អានតួអត្ថបទ
កម្ពុជា

ECCC​ពន្លឿន​បើក​សវនា​ការ​លើ​សំណុំ​រឿង​ 002/02 ប្រជែង​នឹង​វ័យ​ចាស់​ជរា​របស់​ជនជាប់​ចោទ

អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ជា​ទូទៅ​គេ​ស្គាល់​ថា តុលាការ​ខ្មែរ​ក្រហម នឹង​បន្ត​បើក​សវនាការ​កាត់​ទោស​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​ ០០២/០២ នៅ​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា​សប្តាហ៍​ក្រោយ​នេះ។ សវនាការ​នឹង​ផ្តោត​ទៅ​លើ​ការ​សួរ​ដេញ​ដោល​សាក្សី​ចំនួន​១១​រូប ជុំវិញ​ការ​ដ្ឋានសាង​សង់​ទំនប់​ត្រពាំង​ថ្ម ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ​ដែល​កាល​ណោះ​មនុស្ស​ចាប់​ពី​១​ម៉ឺន​៥​ពាន់​នាក់ ទៅ​២​ម៉ឺន​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ ​នៅ​ក្នុង​ការ​ដ្ឋាន​នេះ។

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម ©REUTERS/Mark Peters/ECCC/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

សវនាការ​លើ​សំណុំ​រឿង​002/02 ដើម្បី​ស្តាប់​សក្ខី​កម្ម​លើ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម​នេះ គ្រោង​ធ្វើ​ឡើង ក្រោយ​ពី​តុលាការ​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ស្តាប់​សក្ខី​កម្ម​លើ​ការដ្ឋាន​សាងសង់​ទំនប់​១មករា នៅ​ខេត្ត​កំពង់​ធំ និង​ការ​ដ្ឋាន​ការងារ​សាងសង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កំពង់​ឆ្នាំង។​

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក នេត្រ ភត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។ លោក​ភត្រា ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ​ថា គម្រោង​សវនាការ​លើ​សំណុំ​រឿង​ 002/02​នេះ​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា ដោយ​ប្រើ​រយៈពេល​៤​សប្តាហ៍។ ក្នុង​រយៈ​ពេល​៤​សប្តាហ៍​នេះ ចៅ​ក្រម​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម នឹង​កោះ​ហៅ​សាក្សី​ចំនួន​១១​រូប ដើម្បី​សួរ​ដេញ​ដោល​ជុំវិញ​ការ​ដ្ឋាន​សាងសង់​ទំនប់​ត្រពាំង​ថ្ម ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។

ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ដែល​មាន​កំពស់​៣​ទៅ​៥ម៉ែត្រ និង​មាន​បណ្តោយ​១០គីឡូ​ម៉ែត្រ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បក្ស​កុម្មុនីស្ត​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៧៧ នៅ​ក្នុង​ផែនការ​សម្រេច​គោលដៅ​សេដ្ឋកិច្ច​របស់​បក្សកុម្មុនីស​កម្ពុជា ដោយ​ឲ្យ​អ្នក​ធ្វើ​ការ​បូជា​អ្វី​ៗ​ទាំងអស់ ដើម្បី​ផលិត​ស្រូវ​ឲ្យ​បាន​ជា​អតិបរមា។ មាន​មនុស្ស​យ៉ាង​តិច ពី​១៥០០០​នាក់​ទៅ​២​ម៉ឺន​នាក់ ត្រូវ​បាន​គេ​កេណ្ឌ​ពី​តំបន់​ផ្សេង​ៗ​គ្នា ដើម្បី​ឲ្យ​មក​ធ្វើ​ការងារ​ក្នុង​ការដ្ឋាន​សាងសង់​ទំនប់​នេះ។

គួរ​កត់​សម្គាល់​ថា សវនាការ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ ​ក៏​នឹង​មាន​វត្តមាន​របស់​ជន​ជាប់​ចោទ នួន ជា និងខៀវ សំផន​ផង​ដែរ។ ក៏​ប៉ុន្តែ នួន ជា ដែល​មាន​វ័យ​៨៨​ឆ្នាំ​ហើយ​នោះ តែងតែ​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​ដោយ​ផ្ទាល់ នៅ​ពាក់​កណ្តាល​ទី​ដោយសារ​តែ​ឈឺ​ចង្កេះ។ ចំណែក​ឯ​ជន​ជាប់​ចោទ ខៀវ សំផន ដែល​មាន​វ័យ​៨៤​ឆ្នាំ​ហើយ​ដែរ​នោះ ​តែងតែ​រក្សា​សិទ្ធិ​ក្នុង​ការ​ចូលរួម​ស្តាប់​សក្ខី​កម្ម​ដោយ​ផ្ទាល់។ លោក នេត្រ ភត្រា បាន​កត់​សម្គាល់​ថា បញ្ហា​ចាស់​ជរា​របស់​ជនជាប់​ចោទ​ទាំង​ពីរ​រូប​នេះ គឺ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​តុលាការ។ អញ្ចឹង​ហើយ​ បាន​ជា​តុលាការ​បាន​ពន្លឿន​សវនាការ​របស់​ខ្លួន។ បើ​តាម​អ្នកនាំពាក្យ​រូប​នេះ សវនាការ​លើ​អង្គហេតុ​ក្នុង​សំណុំ​រឿង​002/02នេះ អាច​នឹង​បញ្ចប់​នៅ​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ហើយ​សាល​ក្រម​មួយ​នឹង​ត្រូវ​សម្រេច​ឡើង នៅ​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១៧​ខាង​មុខ។

សូម​បញ្ជាក់​ជូន​ថា បច្ចុប្បន្ន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា និង ខៀវ សំផន ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​រួច​មក​ហើយ កាល​ពី​ខែ​សីហា​ឆ្នាំ២០១៤ នៅ​ក្នុង​សំណុំ​រឿង​002/01 ហើយ​សំណុំ​រឿង​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ប្តឹង​ជំទាស់​នៅ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ