អានតួអត្ថបទ
កម្ពុជា

សហគមន៍​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​ប្រារព្ធ​​​ខួប​​​៦៦​​​ឆ្នាំ​​ នៃ​​​ការ​​​បាត់​​បង់​​​ទឹក​​​ដី​​​កម្ពុជា​​​ក្រោម​​

សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​​ដែល​​ដឹក​​នាំ​​ដោយ​​លោក​​ថាច់​ សេដ្ឋា​ បាន​​រៀប​ចំ​​ប្រារព្ធ​​ខួប​​៦៦​​ឆ្នាំ​ នៃ​​ការ​​បាត់​​បង់​​ទឹក​​ដី​​កម្ពុជា​​ក្រោម​ ៤​ មិថុនា​ ១៩៤៩​ - ៤ មិថុនា ២០១៥​នេះ​ នៅ​​ក្នុង​​បរិវេណ​​វត្ត​​ពោធិយ៉ារាម​ ហៅ​​វត្ត​​ចាស់​ នៅ​​ត្រើយ​​ខាង​​កើត​ ទល់​​មុខ​​ព្រះបរមរាជរាំង។ តើ​​ទឹក​​ដី​​កម្ពុជា​​ក្រោម​​បាន​​ធ្លាក់​​ក្រោម​​ការ​​កាន់​​កាប់​​របស់​​វៀតណាម​​តាំង​​ពី​​ពេលណា​? ហើយ​​ថា​​តើ​​ហេតុ​អ្វី​​បាន​​ជា​​បារាំង​​កាត់​​ទឹ​ក​​ដី​​កម្ពុជា​​ក្រោម​ ឬ​កូសាំងស៊ីន​​ទៅ​​ឲ្យ​​វៀត​ណាម​​គ្រប់គ្រង​​ជា​​ផ្លូវ​ការ​​នៅ​​ថ្ងៃ​​ទី​ ០៤​ មិថុនា​ ឆ្នាំ​ ១៩៤៩នោះ?​

សហគមន៍ខ្មែរកម្ពុជាក្រោមប្រារព្ធខួប៦៦ឆ្នាំនិងរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩ អង្គ នៅក្នុងបរិវេណវត្តចាស់។
សហគមន៍ខ្មែរកម្ពុជាក្រោមប្រារព្ធខួប៦៦ឆ្នាំនិងរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩ អង្គ នៅក្នុងបរិវេណវត្តចាស់។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ដើម្បី​រំលឹក​ខួប​៦៦​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ដឹក​នាំ​ដោយ លោកថាច់ សេដ្ឋា​បាន​រៀបចំ​ប្រារព្ធ​ពិធី​នេះ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដោយ​មាន​កម្មវិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​ ១៩៤៩ អង្គ នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ត្រើយ​ខាង​កើត ទល់​មុខ​ព្រះបរបរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី ៤ មិថុនា​នេះ។ ក្រៅ​ពី​ពិធី​បែប​ព្រះពុទ្ធ​សាសនា​នេះ​ហើយ ក៏​នៅ​មាន​កម្ម​វិធី​បង្ហាញ​ពី​ឯកសារ​ជា​ច្រើន​ផ្សេង​ទៀត ស្តី​ពី​ទឹក​ដី​កម្ពុជា ដែល​សហគមន៍​ទើប​តែ​យក​មក​ពី​បណ្តាល័យ​នៅ​ក្នុង​ប្រទេស​បារាំង។

យោង​​​តាម​​​ប្រវត្តិសាស្ត្រ​ ទឹក​​ដី​​​កម្ពុជា​​​ក្រោម​​ ឬ​​​ហៅ​ថា​​ កូសាំង​ស៊ីន​​​របស់​​​នគរ​​​ខ្មែរ​​ ត្រូវ​​​បាន
​​នគរ​អាណ្ណាម​​​​ចូល​​​​មក​​​​កាន់​​​​កាប់​​​ និង​​​​កាត់​​​​យក​​​​ទៅ​​​​ធ្វើ​​​​ជា​​​​ទឹក​​​​ដី​​​​របស់​​​​ខ្លួន​​​​ចាប់​​​​តាំង​​​​ពី​​​​ក្នុង​​​​អំឡុង​​​​សត​​វត្សរ៍​​​ទី​​​១៧​​ ​មុន​​​​នឹង​​​​ត្រូវ​​​​បារាំង​​​​ច្បាំង​​​​ដណ្តើម​​​​យក​​​​មក​​​​កាន់​​​​កាប់​​​​នៅ​​​​ឆ្នាំ​​​ ១៨៦២​​។​

សហភាព​​ឥណ្ឌូចិន​ ដែល​​ស្ថិត​​ក្រោម​​អាណានិគម​​បារាំង​ តាំង​​ពី​​​សតវត្សរ៍​​ទី​១៩ ​ត្រូវ​​បែង​ចែក​​ជា​ ៥​រដ្ឋ​​ផ្សេង​គ្នា​ គឺ​​ កម្ពុជា​ ឡាវ​ តុងកឹង​ (វៀតណាម​ខាង​ជើង) អាណ្ណាម​ (វៀតណាម​កណ្តាល) និង​​កូសាំងស៊ីន (កម្ពុជាក្រោម) ដែល​​ស្ថិត​​នៅ​​ប៉ែក​​ខាង​​ត្បូង​​វៀតណាម​​បច្ចុប្បន្ន។ កម្ពុជា​ ឡាវ​ តុងកឹង​ និង​​អាណ្ណាម​ ថ្វីដ្បិត​​តែ​​ត្រូវ​​ស្ថិត​​ក្រោម​​អំណាច​​អាណានិគម​​បារាំង​ ក៏​ប៉ុន្តែ​ នៅ​មា​ន​​ទម្រង់​​ជា​​ប្រទេស​​ និង​​មាន​​អំណាច​​នយោបាយ​​ដាច់​​ពី​​បារាំង​។ ផ្ទុយ​​ទៅ​​វិញ​ កូសាំងស៊ីន​​ត្រូវ​​បាន​​បារាំង​​កាត់​យក​​មក​​ធ្វើ​​ជា​​អាណា​​ខេត្ត​​របស់​​ខ្លួន​​ ទាំង​​ស្រុង​ ដោយ​​មាន​​លក្ខន្តិកៈ​​ជា​​ដែន​ដី​​បារាំង​​នៅ​​នាយ​​សមុទ្រ​។

នៅ​ឆ្នាំ​១៨៦៤ នៅ​ក្រោយ​ពេល​ដែល​ព្រះបាទ​នរោត្តម​ព្រម​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​ អាណា​ព្យាបាល​បារាំង លោក​ Pierre-Paul de la Grandière ទេសាភិបាល​បារាំង​នៅ​កូសាំងស៊ីន ធ្លាប់បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ឲ្យ​យក​មកវិញ​នូវ​ទឹកដី​ដែល​បាត់បង់​ ទៅ​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យា​នេះ បារាំង​បាន​ធ្វើ​តែ​ចំពោះ​ទឹកដី​ដែល​ខ្មែរ​បាត់បង់​ទៅ​សៀម​តែ​ប៉ុណ្ណោះ។ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ បន្ទាប់​ពី​បាន​ដណ្តើម​ពី​វៀតណាម​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ អស់រយៈពេល​ជិត​១​សតវត្សរ៍ បារាំង​ស្រាប់​តែ​បាន​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ នៅ​ឆ្នាំ​១៩៤៩ ដោយ​មិន​កាត់​មក​ឲ្យ​ខ្មែរ​​ដែល​ជា​ម្ចាស់​ដើម​នោះទេ។

ការណ៍ដែល​បារាំង​សម្រេច​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈម​មុខ​នឹង​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ។នៅថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹកដី​នៅនាយ​ សមុទ្រ​របស់​កូសាំងស៊ីន ដោយ​ភ្ជាប់​​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ ទៅជាមួយ​នឹង​ប្រទេស​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ