អានតួអត្ថបទ
កម្ពុជា

ក្រុម​សង្គម​ស៊ីវិល​ជាង ៦០ ទាមទារ​ឲ្យ​ស៊ើប​អង្កេត ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ​ករណី​ឃាតកម្ម​លោក កែម ឡី

បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស អឿត អាង ហៅ​ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៥ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ បាន​ទាម​ទារ​ឲ្យ មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ឡើង​វិញ​ជុំវិញ​ឃាតកម្ម​លើ​លោក​កែម ឡី។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា​ការ​ស៊ើប​អង្កេត និង​សវនាការនិង​ការ​ផ្តល់​សក្ខីកម្ម ជុំ​វិញ​ការ​សម្លាប់​លោក កែម ឡី នៅ​មាន​ការ​សង្ស័យ​ជា​ច្រើន ដែល​ពួក​គេ​មិន​អាច​ទទួល​យក​បាន។

លោក​កែម ឡី​អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច។
លោក​កែម ឡី​អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច។ ©soklim/RFI
ផ្សាយពាណិជ្ជកម្ម

កង្វះ​តម្លាភាព​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី នីតិវិធី​ជំនុំ​ជម្រះ​ខ្លី​ពេក និង​ការ​ខក​ខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ​ជុំវិញ​មូល​ហេតុ អ្នក​សម​គំនិត និង​ស្ថានភាព​នៃ​ការ​ចាប់​ខ្លួន អឿត អាង បញ្ហា​ទាំង​អស់​នេះ បង្ក​ជា​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ភាព​ពេញ​លេញ​នៃ​ដំណើរ​ការ​ព្រហ្មទណ្ឌ​លើ​ករណី​មួយ​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​សង្គម​ស៊ីវិល។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ ក្រុម​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ក្នុង​ការ​ស៊ើប​អង្កេត​ពី​ស្ថានភាព​ទាំង​មូល​នៃ​ឃាតកម្ម​នេះ ដើម្បី​ឲ្យ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរជាតិ។ នាយិកាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ស្រី ចក់ សុភាព បាន​លើក​ឡើង​ថា កង្វះ​ខាត​ឯករាជ្យ​នៃ​ការ​ស៊ើប​អង្កេត​បង្កើត​បាន​ជា​វប្បធម៌​និទណ្ឌភាព ដែល​ចេះ​តែ​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ ដូច​ជា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ ដែល​ករណី​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ទំនុក​ចិត្ត​ជា​បន្ត​ទៀត​លើ​ស្ថាប័ន​នានា​នោះ។

ជាមួយ​គ្នា​នេះ លោក​ស្រី ណាលី ពីឡូក នាយិកា​រង​អង្គការ​លីកាដូ ក៏​បាន​កត់​សម្គាល់​ដែរ​ថា ការ​ស៊ើប​អង្កេត​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ហើយ​សវនាការ​ជំនុំ​ជម្រះ​នេះ គឺ​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច។ លោក​ស្រី​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ លើ​ករណី​លោក កែម ឡី ដែល​នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់ ក្នុង​ការ​ស្វែង​រក​ឲ្យ​បាន​នូវ​យុត្តិធម៌​ដល់​គ្រួសារ និង​មិត្តភ័ក្តិ​របស់​ជន​រង​គ្រោះ។

សូម​រំលឹក​ថា អឿត អាង ហៅ​ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១០​ខែ​កក្កដា ឆ្នាំ​ទៅ បន្ទាប់​ពី​មាន​ការ​អះអាង​ថា​បាន​បាញ់​សម្លាប់​លោក​កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី នៅ​ក្នុង​ហាង​កាហ្វេ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​បូក​គោ។ សំណុំ​រឿង​ឃាតកម្ម​នេះ ត្រូវ​បាន​បិទ​ការ​ស៊ើប​អង្កេត​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៦ ដោយ​មាន​ជន​សង្ស័យ​តែ​ម្នាក់​គត់​ឈ្មោះ​អឿត អាង​នេះ។ នៅ​ថ្ងៃ​ទី ១​ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ លើ​ករណី​នេះ​ ដោយ​ចោទ​ប្រកាន់ ជួប សម្លាប់ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​លើ​លោក​កែម ឡី និង​បទ​កាន់​អាវុធ​ខុស​ច្បាប់​តាម​មាត្រា ២០០​និង​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ