អានតួអត្ថបទ
កម្ពុជា

​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ ​បង្ហាញ​អត្ត​សញ្ញាណ​ជន​សង្ស័យ​ថ្មី ​ក្នុង​សំណុំ​រឿង​០០៤

សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​លោក ​ម៉ាក ​ហាម៉ុន​ (Mark B. Harmon) កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​មីនា​ម្សិល​ម៉ិញ ​បាន​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឈ្មោះ ​អោ ​អាន ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​កម្ម​នៅ​ក្នុង​សំណុំ​រឿង​០០៤។ ​លោក ​អោ ​អាន ​គឺ​ជា​ជន​ត្រូវ​ចោទ​ទី៣ ​ដែល​ត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​ នៅ​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤ ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​ភាគី​ជាតិ​។ ​​

អង្គសវនាការនៃសាលាក្តីខ្មែរក្រហម
អង្គសវនាការនៃសាលាក្តីខ្មែរក្រហម Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ​លោក​ ម៉ាក​ ហា​ម៉ុ​ន (Mark B. Harmon) បាន​សម្រេច​កាល​ពី​ល្ងាច​ថ្ងៃទី​២៧មិនា ​ដាក់​ជន​ត្រូវ​ចោទ​លោក ​អោ ​អាន ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​ដែល​បាន​ចោទ​ប្រកាន់​ក្នុង​នោះ​រួម​មាន​៖ អំពើ​មនុស្ស​ឃាត​ដោយ​ចេត​នា ​ជា​ការ​រំ​លោភ​បំពាន​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ ​១៩៥៦​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទី​កន្លែង​សម្លាប់​មនុស្ស​គោក​ព្រីង ​មន្ទីរ​សន្តិ​សុខ ​ទួល​បេង​ និង​មន្ទីរ​សន្តិ​សុខ​វត្ត​អូរ​ត្រកួន,​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ក្នុង​នោះ​មាន​ ការ​ធ្វើ​មនុស្ស​ឃាត ​ការ​សម្លាប់​រង្គាល ​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​មូល​ហេតុ​នយោបាយ​ និង​សាសនា ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ និង​អំពើ​អ​មនុស្សធម៌​ផ្សេង​ទៀត​ (ដូច​ជា ​ស្ថាន​ភាព​អ​មនុស្ស​ធម៌​នៃ​ការ​ឃុំ​ឃាំង)​ នៅ​ទី​កន្លែង​សម្លាប់​មនុស្ស​គោក​ព្រីង និង​មន្ទីរ​សន្តិ​សុខ​ទួល​បេង​ ព្រម​ទាំង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​ក្នុង​នោះ​មាន​ ការ​ធ្វើ​មនុស្ស​ឃាត​ ការ​សម្លាប់​រង្គាល​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មូល​ហេតុ​នយោបាយ ​និង​សាសនា ​ការដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ និង​អំពើ​អមនុស្ស​ធម៌​ផ្សេង​ទៀត​ (ដូច​ជា ​ស្ថាន​ភាព​អមនុស្ស​ធម៌​នៃ​ការ​ឃុំឃាំង)​ នៅ​មន្ទីរ​សន្តិ​សុខ​វត្ត​អូរ​ត្រកួន​ជា​ដើម។

លោក​ អោ ​អាន​ រឺ​តា​អាន​ បច្ចុប្បន្ន​មាន​អាយុ​៨១​ឆ្នាំ​កំពុង​រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​គឺ​ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ នៅ​ខេត្ត​កំពង់​ចាម​ ដែល​មាន​ជន​រង​គ្រោះ​ជាង​១៥​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​និង​ស្លាប់​ ក្នុង​របប​ខ្មែរ​ក្រហម។ ​លោក​គឺ​ជា​ជន​ត្រូវ​ចោទ​ទី៣​ ដែល​ត្រូវ​បាន​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​លោក​ ម៉ាក​ ហា​ម៉ុ​ន​ (Mark B. Harmon)​សម្រេច​ចោទ​ប្រកាន់ ​បន្ទាប់​ពី​លោក​ស្រី ​អ៊ឹម​ ចែម អតីត​ចៅ​ហ្វាយ​ស្រុក​ព្រះ​នេត្រ​ព្រះ ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ជា​ប្រធាន​គុក​ភ្នំ​ត្រ​យោង​ ត្រូវបាន​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​០០៤​ និង​ លោក​ មាស​ មុត​ អាយុ ​៧៤​ឆ្នាំ ​ជា​អតីត​មេ​បញ្ជា​ការ​ជើង​ទឹក​កង​ពល​១៦៤​ នៅ​ខេត្ត​ព្រះ​សីហនុ​ និង​ខេត្ត​កំពត​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​សំ​ណុំរឿង០០៣។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ​នេត្រ ​ភ​ត្រា ​អ្នក​នាំ​ពាក្យ​សា​លាក្តី​ខ្មែរ​ក្រហម ​បច្ចុប្បន្ន​ជន​សង្ស័យ​ទាំងបី​រូប​ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ​ ខណៈ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ​ត្រូវ​បាន​ជំទាស់​ដោយ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​ លោក​ យូ​ ប៊ុន​ឡេង។ ​ ជា​ជំ​ហ៊រ​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​លោក​ យូ ​ប៊ុន​ឡេង​ ការ​សម្រេច​ដាក់​ជន​សង្ស័យ​លោក​ អោ ​អាន​ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យរ​បស់​តុលាការ​មិន​ទាន់​ចាំ​បាច់​នោះ​ទេ​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​នេះ​ ព្រោះ​ការ​ស៊ើប​អង្កេត​កន្លងមក​ មាន​វិមតិ​សង្ស័យ​ជា​ច្រើន​ទាក់​ទង​នឹង​យុត្តាធិការ​បុគ្គល។

យ៉ាងណា​ក៍ដោយ ជាការ​កត់សម្គាល់ ក្នុង​សំណុំរឿង០០៣ និង​សំណុំរឿង០០៤ ត្រូវបាន​គេ​រាយការណ៍​ថា ​មាន​អតីត​មេ​ខ្មែរ​ក្រហម​ថ្នាក់​តំបន់​ និង​ភូមិ​ភាគ ​សរុប​ ៥ ​នាក់។ ​ហើយ​រហូត​ដល់​ថ្ងៃទី២៧​មីនា​នេះ ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ ​បាន​បញ្ចេញ​ឈ្មោះ​ជន​ជាប់​ចោទ ​៣ ​រូប​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ