អានតួអត្ថបទ
កម្ពុជា

ស្រី​មុំ​នឹង​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ស្អែក!

កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ស្រីមុំ នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ស្អែក​នេះ។ ស្រីមុំ ដែល​ត្រូវ​គេ​​គិត​ថាមាន​ជាប់​ទាក់​ទិន​នឹង​ខ្សែអាត់​សំឡេង​ស្នេហា​ជាមួយ​ នឹង​លោក កឹម សុខា។ កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មីនា​កន្លង​ទៅ​ ព្រះ​រាជ្ញអាជ្ញា បាន​ចោទ​ប្រកាន់​រូប​នាង​ ចំនួន​២​បទ​ល្មើសគឺ​«ករណីផ្តល់​សកី្ខ​កម្ម​ក្លែង» និង​មាន​«អំពើ​ពេស្យាចារ»​។ ដោយសារ​តែ​គ្មាន​មេធាវី​ការ​ពារក្តី​ ​នាង​បាន​បដិសេធ​សុំ​មិន​ចូល​ឆ្លើយ​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​៧​មីនា​។ ​ទើប​តែ​ពេល​នេះ ដែល​ ស្រីមុំ ​បាន​សុំ​ពឹងពាក់​មេធាវី​របស់​សមាគម​អាដហុក ទើប​នាង​សម្រេច​ចិត្ត​ទៅ​ឆ្លើយ​ចំពោះ​មុខ​តុលាការ​ នៅ​ថ្ងៃ​អង្គារ​ស្អែក​ វេលា​ម៉ោង​៨ព្រឹក​។

កញ្ញា​ ​ខុម​ ចាន់​ដារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ជាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា ​ជាមួយ​លោក​កឹម សុខា ​បាន​ចូល​ទៅ​ផ្តល់​ចម្លើយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​រូប​នាង​មាន​មេធាវី​ការពារ​ក្តី​ ផ្តល់​ដោយ​អាដហុក​។​
កញ្ញា​ ​ខុម​ ចាន់​ដារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ជាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា ​ជាមួយ​លោក​កឹម សុខា ​បាន​ចូល​ទៅ​ផ្តល់​ចម្លើយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​រូប​នាង​មាន​មេធាវី​ការពារ​ក្តី​ ផ្តល់​ដោយ​អាដហុក​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដ​ហុក លោក​នី​សុខាបាន​ប្រាប់​វិទ្យុ​បារាំង RFI ថា កញ្ញាខុមចាន់ដារ៉ាទី ឬ​ហៅ ស្រីមុំ បាន​ពឹង​ពាក់​សុំ​មេធាវី​របស់​សមាគម​អាដ​ហុក ជា​ផ្លូវ​ការ​ហើយ​ ដើម្បី​ជួយ​ការពារ​ក្តីរបស់​នាង។ លោក​បញ្ជាក់​ថា កាល​ពី​ពេល​មុន​ដែល​បណ្តាញ​ព័ត៌មាន​ខ្លះ​ផ្សាយ​ថា មេធាវី​របស់​សមាគម​អាដហុក សុំ​ដក​ខ្លួន​នោះ គឺ​ជា​ការណ៍​មិន​ត្រឹម​ត្រូវ​ទេ។ គឺ​គ្រាន់​តែ​ពុំ​មាន​ការ​សុំ​ពឹក​ពាក់​ជា​ផ្លូវ​ការ​របស់​សាមី​ខ្លួន​តែប៉ុណ្ណោះ។

ក្នុង​នាម​ជា​អ្នក​ច្បាប់​ផង លោក នី សុខា បាន​លើក​ឡើង​ថា ករណី​ទាំង​ពីរ​ដែល​តុលាការ​ចោទ​ប្រកាន់​រូប​ស្រីមុំ នោះ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់​ និង​ពុំ​សម​ហេតុ​ផល​ទាល់​តែ​សោះ។ មន្ត្រី​​សង្គម​ស៊ីវិល​រូប​នេះ ពន្យល់​ថា ករណី​បទ​ល្មើស​« ផ្តល់​សកី្ខ​កម្ម​ក្លែង​» គឺ​សម្រាប់​តែ​ចោទ​ប្រកាន់​​លើ«​សាក្សី» ដែល​ភូត​ភរ​ និយាយ​កុហក ​ក្នុង​ការ​ផ្តល់​សក្តីកម្ម​របស់​ខ្លួន​តែប៉ុណ្ណោះ។ តែ​ករណី​ស្រីមុំ គឺ​នាង​ជា​ជន​ជាប់​សង្ស័យ។ នាង​មាន​សិទ្ធិពេញ​ទី​ក្នុងការ​ដោះបន្តុក។

ម្យ៉ាង​វិញទៀត ករណី«អំពើពេស្យាចារ» លោក នី សុខា បន្ត​ពន្យល់​តាម​ច្បាប់​ថា នេះ​មិន​មែន​​ជាការ​ជួញ​ដូរ​ភេទនោះទេ! ហើយ​បើ​ទោះ​បីជាំ​​នាង​មាន​ស្នេហាលួច​លាក់​​ជាមួយ​បុរស​ណា​ម្នាក់​ពិត​មែនក៏ដោយ ក៏ជា​ស្នេហា​ឬ​ទំនាក់​ទំនង​ភេទ​បែប​ឯកជន​តែប៉ុណ្ណោះ​។ គឺ​ពុំ​មែន​ជាការ​រកស៊ី​លក់​ភេទ​នោះ​ឡើយ ហើយ​បើ​ទោះបី​ជា​មាន​រកស៊ី​ផ្លូវ​ភេទ​ដោយ​ស្មគ្រ​ចិត្ត​មួយ​និង​មួយ ក៏​ពុំ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញខ្មែរ​​នោះ​ដែរ​។  តាម​អ្នក​ច្បាប់​របស់​អង្គការ​អាដហុក​រូប​នេះ បទ​ចោទ​ទាំង​ពីរ​របស់​តុលាការ​ គឺ​មិន​សម​ហេតុ​បន្តិច​សោះ។

ទោះ​ជា​យ៉ាងណា​ក្តី បើ​ករណីស្នេហាដែល​គេ​គិត​ថា ស្រីមុំ ​មាន​ទំនាក់​ទំនង​ជាមួយ​លោក កឹម សុខា នោះ​ គឺ​ជា​រឿង​ពិតមែន​ គួរ​ណាស់តែ​យក​ច្បាប់​ឯកពន្ធភាព មក​ចាត់​ការ ទើប​ត្រឹម​ត្រូវ​ជាង​។ ហើយ​យោង​តាម​​ច្បាប់​ឯកពន្ធភាពនោះទៀតសោត ការ​ពិតរបស់​ច្បាប់​​ គឺ​​ភរិយា​របស់​លោក កឹម សុខា ទៅវិញ​ទេ ដែល​ជា​អ្នកត្រូវ​តាំងខ្លួន​ជា​​ដើម​បណ្តឹង។ នេះ​បើ​តាម​ការ​ពន្យល់​ផ្នែក​ច្បាប់​របស់ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស នៃ​​សមាគម​អាដ​ហុក​។

ជុំ​វិញករណី​បទ​ល្មើស​​ទាំងពីរ​​នេះ ព្រះ​រាជអាជ្ញា​រងនៃ​​សាលា​ដំបូង​ក្រុង​ភ្នំពេញ លោក សៀង សុខ បាន​បដិសេធ​ពុំ​​បក​ស្រាយ​អ្វី​ទាំង​អស់ ដោយសំអាងហេតុថា ប៉ះពាល់​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​ និង​ជា​ពាក់​ព័ន្ធ​នឹងការ​ស្រាវជ្រាវ​រក​​អង្គ​ហេតុពិត​។

សូម​រម្លឹកថា ជុំ​វិញ​ការ​បែក​ធ្លាយ​ខ្សែអាត់​សំឡេង​ឆ្លងឆ្លើយ​ស្នេហា​របស់​បុរស​ម្នាក់​ជាមួយ​​នឹង​នារីៗនោះ​ ​អាជ្ញាធរ​​នៃ​ក្រសួង​មហាផ្ទៃ បាន​កោះ​ហៅ​ កញ្ញាខុមចាន់ដារ៉ាទី ហៅ ស្រីមុំ ឲ្យ​​ចូលឆ្លើយ​បំភ្លឺ​ នៅ​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្មនិង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន កាលពី​ខែ​មីនា។ តាម​​របាយកាណ៍​​សមត្ថកិច្ចដែល​ផ្នែក​លើ​ចម្លើយ​របស់​ស្រីមុំ​នាពេល​នោះ​ហើយ ទើប​នាងត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ត្រូវ​​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​សាលា​ដំបូង​ភ្នំពេញ។

ចំណែក​ក្រុម​សង្គមស៊ីវិលប្រមាណ​ជា​២០អង្គការដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា​ បាន​សម្តែង​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លំាង​ចំពោះ​ករណី​នេះ ព្រ​មទាំង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​​រួម​មួយ​ផង​ដែរថាការ​កោះហៅ​របស់​តុលាការ​និង​ការ​ផ្សាយ​ព័ត៌មាន​ពី​ករណីរបស់​ស្រីមុំ​​ គឺ​ជាការរំលោភសិទ្ធិមនុស្ស និងជា​ការ​ប៉ះពាល់​ដល់​ជីវិត​ឯកជន​របស់​ស្រី​មុំ​យ៉ាង​គំហុក​។ តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ សំណុំ​រឿង​នេះ គឺ​ជា​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​របស់​គណបក្ស​នយោបាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ