អានតួអត្ថបទ
កម្ពុជា-សង្គម

​អង្គ​ការ​សមាគម​ធាង​ត្នោត​រក​ឃើញ​ថា បឹង​នៅ​ភ្នំពេញ ជិត​ត្រូវ​បាន​បាត់​បង់​ទាំង​ស្រុង​

អង្គការ​សមាគម​ធាង​ត្នោត បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​២៦​ធ្នូ​នេះ ស្ដី​ពី​តួ​លេខ​បឹង​និង​តំបន់​ដី​សើម​ក្នុង​រាជធានី​ភ្នំពេញ​។ របាយការណ៍​ក្រោម​ចំណង​ជើង​ «បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ» ​រកឃើញ​ថា បឹង​និង​តំបន់​ដី​សើម​ក្នុង​រាជធានី​ភ្នំពេញ ជិត​ត្រូវ​បាន​បាត់​បង់​ទាំង​ស្រុង។​ ​ការ​បាត់​បង់​នេះ បើ​តាម​របាយការណ៍ គឺ​បាន​និង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន ការ​បាត់បង់​ជីវភាព​របស់​ប្រជាពលរដ្ឋ ការ​កើន​ឡើង​នូវ​កម្រិត​ទឹក​ជំនន់ ការ​បំពុល​បរិស្ថាន និង​ការ​បាត់​បង់​ជីវចម្រុះ​ជា​ដើម​។ 

អង្គការសមាគមធាងត្នោតរកឃើញថា បឹងនៅភ្នំពេញ ជិតត្រូវបានបាត់បង់ទាំងស្រុង
អង្គការសមាគមធាងត្នោតរកឃើញថា បឹងនៅភ្នំពេញ ជិតត្រូវបានបាត់បង់ទាំងស្រុង @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​បឹង​ចំនួន​២៦​ដែល​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តាំង​ពី​ឆ្នាំ​១៩៩០​ គឺ​គ្មាន​បឹង​មួយ​ណា​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ចាក់​ដី​លុប​នោះ​ទេ​។ ក្នុង​នោះ បឹង​ចំនួន​១៦​ត្រូវ​បាន​ចាក់​ដី​លុប​ទាំង​ស្រុង រលាយ​បាត់បង់​រូប​រាង​ពី​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ខណៈ​បឹង​ចំនួន​៨​ទៀត​​ត្រូវ​គេ​ចាក់​លុបមួយ​ផ្នែក។ បើ​តាម​របាយការណ៍​របស់​អង្គការ​សមាគម​ធាង​ត្នោត មាន​បឹង​តែ​ពីរ​ប៉ុណ្ណោះ​ដែលរង​ការ​ប៉ះពាល់​តិច​ជាង​​គេ គឺ​បឹង​សំរោង និង​បឹង​តាមោក​ដែល​ទំហំ​បឹង​ទាំង​ពីរ​នេះ នៅ​សល់​ជាង​៥០​ភាគរយ​។ មូលហេតុ​ចម្បង​នៃ​ការ​ចាក់​ដី​លុប​​បឹង​ទាំង​នោះ គឺដោយ​សារ​តម្រូវ​ការ​ផ្នែក​អចលនវត្ថុ របស់​គម្រោង​​សាងសង់​បុរី តំបន់​លំនៅ​ឋាន និង​ទីក្រុង​រណប​។

មិន​ខុស​គ្នា​ពី​បឹង​​ទាំង​នោះ​ទេ នៅ​ភ្នំពេញ តំបន់​វាល​ទំនាប​ដែល​មាន​ដក់​ទឹក​ឬ​ហៅ​ដោយ​ខ្លី​ថា​តំបន់​ដី​សើម ក៏​បាន​បាត់​បង់​យ៉ាង​គំហុក​ផង​ដែរ ក្នុង​អត្រា​ប៉ាន់​ស្មាន​៤០​ភាគរយ ឬ​ស្មើ​នឹង​ប្រមាណ​៤១​គីឡូម៉ែត្រ​ការ៉េ​​។ របាយការណ៍​កត់​សម្គាល់​ថា នៅ​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ​ចុង​ក្រោយ ពោល​គឺ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៩ តំបន់​ដី​សើម​សំខាន់​ៗ ដូច​ជា​នៅ​ជ្រោយ​ចង្វារ​ខាង​ជើង ជ្រោយ​ចង្វារ​ខាង​ត្បូង និង​តំបន់​បឹង​រាជសីហ៍ ត្រូវ​បានគេ​យក​ទៅ​ធ្វើជា​ទីក្រុង​រណប ខណៈ​តំបន់​ច្បារ​អំពៅ​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​តំបន់​លំនៅដ្ឋាន​។ តំបន់​ដី​សើម​ផ្សេង​ៗ​ទៀត ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​ទី​លាន​វាយ​កូន​ហ្គោល និងសាងសង់​ផ្សារ​ជា​ដើម​។

របាយការណ៍​បាន​សង្កត់​ធ្ងន់​ថា ការ​លុប​បឹង​និង​តំបន់​ដី​សើម បាន​ផ្ដល់​ផល​ប៉ះពាល់​ផ្នែក​សង្គម​និង​បរិស្ថាន​ច្រើន​។ ក្នុង​នោះ វា​បាន​​និង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន ការ​បាត់បង់​ជីវភាព​របស់​ប្រជាពលរដ្ឋ ការ​កើន​ឡើង​នូវ​កម្រិត​ទឹក​ជំនន់ ការ​បំពុល​បរិស្ថាន និង​ការ​បាត់​បង់​ជីវចម្រុះ​ជា​ដើម​។

ខណៈ​ពេល​ដែល​បឹង​និង​តំបន់​ដី​សើម​នៅ​ភ្នំពេញនៅ​មាន​សេស​សល់​តិច​តួច អង្គការ​សមាគម​ធាង​ត្នោត បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អភិរក្ស​តំបន់​ទាំង​នោះ ក្រោម​ច្បាប់​ពិសេស​ដែល​មាន​ការ​ការពារ​តឹងរ៉ឹង​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ណាមួយ​។ ​ចង់​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ពិសេស​ដើម្បី​ការពារ​បឹង​និង​តំបន់​ដីសើម ព្រោះអង្គការ​សមាគម​ធាង​ត្នោត​យល់​ឃើញ​ថា ការ​គ្រប់​គ្រង​តាម​​ច្បាប់​ភូមិបាល​នៅ​មិន​ទាន់​គ្រប់​គ្រាន់នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ