អានតួអត្ថបទ
កម្ពុជា

ច្បាប់​​ស្តី​ពី​​ការ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​ ដែល​​ចាត់​ទុក​ថា​​ជា​ការ​​ប្រញាប់​ ត្រូវ​បាន​​យក​មក​​ពិភាក្សា​

រដ្ឋ​សភា​​ជាតិ​​កម្ពុជា​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ បាន​​បើក​​កិច្ច​ប្រជុំ​ពេញ​អង្គ​​របស់​​ខ្លួន​ ដើម្បី​​ពិភាក្សា​​និង​​អនុម័ត​​ទៅ​លើ​​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី ការ​គ្រប់​គ្រង​​គ្រោះ​ម​ហន្តរាយ​ ជា​​លើក​ដំបូង​​នៅ​​កម្ពុជា​។ សេចក្តី​​ព្រាង​ច្បាប់​​ដែល​​ចាត់​ទុក​ជា​​ការ​ប្រញាប់​​នេះ​ បាន​បង្ហាញ​​ពី​​វិធាន​ការ​​ការពារ​ និង​​វិធី​សាស្ត្រ​​នៃ​​ការ​បង្ការ និង​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​​នៅ​​កម្ពុជា​ ខណៈ​ដែល​​ប្រទេស​​នេះ​ កំពុង​​រង​​ផល​ប៉ះពាល់​​ដោយ​​ភាព​រាំង​ស្ងួត​ និង​​ខ្យល់​​កន្ត្រាក់​​នៅ​​ដើម​រដូវ​វស្សា។​

រដ្ឋសភាលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃព្រហស្បតិ៍ទី៤មិថុនានេះ។
រដ្ឋសភាលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃព្រហស្បតិ៍ទី៤មិថុនានេះ។ RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​រួមមាន១០ជំពូក​និង៤២មាត្រា ត្រូវបាន​រដ្ឋសភា​លើក​យកមក​ពិភាក្សា នៅក្នុង​កិច្ចប្រជុំពេញអង្គ​នា​ថ្ងៃ​ព្រហស្បតិ៍​ទី៤​មិថុនា​នេះ បន្ទាប់ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​រួចរាល់ កាលពី​ថ្ងៃ​ទី៩​ខែមករា​ឆ្នាំ២០១៥។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ចាត់ទុកថា ជាការ​ប្រញាប់ ដោយ​សារតែ បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ ដោយសា​តែ​ការកើនឡើង​នៃ​កំដៅ​នៃ​ពិភពលោក ឥទ្ធិពល​ខ្យល់​កន្ត្រាក់ និង​ភាពរាំងស្ងួត​នៅ​ដើមរដូវ​វស្សា​ជាដើម។

តំណាងរាស្ត្រ​បក្សប្រឆាំង ទាំង​លោក យឹម សុវណ្ណ និង​លោក សុន ឆៃ ដែល​ធ្លាប់​តែ​រិះគន់​ទៅលើ​សេចក្តី​ព្រាងច្បាប់​ដែល​ព្រាង​ដោយ​រដ្ឋាភិបាល​កន្លងទៅ​នោះ បាន​ឯកភាព​ទាំងស្រុង ទៅលើ​ភាព​បន្ទាន់​នៃ​សេចក្តី​ព្រាងច្បាប់​នេះ។ ប៉ុន្តែ​ទន្ទឹមគ្នានេះ លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​បឹង​បួរ ព្រែក រឺ​សកម្មភាព​បូម​ខ្សាច់ រួមទាំង​ការកាប់​ដើមឈើ​ជាដើម ពីព្រោះថា សកម្មភាព​នេះហើយ ដែល​ធ្វើឱ្យមាន​ទឹកជំនន់​និង​ការកើនឡើង​កំដៅ​នៅ​កម្ពុជា។ ចំណែកឯ​លោក សុន ឆៃ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ប្រចាំ​មណ្ឌល​ភ្នំពេញ​ក៍បាន​រិះគន់​ទៅលើ​ការ​លុប​បឹងកក់​កណ្តាល​ទីក្រុង​ភ្នំពេញ ថែមទាំង​បាន​ជម្រុញឱ្យមាន​ការដាំ​ដើមឈើ​នៅ​តំបន់​ដែល​បាត់បង់​ឡើងវិញ​ផងដែរ។

លោក ញឹម វណ្ណដា អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​បាន​ឡើង​ការពារ​សេចក្តី​ព្រាងច្បាប់​នេះ បាន​ឯកភាព​ចំពោះ​សេចក្តី​អំពាវនាវ​របស់​លោក យឹម សុវណ្ណ។ ​លោក ញឹម វណ្ណដា បានបង្ហាញ​ពី​ការខ្វះខាត​ធនធានមនុស្ស​ដែលមាន​ជំនាញ និង​កង្វះ​មធ្យោបាយ​សម្រាប់​បង្កា​និង​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ។

ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ បានចែង​ពី​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ ការ​ដឹក​នាំ​​គ្រប់​គ្រង​ និង​កិច្ចសហប្រតិបត្តិការ​នា​នា សំដៅ​កាត់បន្ថយ និង​បង្កា​គ្រោះមហន្តរាយ ដែល​បង្ករ​ឡើង​ដោយ​មនុស្ស​និង​ធម្មជាតិ។ ច្បាប់​​នេះ​ ក៍​​មាន​ចែង​​ពី​​ការ​ដាក់​ទោស​ទណ្ឌ​​ទៅ​លើ​​សកម្មភាព​​របស់​​ម​នុស្ស​​ដែល​​រារាំង​​កិច្ច​ប្រតិបត្តិការ​​សង្គ្រោះ​បន្ទាន់​ រឺ​​សកម្មភាព​​ដែល​​បង្ក​​ឱ្យ​​មាន​​​គ្រោះ​​មហន្តរាយ​​នេះ​​ផង​ដែរ​។

ការពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ បានធ្វើ​ឡើង ជួន​ចំពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​នៅ​ថ្ងៃទី៥មិថុនា​ស្អែក​នេះ។

សេចក្តី​​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នេះ ទើបតែ​បាន​ពិភាក្សា​និង​អនុម័ត​បាន២ជំពូក​ប៉ុណ្ណោះ ក្នុង​ចំណោម១០ជំពូក​និង៤២មាត្រា។ កិច្ចប្រជុំ​រដ្ឋសភា នឹង​បន្តធ្វើ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ