អានតួអត្ថបទ
កម្ពុជា

អ្នក​នាំពាក្យ​សាលា​ក្តី​៖ សំណុំរឿង​០០៤ ​មិន​មាន​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​ទេ​

កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​ ធ្នូ​ ម្សិលមិញ​នេះ ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ​បាន​ដាក់​លោក ​យឹម ទិត្យ ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជ​សាសន៍ ​និង​បទ​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន​ទៀត។​ លោក យឹម ទិត្យ គឺ​ជា​មន្ត្រី​ខ្មែរ​ក្រហម​ទី​៣ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិ​តក្រោម​ការ​ត្រួត​ពិនិត្យ​របស់​សាលាក្តី ​នៅ​ក្នុង​សំណុំរឿ​ង ០០៤​ ដែល​រដ្ឋាភិបាល​មិន​ចង់​អោយ​មាន។​

អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​​ក្រហម​​​នាពេល​កន្លង​មក​
អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​​ក្រហម​​​នាពេល​កន្លង​មក​ សហការី
ផ្សាយពាណិជ្ជកម្ម

ស្ថិត​ក្នុង​វ័យ​ជាង ​៨០​ឆ្នាំ ​និង​មាន​បញ្ហា​ភ្នែក​ផង​នោះ ​លោក ​យឹម ទិត្យ ​គឺ​ជា​ជន​សង្ស័យ​ចុង​ក្រោយ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ ​និង​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត ​ដោយ​សហចៅក្រម​ស៊ើប​អន្តរជាតិ​តែ​ឯក​ឯង។

លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ បា​ន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​សាលាក្តី​ខ្មែរ​ក្រហម ​បាន​ដំណើរ​ការ​នីតិ​វិធី​របស់​ខ្លួន​ ក្នុង​សំណុំ​រឿង​ ០០៤ ​ដោយ​មិន​មាន​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​នោះ​ទេ ​បើ​ទោះ​បី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហចៅក្រម​ស៊ើបជា​តិ ​និង​ សហចៅក្រម​ស៊ើប​អន្តរជាតិ​ក៏​ដោយ។ ​លោក​នេត្រ ភក្រ្តា​ថា​ ការ​ខ្វែង​យោបល់​គ្នា​នេះ ​បង្ហាញ​អោយ​​ឃើញ​ពី​ឯករាជ្យ​ភាព​របស់​តុលាការ ​និង​​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា​របស់​ចៅក្រម​ចំពោះ​កិច្ច​ការ​របស់​ខ្លួន។​

អ្នកនាំពាក្យ​រូប​នេះ ​បន្ត​ថា ​នៅ​ក្នុង​ដំណាក់​កាល​នេះ ​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ជន​សង្ស័យ​នៅ​ក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ។ ​បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើប​អង្កេត​ នៅ​ចុង​ឆ្នាំ​២០១៦ ​ទើប​សាលា​ក្តី​ខ្មែរ​ក្រហម​ នឹង​ចេញសេ​ចក្តី​សម្រេច​ចុង​ក្រោយ​ ថា​ចោទ​ប្រកាន់ ​ឬ​លើក​លែង​ការ​ចោទ​ប្រកាន់ ​ចំពោះ​ជន​សង្ស័យ​ទាំង​នោះ។ ​លោក​ភក្ត្រា​បន្ត​ទៀត​ថា ​សំណុំ​រឿង ​០០៣ និង​សំណុំរឿ​ង ០០៤ ​គឺជា​សំណុំ​រឿង​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​របស់​សាលាក្តី​ខ្មែរ​ក្រហម។ ​សាលា​ក្តី​នេះ​ និង​មិន​ចោទ​ប្រកាន់ ​ឬ​បង្កើត​សំណុំ​បន្ត​បន្ទាប់​ទៀត​នោះ​ទេ។

សូម​រំលឹក​ថា ​នៅ​ក្នុង​សំណុំរឿង​០០១​ មាន​ទណ្ឌិត ​កាំង ហ្គេចអៀវ ហៅ​ឌុច​ សំណុំ​រឿង​ ០០២ មាន​ ជន​ត្រូវ​ចោទ ​លោក ខៀវ សំផន និង​លោក នួន ជា សំណុំរឿង​ ០០៣ មាន​ជន​សង្ស័យ​ លោក​ មាស មុត និង​សំណុំរឿង ​០០៤ មាន​ជន​សង្ស័យ​ លោក អោ អាន អ្នកស្រី អ៊ឹម ចែម ​និង​ លោក យឹម ទិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ