រ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ អង្គការ ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​បង្ហាញ​អំពី​ការ​រក​ឃើញ​ថ្មី​របស់ ខ្លួន ជុំវិញ​ការ​គម្រាម​កំហែង ចំពោះ​សេរីភាព​សារព័ត៌មាន។ បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ រដ្ឋាភិបាល​កម្ពុជា​ចង់​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​កាត់​បន្ថយ​នូវ​ទស្សនៈ​រិះគន់​នានា​ ខណៈ​ដែល​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ខ្លាំង។

ការ​គម្រាម​កំហែង​ចំពោះ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ដែល​ទើប​រក​ឃើញ​ថ្មី​នៅ​កម្ពុជា​។
ការ​គម្រាម​កំហែង​ចំពោះ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ដែល​ទើប​រក​ឃើញ​ថ្មី​នៅ​កម្ពុជា​។ @សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូ
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​លីកាដូ ក្រោម​ចំណង​ជើង ដំណើរ​ឃ្លាត​ចេញ​ពី​អ៊ីនធឺណេត៖ ការ​គម្រាម​កំហែង​ចំពោះ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ដែល​ទើប​រក​ឃើញ​ថ្មី​នៅ​កម្ពុជា  បាន​បង្ហាញ​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណេត​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១៣ មាន​ចំនួន​៣,៨​លាន​នាក់ កើន​ឡើង​ជាង​១០​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១០។ បើ​តាម​អង្គការ​លីកាដូ ការ ប្រើប្រាស់​អ៊ីនធឺណេត​ដែល​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​កម្ពុជា​ដូច្នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បរិយាកាស​ព័ត៌មាន​និង​ការ​បញ្ចេញ​មតិ​ដោយ​បើក​ចំហ និង​សេរី នៅ​ក្នុង​ប្រទេស។

របាយការណ៍​ដដែល​បាន​បន្ត​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណេត  ដើម្បី​ចែក​រំលែក​ព័ត៌មាន​សង្គម ដូចជា​ការ​រំលោភ​យក​ដី​ធ្លី អំពើ​ហិង្សា​ពី​សំណាក់​នគរបាល  អំពើ​ពុក​រលួយ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ដើម។ ក៏​ប៉ុន្តែ សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ដែល​ទើប​រក​ឃើញ​ថ្មី​ៗ​នេះ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​គម្រាម​កំហែង។ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណេត​មួយ​ចំនួន​ត្រូវ​គេ​ប្ដឹង​ដោយ​សារ​តែ​ការ​បញ្ចេញ​ទស្សនៈ​តាម​អ៊ីនធឺណេត។ នេះ​បើ​តាម​អង្គការ​លីកាដូ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នេះ បាន​អះអាង​ថា រដ្ឋាភិបាល​ចង់​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​កាត់​បន្ថយ​ទស្សនៈ​រិះគន់។ អ្នក​ស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ បាន​លើក​ឡើង​ថា  សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ប្រព័ន្ធ​ទូរគមនាគមន៍ បាន​បង្ហាញ​ពី​ការ​ព្យាយាម​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​គ្រប់​គ្រង​ពេញ​លេញ​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​និង​ទូរគមនាគមន៍​នៅ​កម្ពុជា។

តាម​រយៈ​របាយការណ៍​កម្រាស់​៣០​ទំព័រ​នេះ អង្គការ​លីកាដូ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​បំផុត​ដែល​គ្រប់​គ្រង​រាល់​ទម្រង់​នៃ​សកម្មភាព​តាម​អ៊ីនធឺណេត ព្រម​ទាំង​អនុវត្ត​ដំណើរការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ប្រកប​ដោយ​តម្លាភាព។ លីកាដូ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា​ជាតិ បដិសេធ​ចោល​នូវ​ច្បាប់​ទាំង​ឡាយ​ណា ដែល​ដាក់​កំហិត​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​ការ​ទទួល​បាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ