អានតួអត្ថបទ
កម្ពុជា

អ្នក​ចូល​រួម​​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ ដង្ហោយ​រក​យុត្តិធម៌ជូន​​​លោក​បណ្ឌិត​កែម ឡី

ថ្ងៃ​សៅរ៍​នេះ គឺ​ជា​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​របស់​លោកបណ្ឌិត កែម ឡី អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម​។ ពិធី​បុណ្យ​នៅ​ថ្ងៃ​នេះ ប្រព្រឹត្តដោយ​មាន​វត្តមាន​ប្រជាពលរដ្ឋ​ចូល​រួម​​កុះករ​ជាង​ថ្ងៃ​ម្សិលមិញ។ ក្រៅពី​ប្រជាពលរដ្ឋ ក៏​មាន​ផង​ដែរ​ការ​អញ្ជើញ​ចូល​រួម​របស់​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ប្រជាពលរដ្ឋ​ចូល​រួម​ពិធី​បុណ្យ​គម្រប់​១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី ផ្ដិត​យក​រូប​ថត​សកម្មភាព​របស់​លោក ដែល​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ ថ្ងៃ​ទី​១៥ តុលា ២០១៦
ប្រជាពលរដ្ឋ​ចូល​រួម​ពិធី​បុណ្យ​គម្រប់​១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី ផ្ដិត​យក​រូប​ថត​សកម្មភាព​របស់​លោក ដែល​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ ថ្ងៃ​ទី​១៥ តុលា ២០១៦ ទំព័រ​ហ្វេសប៊ុក​លោក កែម ឡី
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​គ្មាន​វត្តមាន​ភរិយា​និង​កូន​លោក កែម ឡី តែ​ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី​១៥​តុលា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​មក​ពីគ្រប់​ទិសទី បាន​អញ្ជើញ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​វត្ត​ពោធិយារាម ហៅ​វត្តចាស់ នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ របស់​លោក​បណ្ឌិត កែម ឡី។ ជា​ពិធី​បែប​សាសនា ដែល​រួម​មាន​ទាំង​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ផង​ដែរ​នៅ​ពេល​ព្រឹក​​​។ គួរ​រំលឹក​ថា លោក​កែម ឡី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​វាគ្មិន​ដ៏​មាន​ថ្វី​មាត់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ឈាម​ត្រជាក់ បាញ់​សម្លាប់​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​កន្លង​ទៅ​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​ប្រជាពលរដ្ឋ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក៏​បាន​អញ្ជើញ​ទៅចូល​រួម​ពិធី​សាសនា​នេះ​​ផង​ដែរ​។ តាម​រយៈលោក​ស្រី រ៉ូណា ស្មីត ប្រជាពលរដ្ឋ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​បុណ្យ បាន​ដង្ហោយ​ឲ្យ​លោក​ស្រី​ធ្វើ​យ៉ាង​ណា​ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី​។ យុត្តិធម៌​សម្រាប់លោក កែម ឡី ដែល​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​ងងឹត​ឈឹង​គ្មាន​ពន្លឺ បើ​ទោះ​បី​ជា​តុលាការ​បាន​ដំណើរការ​សួរ​ចម្លើយខ្មាន់​កាំភ្លើង ជួប សម្លាប់ ជា​បន្ត​បន្ទាប់​ហើយ​ក៏​ដោយ​។

ការ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​របស់​លោក​បណ្ឌិត កែម ឡី មិន​មែន​គ្រាន់​តែ​ដើម្បី​ធ្វើ​បុណ្យ​តាម​ពិធី​បែប​សាសនា ឧទ្ទិស​កុសល​ជូន​លោក​ប៉ុនណោះ​ទេ អ្នក​ចូល​រួម​ក៏​បាន​រំឭក​ឡើង​វិញ​អំពី​ស្នាដៃ និង សកម្មភាព​ដែល​លោក​កែម ឡី លះបង់​ដើម្បី​សង្គម​ជាតិ​កម្ពុជា​ផង​ដែរ​។ រូប​ថត​រាប់​រយ​សន្លឹក ត្រូវ​បាន​ដាក់​បង្ហាញ ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ពិធី​បុណ្យ​នឹក​ស្រណោះ​ដល់​សម្ដី កាយ​វិការ និង​ស្នាម​ញញឹម​ដ៏​ស្រស់​របស់​អ្នក​វិភាគ​សម្ដី​ត្រង់​ លោក កែម ឡី​។ ចំណែក​ក្រុម​និស្សិត​ដែល​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​លោក កែម ឡី ក៏​បាន​នាំ​យក​សៀវភៅ​ពីរ​ចំណង​ជើង គឺ សៀវភៅ​ «កែម ឡីអ្នក​រូត​វាំងនន​សង្គម» និង​សៀវភៅ​ «កម្រង​ទស្សនសង្គម​និង​នយោបាយ​» មក​ចែក​ជូន​ដល់​អ្នក​ចូល​រួម​ពិធី​បុណ្យ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ