អានតួអត្ថបទ
កម្ពុជា

វចនានុ​ក្រម​ជាតិ​ខ្មែរ​ថ្មី​មួយ​ គ្រោង​បោះពុម្ព​ផ្សាយ​ដំបូង​នៅ​ឆ្នាំ​ ២០២២​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ នៃ​ ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ បាន​លើក​ឡើង​ពី អនុ​ក្រឹត្យ​ តែង​តាំង​សមាស​ភាព «គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​វចនា​នុក្រម​​ជាតិ​ខ្មែរ​» ដើម្បី​រៀបចំ​ផលិត វចនា​នុក្រម​ថ្មី​មួយ​។ បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី វចនា​នុក្រមដែល​កំពុ​ង​ប្រើប្រាស់​បច្ចុប្បន្ន បាន​​បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៦៧ លែង​ឆ្លើយ​តប​នឹង​បរិបទ​សព្វថ្ងៃ​ហើយ​។ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លោក​បណ្ឌិត ចាន់ សំណព្វ​ ដែល​ដឹក​នាំ ផលិតវចនានុ​ក្រម​ជាតិ​ខ្មែរ បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រមុខ​រាជរដ្ឋាភិបាល​ថា ៥​ឆ្នាំ​ទៀត ពលរដ្ឋ​​ខ្មែរ នឹងមាន វចនានុក្រម​ថ្មី​មួយ ដែល​មាន ឯកភាព​ជាតិ ដើម្បី​ប្រើប្រាស់​យ៉ាង​ប្រាកដ​។​

វចនានុក្រម​ជាតិ​ខ្មែរ​ថ្មី​មួយ គ្រោង​បោះ​ពុម្ព​ផ្សាយ​ដំបូង​នៅ​ឆ្នាំ ២០២២
វចនានុក្រម​ជាតិ​ខ្មែរ​ថ្មី​មួយ គ្រោង​បោះ​ពុម្ព​ផ្សាយ​ដំបូង​នៅ​ឆ្នាំ ២០២២
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លោក​បណ្ឌិត ចាន់ សំណព្វ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃសុក្រ​នេះ​ថា ៥​ឆ្នាំ​ទៀត ពលរដ្ឋ​កម្ពុជា នឹង​មាន​វចនានុក្រម​ជាតិ​ខ្មែរ​មួយ ដែលរៀបចំ​យ៉ាង​លម្អិត មាន​សុក្រឹត្យ​ភាព មាន​សេចក្តី​ពន្យល់​ខ្លឹមសារ​ពាក្យពេចន៍​ថ្មីៗ និង​មាន​ឯកភាព​ជាតិ ដើម្បី​ប្រើប្រាស់​ផ្លូវ​ការ​ថ្នាក់​ជាតិ​តែ​ម្តង​។

ការ​អះអាង​ដោយ​ជំនឿ​ចិ​ត្ត​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ បាន​​ចុះ​ហត្ថ​លេខា នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ លើ​​អនុក្រឹត្យ​មួយ ស្តីពី​ការ​តែង​តាំង សមាស​ភាព «គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​វចនា​​នុក្រម​ជាតិ​ខ្មែរ»។ គណៈ​កម្មាធិការ​ជាតិ ដែល​មាន​ប្រធាន និង​​សមាជិកជាង ៣០​នាក់ ​នេះ មាន​ទំនួល​ខុស​ត្រូវ​រៀប​ចំ ស្រាវជ្រាវ ចង​ក្រង ផលិត វចនានុក្រម​ជាតិ​ខ្មែរ​ថ្មី​មួយ ដែល​គ្រោង​នឹង​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០២២។

បើ​តាម​លោក​បណ្ឌិត ចាន់ សំណព្វ គម្រោង​បោះ​ពុម្ព​ផ្សាយ​វចនានុក្រម​ថ្មី ដែល​ត្រូវ​ការ​ពេល​រហូត​ដល់ ៥​ឆ្នាំ​ទៀត ពី​ព្រោះ​វចនានុក្រម​នេះ​ ត្រូវ​ការ​ធនធាន​មនុស្ស​ជា​ច្រើន ដើម្បី​ធ្វើ​ការ​សំយោគ​រវាង​ភាសា និង​ពាក្យ​ពេចន៍​និយាយ ដោយ​មាន​សេចក្តី​ពន្យល់​ខ្លឹមសារ​ពាក្យ​ថ្មី ដែល​ពលរដ្ឋ​ប្រើ​ប្រាស់​ជា​ទូទៅ បន្ថែម​ដោយ​បច្ចេកសព្ទ​ក្នុង​វិស័យ​ផ្សេងៗ។

ក្រុម​ការងារ​របស់​លោក បាន​ដំណើរ​ការ​រៀប​ចំ វចនានុក្រម​ថ្មី បាន​ជាង ២​ឆ្នាំ មក​ហើយ ដោយ​ផ្តើម​ពី​ការ​សិក្សា​លម្អិត​លើ មេ​ពាក្យ​ ទាំង ៣៣​តួ រាប់​តាំង​ពី «ក» ដល់ «អ» នូវ​គ្រប់​ទិដ្ឋភាព ឈរ​លើ​ស្មារតី​អភិរក្ស និង​អភិវឌ្ឍ​ពាក្យ​ពេចន៍​ខ្មែរ ស្រប​តាម​ការ​រីក​ចំរើន​នៃ​សង្គម​ជាតិ។ តែ​ដោយ​សារ​ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​ធន​ធាន​ហិរញ្ញវត្ថុ​ ទើប​ក្រុម​ការងារ​លោក មិន​ទាន់​អាច​បច្ចុប្បន្ន​កម្ម​វចនានុក្រម​ខ្មែរ​ថ្មី​មួយ​បាន។​ ចំពោះ​គម្រោង​បោះ​ពុម្ព​ផ្សាយ​ វចនានុក្រម​ថ្មី​នេះ នឹង​ត្រូវ​ការ​ពេល​វេលា ក៏​ដូចជា​ធន​ធាន​មនុស្ស​ជា​ច្រើន ព្រោះ​ត្រូវ​មាន​ការ ខណៈ​ការ​ប្រើ​ប្រាស់​ពាក្យ​ថ្មីៗ​បច្ចុប្បន្ន​ គ្មាន​ការ​កត់​ត្រា​ជា​សំណេរ ទើប​ទាម​ទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​នៅ​ចុង​កាត់​ម៉ាត់​ញក ដើម្បី​រក្សា​គន្លង​ពាក្យ​ពេចន៍​ខ្មែរ។

ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ លោក​បណ្ឌិត ចាន់ សំណព្វ រំពឹង​ថា នៅ​ចុង​ខែ​មេសា​នេះ គណៈកម្មាធិការ​ជាតិ នឹង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ដើម្បី​រៀប​ចំ ក្រុម​ការងារ​បច្ចេកទេស​ផ្លូវ​ការ ដែល​ជា​ការ​ប្រមូល​អ្នក​ជំនាញ​អក្ខរាវិរុទ្ធ អំណាន តាក់​តែង​និពន្ធ​តំណាង​មក​ពី​បណ្តា​ខេត្ត​ ​តាម​វិស័យ​ផ្សេងៗ​គ្នា អាច​សរុប​រាប់ រយ​នាក់។ តាម​ផែនការណ៍​ការងារ ក្នុង​ឆ្នាំ​ទី​មួយ ឆ្នាំ ២០១៧ គណៈកម្មាធិការ​ជាតិ នឹង​ផ្តើម​ដំណើរ​ការ​ ដោយ​ផ្តើម​ពី​ការ​សិក្សា​លម្អិត​លើ មេ​ពាក្យ​ ទាំង ៣៣​តួ រាប់​តាំង​ពី «ក» ដល់ «អ» វិភាគ​ផល​ប៉ះ​ពាល់​នៃ​ក្នុង​សំណេរ និង​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា ហើយ នឹង​សង្កេត​លទ្ធផល​នៅ​ចុង​ឆ្នាំ​នីមួយៗ។ វចនានុក្រម​ថ្មី នឹង​បញ្ចប់​បង្កើត​កំហុស​ប្រើ​ប្រាស់​ពាក្យ​ជា​សាធារណ និង​សង្រ្គាម​ប៉ាកា​នានា ព្រម​ទាំង នឹង​មាន​គម្រោង​ធ្វើ​បច្ចុប្បន្ន​កម្ម ពាក្យ​ពេចន៍​ថ្មី ជា​រៀង​រាល់​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ម្តង​ផង​ដែរ។

គួរ​ជម្រាប​ថា ភាសាខ្មែរ ជា​ភាសា​ដែល​មាន​លក្ខណៈ​ពិសេស និង​សម្បូរ​បែប ខុស​ពី​ភាសា​នៃ​ជាតិ​សាសន៍​ដទៃ។ ភាសាខ្មែរ ត្រូវ​សរសេរ ដោយ​មាន តួ​ខ្លួន មាន​ដៃ មាន​ជើង និង​សក់ មាន​លក្ខណៈ​ជា​ធម្មជាតិ ដូច​ជា តួ​ខ្លួន​របស់​មនុស្ស​ដែរ ហើយ​ត្រូវ​បាន ខ្មែរ​សម័យ​បុរាណ ចាត់​ទុក តួ​អក្សរ​នីមួយៗ​ជា «អង្គអក្សរ» មិន​មែន​ជា តួ​អក្សរ​នោះ​ទេ​។ ចំណែក វចនានុក្រម​ខ្មែរ ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ​ បាន​រៀប​ចំ​ចង​ក្រង តាំង​ពី​ឆ្នាំ ១៩១៥ ក្នុង​រជ្ជកាល​ព្រះ​បាទ ស៊ី​សុវត្ថិ ដោយ​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ បរទេស ជា​ច្រើន​រូប ចូល​រួម​តាក់​តែង រួម​ទាំង សម្ដេច ជួន ណាត ផង​ដែរ​។ ដោយ​ហេតុ​តែ​សម្ដេច ជួន ណាត ខំ​តស៊ូ​អស់​រយៈ​ពេល ៥៣​ឆ្នាំ ដើម្បី​ស្រាវ​ជ្រាវ និពន្ធ និង​ធ្វើ​ការងារ​ជាប់​លាប់ ហូរ​ហែ រហូត​បង្កើត​វចនានុក្រម​ខ្មែរ​នេះ បោះ​ពុម្ព​ជា ចុង​ក្រោយ នៅ​ឆ្នាំ ១៩៦៧ - ១៩៦៨ មុន​ពេល ព្រះ​អង្គ​ចូល​ទិវង្គត​មួយ​ឆ្នាំ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ នាំ​គ្នា​ហៅ​ វចនានុក្រម​នេះ​ ថា វចនានុក្រម​សម្ដេច ជួន ណាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ