អានតួអត្ថបទ
កម្ពុជា

លីកាដូ​ ៖ ​កុមារ​រស់នៅ​ក្នុង​ពន្ធនាគារ​ កំពុង​រង​បញ្ហាផ្នែក​អាកប្បកិរិយា​និង​ស្មារតី​

កុមារ​ដែល​ធំ​លូតលាស់​ក្នុង​ពន្ធនាគារ ​ដោយ​មិនមាន​ការ​តាមដាន​និង​ចិញ្ចឹម​បីបាច់​ត្រឹមត្រូវ​ បណ្តាល​ឲ្យ​ក្មេង​មាន​បញ្ហា​ផ្នែក​អាកប្បកិរិយា​និង​បញ្ហា​ស្មារតី​។ នេះ​បើ​អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​​និង​​ការពារ​សិទ្ធិ​មនុស្ស​​ ហៅ​កាត់ថា ​(LICADHO​ លីកាដូ) ​ដែល​បាន​ចេញ​របាយការណ៍​​នៅ​​ថ្ងៃ​សុក្រ​ទី ១៤​កុម្ភៈ។ របាយការណ៍​នេះ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេញ​មុខ​​មក​ទទួល​ខុស​ត្រូវ​​ចំពោះ​​​កុមារ​​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ នានា នៅ​​ទូទាំង​ប្រទេស​។​

ក្របសៀវភៅរបាយ​ការណ៍​របស់​អង្គការ​លីកាដូ ផ្សាយ​ថ្ងៃទី​១៤កុម្ភៈ២០១៥
ក្របសៀវភៅរបាយ​ការណ៍​របស់​អង្គការ​លីកាដូ ផ្សាយ​ថ្ងៃទី​១៤កុម្ភៈ២០១៥ Licadho
ផ្សាយពាណិជ្ជកម្ម

«កុមារភាព​នៅក្នុង​ពន្ធនាគារ ការ​ចម្រើន​វ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖រឿងរ៉ាវ​របស់​ដា​រ៉ា» គឺជា​ចំណងជើង​របាយការណ៍​ដែលមាន​កម្រាស១៧ទំព័រ ភាសា​ខ្មែរ​និង​អង់គ្លេស ចុះផ្សាយ​នៅ​ថ្ងៃទី១៤កុម្ភៈ​ឆ្នាំ២០១៥។ ក្នុង​របាយការណ៍​លេខ​ទី២នេះ អង្គការ​លីកាដូ បាន​រៀបរាប់​ពី​ជីវិត​របស់​កុមារា​ ដែល​បាន​រស់​ជាមួយ​ឪពុកម្តាយ​ និង​ជីដូន ដែល​ជាប់ឃុំ​ពីបទ​ឃាតកម្ម នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឬ​ពន្ធនាគារ​ តាខ្មៅ។

ដា​រ៉ា គឺជា​ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ។ ក្រោយពី​មាន​អាយុ​គម្រប់៣ឆ្នាំ ដា​រ៉ា ត្រូវបាន​ឲ្យ​ចាក​ចេញពី​មន្ទីរអប់រំ​កែប្រែ កាល​ខែមីនា​ឆ្នាំ២០១៤។ គួរ​ជម្រាបជូន​ដែរ​ថា ច្បាប់​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​កុមារ​ដែលមាន​ឪពុកម្តាយ​ឃា​ប់​ឃុំ បន្ត​រស់នៅក្នុង​ពន្ធនាគារ​ជាមួយ​ទៀត​ទេ បើ​ពួកគេ​មាន​អាយុ​លើសពី៣ឆ្នាំ។

អង្គការ​លីកាដូ បាន​លើកឡើងថា ការចាកចេញ​របស់​កុមារា​ម្នាក់ ឈ្មោះ ដា​រ៉ា នោះ មិនត្រូវ​បាន​គេ​ពិចារណា​គិតគូរ​ដល់​វិធានការ​សុវត្ថិភាព និង​លក្ខខណ្ឌ​រស់នៅ​សមស្រប​ជាមុន​នោះទេ។ រហូតដល់​វ័យ​ជាង៥ឆ្នាំ​ទៅហើយ កុមារ​នោះ​នៅតែ​មិនទាន់​អាចនិយាយបាន​ដូច​ក្មេង​ដទៃ និង​មាន​បញ្ហា​លូតលាស់​យឺតយ៉ាវ​ជាខ្លាំង។

គិត​ត្រឹម​ខែមករា ដើមឆ្នាំ២០១៥នេះ ក្នុងចំណោម​ពន្ធនាគារ​ចំនួន១៨កន្លែង នៅ​ខេត្ត​ក្រុង​ចំនួន១១ ដែល​អង្គការ​លីកាដូ​បាន​សិក្សា​ស្រាវជ្រាវ មាន​កុមារ​ចំនួន៣៩នាក់ អាយុ​ចន្លោះ​ពី១ខែ​ដល់៤ឆ្នាំ កំពុង​រស់នៅ​ជាមួយ​ម្តាយ​ជាប់ពិរុទ្ធ​ក្នុង​ពន្ធនាគារ​កម្ពុជា។ ក្នុងចំណោម​ទាំង​កុមារ​ទាំង៣៩នាក់​នោះ មាន​កុមារ​ប្រមាណ​ជា​ពាក់កណ្តាល បានចាប់កំណើត​នៅក្នុង​ពន្ធនាគារ ហើយ​កុមារ​ស្ទើរតែ​ទាំងអស់ មិនបាន​ចងចាំ ឬ​មិន​ធ្លាប់​ស្គាល់​ជីវភាព​នៅក្រៅ​របង​ពន្ធ​នាគារ​ឡើយ។

អ្នក​គ្រប់​គ្រប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ អ្នកស្រី នូ សំអន បាន​បញ្ជាក់ថា ក្នុង​ការចេញ​របាយការណ៍​នេះ គឺមាន​ការចូលរួម​វិភាគ​ និង​វាយតម្លៃ​ពី​សំណាក់​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ចិត្តសាស្ត្រ​កុមារ ហើយ​ដែល​រកឃើញថា កុមារ​ដែល​កំពុង​រស់​នៅក្នុង​ពន្ធនាគារ​ក្តី និង​បាន​ចាកចេញ​ហើយ​ក្តី គឺ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្នែក​អាកប្បកិរិយា មានការ​លូតលាស់​យឺតយ៉ាវ​ទាំង​រាងកាយ​ និង​សតិ​ស្មារតី ព្រមទាំង​មាន​បញ្ហា​មិន​ប្រក្រតី​ដូច​កុមារ​ធម្មតា។ ទោះយ៉ាងណា​ក្តី មន្ត្រី​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​រូបនេះ បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ​ខាង​ពន្ធនាគារ​នៅ​មិនទាន់បាន​ទទួលយក​អនុសាសន៍​របស់​អង្គការ​ខ្លួន​ទៅ​ពិចារណា​និង​អនុវត្តបាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​របស់​កុមារ​រស់ក្នុង​ពន្ធនាគារ​ជាមួយ​ឪពុកម្តាយ​ដែល​ជាប់ពិរុទ្ធ​នេះ នៅ​រសៀល​ថ្ងៃអាទិត្យ ទី១៥កុម្ភៈ​នេះ វិទ្យុ​បារាំង​អន្តរជាតិ មិនទាន់​អាច​សូម​ការបំភ្លឺ​ណាមួយ ពី​សំណាក់​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ប្រធាន​ពន្ធនាគារ ម២ ឬ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ​បាន​នោះទេ ដោយសារ​ទូរ​ស័ព្ទ​មិន​ចូល និង​លេខ​ទូរ​ស័ព្ទ​ខ្លះ មិនមាន​​អ្នកទទួល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ