អានតួអត្ថបទ
កម្ពុជា

លោក​កឹម សុខា ហាក់​ដូច​រលាស់​ខ្លួន​ចេញ​ពី​រឿង​ផែន​ទី ខណៈ​ដែល​លោក ហ៊ុន សែន ព្រលះ​លោក​ សម​រង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​ព្រលះ​មេបក្ស​ប្រឆាំង​ដោយ​មិន​ចំ​មុខ​ចំពោះ​រឿង​បញ្ហា​ផែនទី​ដ៏​ចម្រូង​ចម្រាស់។ ចំពោះ​ប្រតិកម្ម​ពី​លោក​នាយករដ្ឋមន្ត្រី​នេះ លោក កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​បាន​អះអាង​ថា​ខ្លួន​មិន​ដែល​ប៉ះពាល់​រឿង​ផែនទី​នេះ​តាំង​ពី​ដើម។ សម្រាប់​លោក​ យុទ្ធនាការ​បោះឆ្នោត​ជា​រឿង​សំខាន់។

លោក កឹម សុខា ប្រធាន​​ស្តីទី​​គណបក្ស​​សង្គ្រោះ​​ជាតិ​​។
លោក កឹម សុខា ប្រធាន​​ស្តីទី​​គណបក្ស​​សង្គ្រោះ​​ជាតិ​​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«វា​មិនមែន​ជា​ជំហរ​របស់​គណបក្ស​នោះ​ទេ ខ្ញុំ​មិន​ដែល​អត្ថាធិប្បាយ​នោះ​ទេ»។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៩ កញ្ញា​នេះ បន្ទាប់​ពី​លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ លោក​កឹម សុខា បន្ថែម​ថា​លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​ផ្សេង​ក្រៅ​ពី​យុទ្ធនា​ឃោសនា​បោះឆ្នោត​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ។ សម្រាប់​លោក សិទ្ធ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​គឺ​ជា​ប្រធាន​បទ​សំខាន់។

 
ប្រធាន​ស្តីទី​គណបក្ស​រូប​នេះ បាន​គូស​បញ្ជាក់​ថា មតិ​រឿង​ផែនទី​កន្លង​មក​គឺ​មិនមែន​ជា​ជំហរ​របស់​គណបក្ស​នោះ​ទេ។ ការ​លើក​ឡើង​របស់​លោក​កឹម សុខា​យ៉ាង​ដូច​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​និយាយ​រិះគន់​គណបក្ស​ប្រឆាំង​ខ្លាំង​ៗ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ។ លោក​នាយករដ្ឋមន្ត្រី​បាន​ព្រលះ​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​សន្ទនា​នយោបាយ​របស់​លោក​ស្តី​ពី​រឿង​បញ្ហា​ផែន​ទី និង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម រួម​ទាំង​សន្ធិ​សញ្ញា​នានា​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ជា​មួយ​នឹង​វៀតណាម។

លោក​នាយករដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ស្គាល់​ច្បាស់​ពី​ផែនទី ប៉ុន្តែ​បាន​ឃោសនា​ក្នុង​ចេតនា​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ស្អប់​រដ្ឋាភិបាល​របស់​លោក។ លោក​ហ៊ុន សែន​បាន​ព្រមាន​ដល់​ការ​ចាប់ខ្លួន​ចំពោះ​បុគ្គល​រូប​ណា​ដែល​និយាយ​ពី​បញ្ហា​ផែនទី​ក្លែងក្លាយ​ជា​បន្ត​ទៀត។

សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ភាព​មិន​ប្រក្រតី​នៃ​ផែនទី​របស់​រដ្ឋាភិបាល​គឺ បាន​បញ្ចប់​ហើយ​បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់​ចំនួន​ពីរ​លើក​ជាមួយ​នឹង​ផែនទី​ពី​ប្រទេស​បារាំង និង​ផែនទី​ពី​អង្គការ​សហប្រជាជាតិ។

លោក​យ៉ែម បុញ្ញឫទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​បន្ថែម​ថា លោក​កឹម សុខា​ មិន​មែន​ចង់​រលាស់​ខ្លួន​ឱ្យ​ចេញ​ពី​បញ្ហា​ព្រំដែន​នោះ​ទេ ប៉ុន្តែ​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ចង់​កសាង​រដ្ឋ​ទំនើប​ដូច​នេះ​គណបក្ស​ត្រូវ​គិតគូរ​ពី​បញ្ហា​ផ្សេង​ៗ​សម្រាប់​ការ​អភិវឌ្ឍ។

អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា ការ​អំពាវនាវ​របស់​លោក​កឹម សុខា​ ទៅ​ដល់​សមាជិក​ថ្នាក់​ក្រោម​ជាតិ​របស់​ខ្លួន​ឱ្យ​គិតពី​បញ្ហា​ក្រៅពី​រឿង​ផែនទី​នោះ គឺ​ចង់​សមាជិក​គណបក្ស​ទាំង​អស់​ មិន​ត្រូវ​ដើរ​តាម​ក្រឡា​ដែល​គណបក្ស​កាន់​អំណាច​គូស​ឱ្យ​និយាយ​តែ​ពី​បញ្ហា​ផែនទី​នោះ​ទេ។ ពោល​គឺ​មិន​ត្រូវ​បង្វែ​ស្ថានការណ៍​ប្រទេស​ឱ្យ​គិតតែ​ពី​បញ្ហា​ផែនទី​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុង​តែ​មើល​មុខ​គ្នា​មិន​ចំ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ